ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្រី ថៃពៅ កាន់ពាន Cambodian Idol

បន្ទាប់ពីបញ្ចប់ការប្រឡងកម្មវិធី Cambodian Idol រដូវកាលទី៣ បេក្ខជនដែលបានកាន់ពានបានរកឃើញហើយ គឺបេក្ខជន គ្រី ថៃពៅ មកពីខេត្តកំពង់ចាម បន្ទាប់ពីលោកត្រូវបានគេអះអាងថាទទួលបានសំឡេងសារនាំមុខគេ ហើយមិនមែនជាការកំណត់របស់អ្នករៀបចំកម្មវិធី។

អ្វីដែលគួរឲ្យស្ដាយនោះ បេក្ខនារី២រូប ដែលធ្លាប់ទទួលបានពានពីទូរទស្សន៍អប្សរា សុទ្ធតែធ្លាក់ពីកម្មវិធី ហើយទទួលបានប្រាក់រង្វាន់ក្នុងម្នាក់ ពាន់១ដុល្លារដូចគ្នាបេក្ខនារីបេក្ខជនដែលឡើងមកកាន់៤នាក់ កាលពី២រដូវកាលមុនផងដែរ ដោយគ្រាន់តែខុសគ្នារឿងជម្រើសយក២នាក់ឲ្យប្រឡងបន្ត។

ការប្រឡងដែលបានធ្វើឡើងនៅក្នុងរដូវកាលនេះ មានរូបមន្តខុសប្លែកជាងមុន ដោយបេក្ខជនបេក្ខនារីទាំំង៤រូបដែលបានបកស្រាយបទចម្រៀងផ្ទាល់ខ្លួន និងមួយបទជាមួយគណកម្មការទាំង៤ម្នាក់ម្ដង ប៉ុន្តែនៅពេលប្រកាសលទ្ធផលមិនមែនប្រកាសយកម្ចាស់ពានតែម្ដងនោះទេ គឺតម្រូវឲ្យជ្រើសតែ២នាក់ឲ្យឡើងទៅប្រកួតបន្តទៀត ទើបការប្រកួតមួយនេះ កាន់តែរយាលដល់ពាក់កណ្ដាលអាធ្រាតុកាលពីយប់ថ្ងៃទី៨ មេសា។ ក្រោយការប្រកាសថាបេក្ខជន២រូប គឺសៀក ញញឹម និង គ្រី ថៃពៅ ជាអ្នកមានសំណាងបានឡើងទៅកាន់វគ្គបន្ត អ្នកទាំង២ក៏ត្រូវអ្នករៀបចំកម្មវិធីតម្រូវឲ្យច្រៀងបទចម្រៀង២បទជាប់គ្នាបន្តទៀត ដោយមួយបទគឺចង្វាក់ស្លូ និងមួយបទគឺចង្វាក់ញាក់ ដើម្បីឲ្យអ្នកទស្សនាបោះឆ្នោតបន្តទៀត។ អ៉ីចឹងហើយទើបការប្រកួតមួយនេះ ម្នាក់ៗសម្ដែងការអបអរ បន្ទាប់ពីបេក្ខជន គ្រី ថៃពៅ បានក្លាយជាអ្នកកាន់ពាន និងជាអ្នកក្ដោបក្ដាប់ប្រាក់លានយ៉ាងកាលីបជាងគេ ដែលអ្នកណាៗក៏មើលឃើញថានឹងក្លាយជាតារាល្បីដោយជៀសមិនផុត។

បេក្ខជន គ្រី ថៃពៅ ក្រៅពីទទួលបានឱកាសកុងត្រារយ:ពេល១ឆ្នាំ ក៏ទទួលបានប្រាក់រង្វាន់ចំនួន១៥០លានរៀល ប្រហាក់ប្រហែលនឹង២៥,០០០ដុល្លារ ព្រមជាមួយកិត្តិយសក្នុងនាមជាម្ចាស់ពាន Cambodian Idol ក្នុងរដូវកាលទី៣ផងដែរ។

លោកត្រូវបានគេអះអាងថានឹងចេញបទចម្រៀងជាកម្មសិទ្ធិផ្ទាល់ខ្លួនក្នុងពេលឆាប់ៗ ខណ:ដែលវត្តមានរបស់លោក ក៏នឹងក្លាយជាគ្រាប់ពេជ្រថ្មីរបស់ហង្សមាស ស្របគ្នាដែលតារារបស់ហង្សមាសផ្សេងទៀត ក៏ចុះខ្សោយប្រជាប្រិយភាព ដែលតម្រូវឲ្យហង្សមាសត្រូវយកបេក្ខភាព និងម្ចាស់ពានពីកម្មវិធីលំដាប់អន្តរជាតិមួយនេះ ដើម្បីឲ្យហង្សមាសនៅតែខ្លាំងក្នុងស្រទាប់មហាជន។

គ្រី ថៃពៅ រំភើបចិត្តយ៉ាងខ្លាំងជាមួយនឹងឱកាសកាន់ពាន ដែលអ្នកណាៗក៏មិននឹកស្មាន ក្នុងពេលដែលកម្មវិធីមួយនេះមានសុទ្ធតែបេក្ខជនបេក្ខនារីល្អៗចូលប្រកួត តែក៏ទាមទារឲ្យគេប្រឹងប្រែងឲ្យខ្លាំងដែរ ដោយសារតែបទពិសោធន៍គឺមានរួចមកហើយអ្នកកាន់ពានមួយចំនួនដែលហង្សមាសជម្រើសបាន មិនសុទ្ធតែល្បីខ្លាំងក្លានោះទេ តួយ៉ាងដូចជាតារាចម្រៀងប៊ុត សីហា និង ថែល ថៃ ជាដើម៕

មតិយោបល់