ព័ត៌មានសិល្បៈ និងកម្សាន្ត

ខេមរៈ សិរីមន្ត-សុខ ពិសី ស្ងាត់ៗ ឡើងឆាកតន្ត្រីអន្តរជាតិលើកទី២

ទើបតែមានឱកាសឡើងច្រៀងរួមគ្នាប៉ះជាមួយតារាល្បីថៃក្រោមការរៀបចំរបស់ប៉ុស្ដិ៍លេខ៥កាលពីថ្ងៃមុនសោះ នៅថ្ងៃទី១៦ធ្នូនេះ លោកខេមរៈ សិរីមន្ត និងតារាចម្រៀងសុខ ពិសី ត្រូវបានប្រកាសថានឹងឡើងច្រៀងជាថ្មីម្ដងទៀតនៅលើឆាកតន្ត្រីជាលក្ខណៈអន្តរជាតិដែលមានចម្រុះដោយតារាខ្មែរ និងថៃទៀតហើយ។

ការប៉ះគ្នាលើកនេះ ត្រូវគេឃើញប៉ុស្ដិ៍លេខ៥ប្ដូរពីសាលតន្ត្រីនៅជ្រោយចង្វារ មកធ្វើនៅស្ដាតអូឡាំពិក ដោយសរតែយល់ថាអ្នកគាំទ្រពួកគេនឹងកុះករនោះផង។
លោកហួង តារាមុន្នី អ្នករៀបចំការប្រគំតន្រ្តី”ខ្មែរញញឹម”បានអះអាងថា ដោយសារតែការប្រគំតន្ត្រីមួយនេះមានអ្នកទស្សនាកកកុញគ្រប់លើកតាំងពីបានដំណើរការ ទើបក្រុមការងារ សម្រេចប្ដូរមកធ្វើនៅនៅស្ដាតអូឡាំពិកវិញ។ កម្មវិធីនេះលោកថានឹងតម្រូវរៀងរាល់មួយខែម្ដង ដោយបានប្រកាសធ្វើឡើងរៀងរាល់ដើមខែនីមួយ ប៉ុន្តែមានការប្រែប្រួល២ខែចុងក្រោយ។

លោកថាកាលពីវិច្ឆិកា កម្មវិធីត្រូវមកធ្វើនៅចុងខែដោយសារតែតារាចម្រៀងថៃសុំពេលកាន់ទុក្ខព្រះមហាក្សត្រថៃ ហើយនៅខែធ្នូនេះដោយសារតែអំឡុងចុងខែជារដូវបុណ្យណូអែល ទើបលើកមកធ្វើនៅថ្ងៃទី១៦ធ្នូនេះតែម្ដង។ លោកថាផលិតករថៃដែលជាចាត់ចែងចំណាយលើកម្មវិធីនេះ ជាអ្នកសម្រេចជ្រើសយកលោកខេមរៈ សិរីមន្ត និងកញ្ញាសុខ ពិសី ឲ្យឡើងឆាកតន្ត្រីជាលក្ខណៈអន្តរជាតិនេះ ទើបតារាទាំងពីរបានឡើងជាថ្មី ដោយវត្តមានរបស់ពួកគេគឺប៉ះតារាល្បីមកពីប្រទេសថៃគឺកញ្ញា ខៈនំជីន និង ក្រុមតន្រ្តី ហ្រ្វេម ដែលមានប្រជាប្រិយភាពខ្លាំងក្លានៅក្នុងប្រទេសថៃ។

លោកថាលោកខេមរៈ សិរីមន្ត និងសុខ ពិសី ឡើងឆាកលើកមុនមានសន្ទុះពីអ្នកទស្សនា ទើបសម្រេចឲ្យបើកកម្មវិធីនៅថ្ងៃទី១៦ធ្នូនេះ នៅទីតាំងថ្មីគឺស្ដាតអូឡាំពិកតែម្ដង។ លោករំពឹងយ៉ាងខ្លំាងថាតារាកម្ពុជាទាំងពីរ និងថៃនឹងធ្វើឲ្យកក្រើកព្រឹត្តិការណ៍តន្ត្រី«ខ្មែរញញឹម»ដោយសារតែលោកបញ្ជាក់ថានេះជាតន្ត្រីមួយខែម្ដងតែមួយគត់ ដែលខាងប៉ុស្ដិ៍លេខ៥ចំណាយទុនខ្ពស់ជួលតារាចម្រៀងលំដាប់កំពូលនៅក្នុងប្រទេសកម្ពុជា និងថៃឲ្យមានឱកាសប៉ះគ្នា ដែលលោកចាត់ទុកថានោះជាឆាកតន្ត្រីអន្តរជាតិដែលមានការចាប់អារម្មណ៍ភាគច្រើន៕

មតិយោបល់