ព័ត៌មានសិល្បៈ និងកម្សាន្ត

លើកដំបូងតារាចម្រៀង ហួយ មាស ទី២ មាស អាលីស ទទួលសិទ្ធិពីស្ថានទូតអាមេរិក

ថ្វីដ្បិតតែប្រឡូកអាជីពចម្រៀងមិនយូរ ប៉ុន្តែតារាស្រីដែលប្រឡូកក្នុងអាជីពជាពិធីការិនី ហើយក្លាយជាតារាចម្រៀង កញ្ញា មាស អាលីស បានទទួលជោគជ័យក្នុងអាជីពរបស់ខ្លួនយ៉ាងខ្លាំង ដោយក្រៅពីមានមុខឡើងប៉ុស្តិ៍ទូរទស្សន៍មិនសូវលោះពេល នាងក៏បានច្រៀងប្រចាំក្នុងហាងធំមួយយ៉ាងកាលីបផងដែរ ដោយសារតែទឹកដមសម្លេងរបស់នាងស្រដៀងគ្នា អ្នកចម្រៀង អ្នកនាង ហួយ មាស។ នាងក៏ទើបតែត្រូវបានស្ថានទូតអាមេរិក ផ្ដល់សិទ្ធិឲ្យចេញទៅច្រៀងនៅសហរដ្ឋអាមេរិកជាលើកដំបូងនៅចុងខែឧសភា នេះផងដែរ ខណ:ដែលនាងប្រកាសថា សុខចិត្តទម្លាក់ចោលការងារក្នុងស្រុកទាំងអស់ គ្រាន់តែបានដំណឹងជាប់ទៅច្រៀង។

កញ្ញា មាស អាលីស បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងដែលការប្រែខ្លួនធ្វើជាតារាចម្រៀងរបស់នាង ទទួលបានជោគជ័យ ហើយធ្វើឲ្យនាងត្រូវបានបងប្អូនខ្មែររស់នៅប្រទេសអាមេរិក ហើយសំណាងត្រូវបានសម្ភាសន៍ជាប់ទៅទៀត។ កញ្ញាថា ខ្លួនត្រូវបានស្ថានទូតអាមេរិកយល់ព្រមឲ្យទិដ្ឋាការទៅសម្ដែងនៅក្នុងប្រទេសនោះរយ:ពេល៧ខែ ដោយគម្រោងចាកចេញសម្ដែងរបស់នាង គឺនឹងចេញពីប្រទេសកម្ពុជា នៅអំឡុងចុងខែ៥នេះ។ កញ្ញាថានេះជាលើកទី១ ដែលខ្លួនមានឱកាសបានចេញនៅក្នុងប្រទេសមហាអំណាច ដែលតារាភាគច្រើនទទួលបានការអញ្ជើញដូចគ្នា តែសម្ភាសន៍ទៅមិនងាយជាប់។ អ្វីដែលនាងកាន់តែសប្បាយចិត្តទៅទៀត គឺកន្លែងដែលនាងច្រៀងប្រចាំថ្ងៃ បានយល់ព្រមផ្ដល់ច្បាប់ឲ្យនាង៧ខែ ក្នុងពេលដែលនាងព្រលយថា បើត្រលប់មកវិញ កន្លែងច្រៀងប្រចាំថ្ងៃ មិនឲ្យចូលច្រៀង ក៏នាងមិនអាចបោះបង់ឱកាសទៅសម្ដែង៧ខែនៅសហរដ្ឋអាមេរិកនោះដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីបានវិវត្តន៍ខ្លួនពីពិធីការិនីវិទ្យុ មកជាតារាចម្រៀង កញ្ញា មាស អាលីស ទទួលបានការគាំទ្រយ៉ាងខ្លាំងដោយសារតែនាងមានទឹកដមសម្លេងស្ទើរតែដូចគ្នាបេះបិតនឹងតារាចម្រៀង អ្នកនាង ហួយ មាស។ កញ្ញាត្រូវគេឃើញឡើងឆាកទូរទស្សន៍មិនសូវលោះពេលនោះទេ ខណ:ដែលនាងត្រូវគេកត់សម្គាល់ថាលេចធ្លោកាន់តែខ្លាំង ចាប់តាំងពីបានបង្ហាញខ្លួនក្នុងសកម្មភាពសប្បុរសជាមួយគ្រួសារតារាកម្ពុជា៕

មតិយោបល់