ព័ត៌មានសិល្បៈ និងកម្សាន្ត

យ៉ាន លីនដា មកកម្ពុជា ក្ដោបការងារសិល្បៈណែនដៃ

ការបង្ហាញខ្លួនរបស់អ្នកនាងយ៉ាន លីនដា អតីតភរិយារបស់លោកយ៉ែម សំអូន នៅក្នុងប្រទេសកម្ពុជាក្នុងប៉ុន្មានថ្ងៃនេះ ធ្វើឲ្យម្នាក់ៗភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែអ្នកនាងមិនត្រឹមតែហ៊ានចុះមកកម្ពុជាក្នុងពេលទំនាស់ស្នេហ៍ផ្លូវច្បាប់រវាងអ្នកនាង និងលោកយ៉ែម សំអូន ទាន់ដាច់ស្រេចប៉ុណ្ណោះទេ គឺអ្នកនាងថែមទាំងឡើងបង្ហាញមុខច្រៀងរាំយ៉ាងរំភើយនោះផង។

អ្នកនាងថាខ្លួនមកលេងកម្ពុជាលើកនេះ ការងារសិល្បៈសម្រុកមកឲ្យរដឹកតែម្ដង ទើបអ្នកនាងយល់ថាខ្លួននៅតែមានការគាំទ្រខ្ពស់។
អ្នកនាង យ៉ាន លីនដា និយាយថាអ្នកនាងមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី៤ ធ្នូ ដោយអ្នកនាងចុះមកលើកនេះគឺមានបំណងតែមួយគត់ចង់មកលេងខ្លួនឯង ចង់នាំម្ដាយ និងនាំកូនស្រីមកលេងក្រោយកូនស្រីវ៉ាកងនៅអូស្រ្តាលី។

អ្នកនាងថាខ្លួនមិនមែនមានបំណងនាំកូនស្រីឲ្យមកលេងលោកយ៉ែម សំអូន ជាឪពុកនោះទេ ប៉ុន្តែមកពីម្ដាយរបស់អ្នកនាងនឹកស្រុកខ្មែរ ហើយអ្នកនាងចង់មកលេងមិត្តភ័ក្ត្រក្នុងពិភពសិល្បៈ និងសាច់ញាតិនៅកម្ពុជាផង ទើបអ្នកនាងចុះមក។

អ្នកនាងថាកូនស្រីបានជួបលោកយ៉ែម សំអូន ២ដងហើយតាំងពីបានមកដល់កម្ពុជា ប៉ុន្តែរវាងអ្នកនាង និងអតីតស្វាមីមិនមានការប្រឈមមុខគ្នាណាមួយនោះឡើយ។
អ្នកនាងថាខ្លួនបានទទួលការស្វាគមន៍ពីក្រុមតារាសិល្បៈ ផលិតករ និងម្ចាស់ផលិតផលជាច្រើន ទើបអ្នកនាងបានទទួលការងារឡើងឆាក និងទទួលថតផ្សាយផ្សេងៗជាហូរហែរស្ទើររកពេលសម្រាកមិនបាន។ យ៉ាងណាមិញ អ្នកនាងថាការទទួលការងារសិល្បៈក្នុងដំណើរចុះមក មិនមែនដើម្បីចង់រកលុយ ឬចង់ល្បីជាថ្មីក្នុងពេលអ្នកនាងមិនទាន់សម្រេចចិត្តឈប់នៅប្រទេសអូស្រ្តាលីនោះទេ ប៉ុន្តែមកពីមានការអញ្ជើញពីក្រុមផលិតករ និងម្ចាស់ផលិតផល អ្នកនាងត្រូវតែទទួល។ អ្នកនាងថាមិនទាន់មានបំណងត្រលប់មករស់នៅកម្ពុជានោះទេ បើទោះជាមានសន្ទុះគាំទ្រក្នុងសិល្បៈបែបនេះ។

មកទល់ពេលនេះគេឃើញអ្នកនាងយ៉ាន លីនដា មមាញឹកក្នុងការងារសិល្បៈ ប៉ុន្តែរវាងអ្នកនាង និងលោក យ៉ែម សំអូន មិនទាន់ប្រទះមុខគ្នានៅឡើយទេ។ អ្វីដែលគេកត់សម្គាល់គឺអ្នកនាងកាន់តែស្អាតជាងមុន ដោយទឹកមុខអ្នកនាងក៏មើលទៅស្រស់ស្រាយមិនដូចមុនផងដែរ ក្នុងពេលដែលមនុស្សភាគច្រើនយល់ថាអ្នកនាងមិនហ៊ានប្រឈមមុខនៅកម្ពុជានោះ៕


មតិយោបល់