ព័ត៌មានជាតិ

បើករថយន្តត្រឡប់មកពីជូនសង្សារទៅផ្ទះ បុកម៉ូតូស្កូបពី នារីម្នាក់របួសធ្ងន់

ភ្នំពេញៈ នារីម្នាក់រងរបួសធ្ងន់ដាច់សាច់ភ្លៅ ខណៈដែលត្រូវរថយន្តម៉ាក Accent បុកយ៉ាងពេញទំហឹង រួចរថយន្តបង្កព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចដេញតាមចាប់បាន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានប្រទះឃើញរថយន្តមួយគ្រឿងម៉ាក Accent ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-3030 បើកបរដោយយុវជនម្នាក់ តាមបណ្ដោយផ្លូវ សុធារស សំដៅមកវិមានឯករាជ្យ ដោយឃើញរថយន្តនោះ បើកបរក្នុងស្ថានភាពរងការខូចខាតកំពិតក្បាលរថយន្តខាងមុខ ហាក់បីដូចជាបុកអ្វីម៉្យាង ថែមទាំងឃើញ កងរាជអាវុធហត្ថ២ម៉ូតូ ជិះប្រដេញតាមរថយន្តខាងលើ ឃើញដូចនោះក៏មានប្រជាពលរដ្ឋដេញតាមពីក្រោយផងដែរ រហូតមកដល់រង្វង់មូលវិមានឯករាជ្យ កងរាជអាវុធហត្ថ បានធ្វើការបកក្រោយ ទើបបងប្រុសម្នាក់ដែលជិះដេញពីក្រោយដែលនោះ ចាប់ហ្វ្រាំងមិនទាន់ក៏បុកជាមួយនឹងម៉ូតូ កងរាជអាវុធហត្ថ បណ្ដាលឲ្យកងរាជអាវុធហត្ថរងរបួស២នាក់ ម្នាក់ត្រូវជើងដើរពុំរួច ។

ប៉ុន្តែយ៉ាងណាក្ដីអាវុធហត្ថមិនបង្អង់យូរបានប្រញាប់លើកម៉ូតូប្រដេញរថយន្តបង្ក
ខាងលើ ក្រោយពីដឹងថា រថយន្តខាងលើនេះ បានបុកនារីម្នាក់ជិះម៉ូតូ ម៉ាក ស្កូបពី ពណ៌ស ដែលមានពាក់ស្លាកលេខ កណ្ដាល 1S-7122 បណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់រហែកសាច់ផ្លូវ ត្រូវបានគេបញ្ជូនតាមរថយន្តសាមុយដឹកយកទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ។ ចំណែករថយន្តបង្កត្រូវចាប់បាន នៅមុខក្រសួងមហាផ្ទៃ រីឯអ្នកបើកបរត្រូវបានកម្លាំងមានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីពិនិត្យរកជាតិអាកុល។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់ជាតិអាល់កុល ឃើញថាម្ចាស់
រថយន្តបង្ករូបនោះ ពុំបានពិសារគ្រឿងស្រវឹងនោះទេ ហើយម្ចាស់រថយន្តបង្ក
បានបញ្ជាក់ថា មូលហេតុដែលខ្លួនបើករថយន្តរត់គេចព្រោះខ្លាចប្រជាពលរដ្ឋ
ដេញតាមវាយខ្លួន ទើបសមត្ថកិច្ចកសាងសុំណុំបែបបទ ដើម្បីឲ្យម្ចាស់រថយន្តបង្កខាងលើធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់តែម្តង៕

មតិយោបល់