ព័ត៌មានជាតិ

នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ស្រវឹងបើកបុកឆាកតន្ត្រីក្នុងពិធីបុណ្យចម្រើនព្រះជន្ម ផ្អើលទាំងយប់

ស្ទឹងត្រែងៈ មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃម្នាក់ស្រវឹងជោគជាំ បើក
រថយន្តយ៉ាងលឿន ខណៈពេលដែលមកដល់ចំណុចរង្វង់មូលកងចក្រ ក៏បុកម៉ូតូមួយគ្រឿង រួចជ្រុលទៅបុកឆាកតន្ត្រី ដែលគេលេងក្នុងពិធីបុណ្យចម្រើនព្រះជន្មមួយដែលកំពុងប្រារព្ធធ្វើនៅលើផ្លូវ ផ្អើលអស់អ្នករាំ និងអ្នកចូលរួមបុណ្យ សំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នាទី យប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចជិតរង្វង់មូលកងចក្រ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងតែ្រង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

អ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា រថយន្តបង្កម៉ាកកាម៉ារី គូទហើម ពណ៌សរ ស្លាកលេខ ភ្នំពេញ 2F-7835 ខាងលើនេះ បានបើកយ៉ាងលឿងក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែបុករះម៉ូតូ រួចជ្រុលមកបុកឆាតតន្ត្រីពេញទំហឹងតែម្តង បន្ទាប់ពីគេឃើញអ្នកបើករថយន្ត បានបើកទ្វាររថយន្តចេញមកខាងក្រៅ ទាំងស្ថានភាពស្រវឹងស្រាជោគជាំ និយាយលែងដឹងខុសត្រូវទៅហើយ ដែលត្រូវបានគេស្គាល់ថា ជាមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ឈ្មោះ ខេង សាមឿន ដែលប្រចាំការនៅចំណុចអូរពងមាន់។

ក្រោយពីហេតុការណ៍នេះបានកើតឡើង នគរបាលចរាចរណ៍ បានចុះមកធ្វើការពិនិត្យនិងវាស់ដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្តបង្កខាងលើរួមនិងអ្នកបើកបរ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។

សូមបញ្ជាក់ផងដែរថា កន្លែងធ្វើពិធីខាងលើនេះ គឺគេមានដាក់ផ្លាកសញ្ញាប្រុងប្រយត្ន័ទាំងសងខាង ដើម្បីឲ្យបងប្អូនជាអ្នកធ្វើដំណើរ តាមដងផ្លូវ មានការប្រុងប្រយត្ន័ផងដែរ ប៉ុន្តែករណីខាងលើនេះ គឺកើតឡើងដោយសារតែជាតិស្រាចូលខ្លួន មើលលែងឃើញផ្លាកសញ្ញា ទើបបង្កឲ្យមានរឿងបែបនេះកើតឡើង៕

មតិយោបល់