បន្ទាប់ពីបានចេញលក់បទចម្រៀងOriginal Song បានចំនួន៣បទ គេកត់សម្គាល់ថាតារាចម្រៀងលោក គីម ថាណា បានទទួលនូវការចាប់អារម្មណ៍យ៉ាងច្រើន ក្នុងស្រទាប់យុវវ័យលើវិស័យចម្រៀងប្រភេទនិពន្ធថ្មីរបស់លោក។ ជាមួយនឹងការស្ទុះឡើងនេះ លោកបានប្រកាសថាខ្លួននឹងពង្រីកឥទ្ធពល Original Song ឲ្យបានកាន់តែខ្លាំង ដើម្បីឲ្យទីផ្សារសិល្បៈកាន់តែកំរើកឡើងនៅអំឡុងឆ្នាំ២០១៧។
លោកគីម ថាណា តារាចម្រៀងកុងត្រារបស់ផលិតកម្មBN បានថ្លែងក្នុងពិធីខួបកំណើតគម្រប់អាយុ២៦ឆ្នាំ កាលពីយប់ថ្ងៃទី១៨ ធ្នូ ថា ជិតមួយឆ្នាំនៅក្រោមជម្រកផលិតកម្មBN លោកបានចេញបទចម្រៀងចំនួន១០បទហើយ ដោយក្នុងចំណោមនោះ៣បទចុងក្រោយគឺជាប្រភេទOriginal Song ។ លោកប្រកាសចេញច្រៀងតែបទនិពន្ធថ្មីមិនចម្លងពីបរទេសទេស ឬពីបទចាស់ៗក្នុងពេលបន្តបន្ទាប់ ដើម្បីលើកស្ទួយវិស័យចម្រៀងឲ្យមានសន្ទុះ ដើម្បីឆ្លើយតបនឹងការគាំទ្រលើបទ Original Song ដែលមានមហាជនផ្ដោតការចាប់អារម្មណ៍។ លោកថាផលិតកម្មបានត្រៀមបទនិពន្ធថ្មីឲ្យខ្លួនច្រើនបទសម្រាប់វាយលុកទីផ្សារក្នុងឆ្នាំ២០១៧ ទើបលោកជឿថា ទីផ្សារសិល្បៈរបស់ខ្លួននឹងមានកម្រិតឈានឡើងក្រោយបញ្ចប់ពិធីខួបកំណើតលើករាសី។ ក្នុងនោះទីផ្សារឡើងឆាកទូរទស្សន៍ និងចេញច្រៀងក្នុងកម្មវិធីតន្ត្រីខេត្តក្រុងធំៗក៏មានច្រើនផង ទើបលោកកាន់តែប្រាកដចិត្តថាឆ្នាំ២០១៧ នឹងក្លាយជាឆ្នាំដ៏ប្រសើររបស់ខ្លួននៅក្នុងវិថីសិល្បៈ។ លោកថា Original Song របស់លោកសម្រាប់ឆ្នាំថ្មីគឺមានច្រើនបទ ហើយបទមួយចំនួនក៏មានទម្រង់ដូចបទរ៉េប ដើម្បីឲ្យមហាជនប្លែកត្រចៀក។
លោកគីម ថាណា ចាត់ទុកថាពិធីខួបកំណើតដែលលោកធ្វើឡើងជាលើកដំបូងក្រោយប្រឡូកសិល្បៈ មិនខុសពីបើកទំព័រស្វាគមន៍បទOriginal ថ្មីៗរបស់ខ្លួន និងមិនខុសពីបើកទីផ្សារឲ្យកាន់តែមានហុងស៊ុយមុនចេញទៅច្រៀងនៅក្រៅប្រទេស។ លោកថាខ្លួននឹងចេញទៅទ្វីបអឺរ៉ុបនៅអំឡុងខែ៤ ក្នុងឆ្នាំ២០១៧ ទើបលោកប្រឹងសម្រុកបញ្ចេញបទនិពន្ធថ្មីៗនៅដើមឆ្នាំខាងមុខ ដើម្បីឲ្យមុនចេញទៅ គឺលោកមានបទផ្ទាល់ខ្លួនផ្ទុះៗឡើងច្រៀង។ លោកថាប្រធានសមាគមខ្មែរមួយរូបដែលជាអ្នកធានាតារាយកទៅច្រៀងនៅទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក បានអញ្ជើញមកចូលរួមក្នុងពិធីខួបកំណើតរបស់លោក និងបានសន្យាថានឹងរត់ការយកលោកទៅច្រៀងផ្លូវការនៅអំឡុងចូលឆ្នាំខ្មែរខាងមុខ។
ខាងក្រោមនេះជាបទសម្ភាសន៍ និងទិដ្ឋភាពក្នុងពិធីខួបកំណើតរបស់លោក គីម ថាណា កាលពីថ្ងៃទី១៨ ធ្នូ ម្សិលមិញ៖
https://www.youtube.com/watch?v=MXBOXvbIlFU
មតិយោបល់