ក្នុងពិធីបើកសម្ពោធរឿង «សួស្ដីលោកគ្រូកំលោះ» កាលពីយប់ថ្ងៃទី២០ ធ្នូ នៅផ្សារទំនើបស្ទឹងមានជ័យ គេកត់សម្គាល់ថាតារាល្បីៗ ជាតួសំខាន់៣ដួង មិនមានវត្តមាន នៅក្នុងពិធីសម្ពោធនោះទេ។ លោកអ៉ិន ផលិតកររឿងបានអះអាងថា តារាទាំងបីជាប់ភារៈកិច្ចថតរឿង តាមខេត្តមិនអាចមកបាន ទើបត្រូវអវត្តមាននៅថ្ងៃនោះ។
ក្នុងរឿង «សួស្ដីលោកគ្រូកំលោះ» គ្មានអ្នកណាមិនដឹងថានោះទេថា ក្រៅពីតួលោកជា សុណ្ណនរាហ៍ និងសុខ សោម៉ាវត្តី គឺមានតួសំខាន់៣ទៀត រួមមាននាយគ្រឿន នាយពែកមី និងនាងខ្ញុង។ ក្នុងនោះមិនទាន់រាប់បញ្ចូលដល់តួរាយរង គឺតារាកំប្លែងនីឡា ដែលបានរួមសម្ដែងនៅក្នុងរឿងនោះផង។ អ៊ីចឹងហើយទើបម្នាក់ៗមានការចាប់អារម្មណ៍ នៅពេលពិធីសម្ពោធរឿងមួយនេះ មិនមានវត្តមានតារាទាំង៣ ដោយសារតែពួកគេមិនមែនជាតួ បន្ទាប់បន្សំក្នុងរឿង។ ទាំងនាយពែកមី នាយគ្រឿន និងនាងខ្ញុងសុទ្ធតែមិនមានវត្តមាន ក្នុងពេលតួសម្ដែងស្ទើរមិនបាច់ម្នាក់ ក្នុងរឿងសុទ្ធតែបានបង្ហាញមុខ។ ផលិតករបានអះអាងថា លោកសម្ពោធរឿងចំថ្ងៃតារាកំប្លែងទាំង៣ជាប់សម្ដែង ទើបមិនអាចមកបាន តែអ្នកទាំង៣ក៏បានប្រកាសថាខ្លួន ចង់ចូលរួមក្នុងពិធីសម្ពោធនោះដែរ ប៉ុន្តែមកពីមិនអាចមកបានទើបខកខាន។
លោកអ៉ិន ចាងហ្វាងផលិតកម្មមហាហង្ស បានអះអាងថាពិធីសម្ពោធរឿង «សួស្ដីលោកគ្រូកំលោះ» លោកមិនអញ្ជើញតារាកិត្តិយស មកច្រើនពេកទេ ដោយសារទីតាំងដែលខាងរោងកុន ឲ្យលោករៀបចំក៏មិនសូវអំណោយផល។ លោកថាខ្លួនអញ្ជើញតែតារាក្នុងរឿង និងភ្ញៀវកិត្តិយស តិចតួចប៉ុណ្ណោះ ឲ្យចូលរួមកាត់ខ្សែបូ ទើបវត្តមានថ្ងៃបើកសម្ពោធ មិនសូវមានច្រើនកុះករ។ លោកមានការរំពឹងខ្ពស់ថារឿង «សួស្ដីលោកគ្រូកំលោះ» នឹងទទួលជោគជ័យ ដោយសារតែភាពជាក់ស្ដែង គឺរឿងដែលសុខ សោម៉ាវត្តី បានសម្ដែងសុទ្ធតែមានអ្នកទស្សនាកុះករគ្រប់រឿង ដែលនាងបានសម្ដែង។ រឿងនេះលោកផលិតអស់ជាង៤ម៉ឺនដុល្លារ ហើយបើផ្អែកតាមសាច់រឿង និងប្លង់ គឺរឿងមួយនេះត្រូវបានអ្នកទស្សនា ក្នុងពិធីសម្ពោធកោតសរសើរភាគច្រើន ដោយសារតែមានឈុតកំប្លែង និងកំសត់ឡើងហូរទឹកភ្នែកតែម្ដង តាំងពីដើមរឿងដល់ចុងរឿង។ រឿងនេះត្រូវគេមើលឃើញថា មានសាច់រឿងប្រទាក់ក្រឡា និងមានខ្លឹមសារអប់រំខ្ពស់ អ៊ីចឹងហើយទើបលោកអ៉ិន បានយល់ឃើញថានឹងជោគជ័យ ពេញទំហឹងនៅតាមរោងកុន។
ខាងក្រោមនេះ ជាទិដ្ឋភាពរួមក្នុងពិធីសម្ពោធរឿង «សួស្ដីលោកគ្រូកំលោះ» កាលពីយប់ថ្ងៃទី២០ ធ្នូ៖
មតិយោបល់