ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ ស្រីម៉ុច ធ្វើឲ្យផ្កាយ២ម្នាក់ ក្តៅស្លឹកត្រចៀក

មួយរយៈចុងក្រោយនេះមានការអះអាងកាន់តែច្រើនថាតារាសម្ដែងរូបស្រស់ កញ្ញា សុខ ស្រីម៉ុច លេងខ្លាំងដាក់មន្ត្រីផ្កាយ២ម្នាក់ បន្ទាប់ពីមន្ត្រីនោះបានទាក់ទងដោយផ្ទាល់ផង និងឲ្យអ្នករត់ការមកទាក់ទងផង ប៉ុន្តែនាងបែរជាច្រានចោលនូវសំណើរសុំចិញ្ចឹម។ មានការព្រលយថាមន្ត្រីផ្កាយ២ម្នាក់នោះ ក្ដៅស្លឹកត្រចៀក ខណៈស្រីស្អាតរូបនេះថាមិនខ្លាច។

ប្រភពពីក្រុមអ្នកចូលចិត្តសម្របសម្រួលតារាៗ ឲ្យស្គាល់មន្ត្រីសំបូរទ្រព្យបានអះអាងថា ក្នុងចំណោមតារាស្រីឡើងកូដនៅក្នុងសិល្បៈ តារាសម្ដែងសុខ ស្រីម៉ុច កំពុងជាប់ឈ្មោះជាតារាលេងប្ញក ដោយសារតែមានមន្ត្រីធំម្នាក់ពាក់ផ្កាយ២សុំចិញ្ចឹមដោយផ្ទាល់មាត់ហើយ នៅតែនាងប្រកែកញ៉ាញ។

មកទល់ពេលនេះមានការព្រលយថាមន្ត្រីផ្កាយ២ដដែលនៅបន្តអន្ទង បើទោះជាគ្មានលទ្ធផលវិជ្ជមាន។ ប្រភពដដែលបន្តថា ក្រៅពីផ្កាយ២ខាងលើ សុខ ស្រីម៉ុច ក៍មានលោកឩកញ៉ាម្នាក់ និងមន្ត្រីផ្កាយ១ម្នាក់តាមអន្ទងណាស់ដែរ ដោយគ្រាន់តែគេមិនទាន់ច្បាស់ថា តើនាងប្រកែកដូចគ្នា ឬសម្ងំទទួលយកស្នេហ៍ពីបុរសទាំងនោះស្ងាត់ៗបាត់ទៅហើយ ទើបនាងធ្វើឲ្យលោកផ្កាយ២ឆេះដុំ។
ស្ត្រីម្នាក់ដែលគេស្គាល់ថាមានទំនាក់ទំនងខ្ពស់ជាមួយអ្នកធំ បានអះអាងថា ក្រោយពី សុខ ស្រីម៉ុច លេងប្ញកដាក់លោកផ្កាយ២ដែលចង់បាននាង គឺលោកផ្កាយ២ម្នាក់នោះកាន់តែប្រឹងបោះនុយទ្វេរដង តែនាងនៅតែ ចិត្តសឿងមិនស្ដាប់សំណើរ។

សុខ ស្រីម៉ុច ទទួលស្គាល់ថា មន្ត្រីផ្កាយ២ម្នាក់ពិតជាតាមដេញដោលរូបនាងប្រាកដមែន តែនាងបដិសេធមិនទទួលនោះទេ ដោយសារតែមន្ត្រីម្នាក់នោះក្រៅពីមានប្រពន្ធកូន ក៍សំបូរស្នេហ៍ណាស់ដែរ។ នាងថាខ្លួនសុខចិត្តត្រដាបត្រដួសក្នុងអាជីពសម្ដែង និងចម្រៀង ដែលនាងគ្រោងចូលប្រឡូកក្នុងផលិតកម្មមួយដែលធានាផលិតបទ Original Song ឲ្យនាង តែបើឲ្យនាងទៅទទួលយកការចិញ្ចឹម ប៉ះចំប្ដីគេ ហើយធ្វើឲ្យនាងប្រឈមការអាម៉ាស់ និងទឹកភ្នែកទៅថ្ងៃក្រោយគឺនាងអត់ទទួលដាច់ខាត។

នាងថាតាំងពីមានឱកាសបង្ហាញមុខមាត់ក្នងខ្សែរឿង និងការសម្ដែងលេចធ្លោនាពេលចុងក្រោយ គឺមានក្រុមម៉ែយ៉ែមច្រើនឡើង បានព្យាយាមរត់ការឲ្យនាងទទួលយការចិញ្ចឹមពីបុរសផ្កាយ២ និងពីក្រុមអ្នកធំ ជាបុរសសំបូរទ្រព្យ។ ក្នុងនោះអ្នកមាន និងអ្នកធំខ្លួនឯង ក៍បានដាក់ខ្លួនមកទាក់ទងនាងដោយផ្ទាល់ផងដែរ តែនាងអត់ហ៑ានប្រថុយព្រោះបុរសសំបូរទ្រព្យ និងមានតំណែងជាប់ខ្លួនទាំងនោះ សុទ្ធតែនាងស៊ើបដឹងថាមានប្រពន្ធ។ នាងនៅតែយល់ថា ខ្លួនកើតជាស្រីស្អាតម្នាក់ មិនគួរជាប់ឈ្មោះជាស្រីយកប្ដីគេនោះទេ ទើបបន្តប្រកាន់ជំហ ហើយមិនខ្វល់ពីរឿងមន្ត្រីផ្កាយ២ ឬ ឩកញ៉ាណាម្នាក់ក្ដៅស្លឹកត្រចៀក។ នាងថាមិនខ្លាចចំពោះសុវត្ថិភាព ក្រោយពីនាងបន្តបដិសេធសំណើរសុំចិញ្ចឹមជាបន្តបន្ទាប់របស់មន្ត្រីដែលទាក់ទងនាងនោះទេ ប៉ុន្តែនាងនឹងដេកភ័យខ្លួនបើនាងជ្រុលជ្រួសទទួលសំណើររបស់មន្ត្រីណាម្នាក់ ហើយបុរសម្នាក់នោះមានប្រពន្ធ មានកូន។

គួរបញ្ជាក់ថា តារាសម្ដែងសុខ ស្រីម៉ុច ត្រូវគេកត់សម្គាល់ថាមានទីផ្សារយ៉ាងខ្លាំង បន្ទាប់ពីបានសម្ដែងក្នុងរឿង”ល្បិចនាយកំសត់” រឿង”ជីវិតនាងរក្សា” រឿង”កម្មលោកី” រឿង”មនុស្សគ្មានតម្លៃ”រឿង”ពន្លកស្នេហ៍ក្បែរជាយដែន”និងរឿង”ស្ដេចកន” ។ អ្វីដែលគេចាប់អារម្មណ៍គឺនាងកាន់តែស្រស់ស្អាត និងឡូយឆាយជាងមុន ទើបក្លាយជាទីផ្សារចាប់អារម្មណ៍ពីក្រុមម៉ែយ៉ែមលាក់មុខ និងពី មន្ត្រីសំបូរទ្រព្យនាពេលចុងក្រោយ។

ស្រីម៉ុច និយាយថានាងកំពុងសប្បាយចិត្តនឹងឱកាសបានសម្ដែងក្នុងរឿង ”កំលោះយំក្រមុំសើច” រឿង” ដួងច័ន្ទ”រឿង”ចំការលាក់ស្នេហ៍”និងរឿង”អំបិល”ក្នុងតំណែងជាតួសំខាន់ ទើបនាងគ្មានអារម្មណ៍ចង់ប្រឡូកប្រឡាក់រឿងស្នេហ៍នៅឡើយ៕

មតិយោបល់