កាលពីល្ងាចថ្ងៃទី១៤ ធ្នូ គេឃើញតារាចម្រៀងល្បីៗប្រចាំហង្សមាស៥ដួង បានចេញមុខគៀរគរអ្នកគាំទ្ររបស់ខ្លួន និងតារាសិល្បៈមួយចំនួនទៅទស្សនារឿង«វិកលចរឹត»នៅផ្សារទំនើបទួលគោល។
ជាមួយនឹងការបង្ហាញវត្តមានជុំគ្នាដ៏កម្រជាមួយអ្នកគាំទ្ររៀងខ្លួន តារាទំាង៥ក៏បានបន្តអំពាវនាវអោយមានការគាំទ្រកាន់តែខ្លាំងថែមទៀតជាមួយនឹងស្នាដៃនេះផងដែរ។
លោកនៅ ស៊ីនឿន បានអះអាងថាក្រោយពីលោក និងតារាហង្សមាស៤ដួងទៀតបានស្ម័គ្រចិត្តជួយរឿង«វិកលចរឹត» ពួកលោកក៏បានបង្ហោះគៀរគរអ្នកគាំទ្ររៀងខ្លួនដើម្បីអោយជួបជុំគ្នាទៅទស្សនារឿងមួយនេះកាលពីល្ងាចថ្ងៃទី១៤ធ្នូ។
លោកថាតារាហង្សមាសទាំង៥ដួងនោះរួមមាន រូបលោក កញ្ញាសួស វីហ្សា កញ្ញាផន ស្រីខួច លោករិន សាវ៉េត និងលោកយក់ ដួងតារា។ ក្រៅពីនោះក៏មានតារាសិល្បៈនៅខាងក្រៅផលិតកម្មផ្សេងទៀតផងដែរ ដូចជាលោក ស៊ឹម សោភ័ណ្ឌ កញ្ញាគង់ ច័ន្ទរដ្ឋា និងតារាៗជាមិត្តភ័ក្ត្រមួយចំនួនទៀត។ លោកថាទាំងលោក និងតារាទាំងអស់ សុទ្ធតែបានគៀរគរអ្នកគាំទ្រ ឬហ្វេសរៀងខ្លួនឲ្យទៅទស្សនារឿងនេះ ដើម្បីជាការជួបជុំហ្វេនផង និងជាការបំផុសឲ្យមានចលនាទៅទស្សនារឿង«វិកលចរឹត»ឲ្យបានខ្លាំងផង។ លោកនិយាយថា«ខ្ញុំចាត់ទុកថានេះជាលើកទី១ដែលពួកយើងនៅហង្សមាសទាំង៥រូបបានជួយដល់រឿង«វិកលចរឹត» ដោយមុនទៅទស្សនាគឺពួកយើងប្រកាសគៀរគរហ្វេននៅហ្វេសប៊ុក ហើយយើងឃើញថាពួកគាត់ទៅច្រើនគួរសមថ្ងៃនោះ តែក្រៅពីពួកយើងទាំង៥ តារានៅក្រៅផលិតកម្មផ្សេងទៀត ក៏គាត់បានទៅមើលរឿងហ្នឹងជាមួយពួកយើង និងបានគៀរគរហ្វេសពួកគាត់ទៅជួយចឹងដែរ!»។ លោកថាសប្បាយចិត្តដែលតារាសិល្បៈចាប់ផ្ដើមចេះសាមគ្គីគ្នា ហើយអ្វីដែលលោកចង់ធ្វើគឺចង់ជំរុញឲ្យរឿង«វិកលចរឹត»ដែលត្រូវបានផលិតឡើងយ៉ាងល្អ មានការគាំទ្រកុំឲ្យផលិតករខាតដើម។
លោកហ៊ុយ យ៉ាងលេង ជាអ្នកផលិតរឿង«វិកលចរឹត»បានអះអាងថាចលនាគៀរគរហ្វេន និងការជួបជុំរបស់តារាសិល្បៈទៅទស្សនាខ្សែរឿងរបស់លោក មិនត្រឹមតែជាការលើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបំផុសមួយដ៏ធំដើម្បីឲ្យយុវវ័យប្ដូរទស្សនៈពីការជក់ចិត្តនឹងរឿងបរទេសនៅតាមរោងកុន ងាកមកទស្សនាខ្សែរឿងល្អៗរបស់ផលិតករខ្មែរផងដែរ។
លោកថាខ្លួនមានតែម្រាមដៃ១០ និងការអរគុណប៉ុណ្ណោះចំពោះទឹកចិត្តរបស់តារាចម្រៀងហង្សមាសទាំង៥ និងតារាសិល្បៈទាំងអស់ ដែលបានបំផុសឲ្យមានចលនាទៅទស្សនារឿងរបស់លោកដែលអាចឲ្យលោកមើលឃើញពីពន្លឺស្រង់ដើមមកវិញ។ យ៉ាងណាមិញ លោកនៅតែទទូចឲ្យមានការគាំទ្រចំពោះខ្សែរឿងរបស់លោកបន្ថែមទៀតដោយលោកបញ្ជាក់មានតែការបំផុស និងការចូលរួមរបស់តារាសិល្បៈប៉ុណ្ណោះ ទើបធ្វើឲ្យផលិតករខ្មែរមានទឹកចិត្តបន្តចំណាយដើមទុនផលិតរឿងប្រកួតប្រជែងនៅលើទីផ្សារ៕
មតិយោបល់