ព័ត៌មានសិល្បៈ និងកម្សាន្ត

ខាត់ សុឃីម សុំចាញ់សង្គ្រាមជាមួយអ្នកគាំទ្រលោក ខឹម វាសនា

មកទល់ពេលនេះ គេកត់សម្គាល់ថាការវាយប្រហារដោយពាក្យសម្ដីរវាងអ្នកនាង ខាត់ សុឃីម និងអ្នកគាំទ្ររបស់លោកខឹម វាសនា ប្រធានគណបក្ស LDP នៅតែបន្តឡើងកំដៅ បន្ទាប់ពីអ្នកនាងខាត់ សុឃីម បានបង្ហោះសារមួយចំនួនតបតការបង្ហោះសាររបស់លោកឃឹម វាសនា ហើយត្រូវក្រុមអ្នកគាំទ្រលោកខឹម វាសនា ប្រើពាក្យអសុរសសំដៅ។ យ៉ាងណាមិញ អ្នកនាងប្រាប់ថាគឺ សម្រេចសុំចាញ់ ដើម្បីកុំឲ្យមានការប្រមាថបន្តទៀត។

ខាត់ សុឃីម និយាយថា ក្រោយពីអ្នកនាងតបតដោយសំណេរឆ្លើយតបទៅលោកខឹម វាសនា ដែលបានបង្ហោះថាបងប្អូនអ្នកនាងប្រមាថឪពុកខ្លួនថាឆ្កួតព្រោះតែឪពុកអ្នកនាងចូលចិត្ត ស្ដាប់សម្ដីលោកខឹម វាសនាក្នុងវិទ្យុ ក៏មានអ្នកគាំទ្ររបស់មេបក្សនេះជេរប្រមាថនាងកប់ៗមាត់។ ពាក្យសម្ដីអសុរសទាំងនោះ កាន់តែមានទម្ងន់ដោយគ្រាន់តែអ្នកនាងសរសេរបង្ហោះថា«សុំសរសើរដល់អ្នកពូកែជេរ….» និងបានបង្ហោះថា«ជាខ្មែរដូចគ្នាចាំបាច់ជេរគ្នា»។

អ្នកនាង ខាត់ សុឃីម និយាយថាក្រោយរងព្រនុង ព្រោះតែការបកស្រាយរបស់ខ្លួន នាងយល់ឃើញថាវាល្មមដល់ពេលដែលនាងសម្រេចចុះចាញ់ ដោយសារតែក្រុមអ្នកដែលមានបញ្ហាជាមួយអ្នកនាង គឺអ្នកនាងកាន់តែធ្វើការពន្យល់គឺកាន់តែជេរកប់មាត់។ អ្នកនាងនិយាយថា«ខ្ញុំសុំអត់ធ្វើការបកស្រាយរឿងអ្នកជេរនឹងទេ ហើយរឿងពាក់ព័ន្ធលោកខឹម វាសនា ខ្ញុំសុំឈប់ត្រឹមហ្នឹង! ខ្ជិលណាស់ បើហ៊ានតែតបតស្អីហ្នឹង ជេរទៀតហើយ! អ្នកណាក៏ដឹងដែរថាខ្ញុំមិនមែនជាអ្នកនយោបាយទេ ចឹងឈប់តទុកឲ្យអ្នកគាំទ្រគាត់ជេរទៅ ខ្ញុំសុំចប់ ចាញ់គេទៅ!»។ អ្នកនាងថាការប្រមាថរបស់អ្នកគាំទ្រលោកខឹម វាសនាទាំងនោះ គឺជាការដុតកំដៅរូបនាង និងក្រុមគ្រួសារឲ្យមានសតិអារម្មណ៍។

ប៉ុន្តែអ្នកនាងសុខចិត្តឈឺ សុខចិត្តចាញ់ ដោយអត់តបតហើយបន្តឲ្យអ្នកចេញមុខឈ្លោះជាមួយនាងទាំងនោះប្រមាថនាងទៀតទេ។ អ្នកនាងនិយាយថា«ពុកខ្ញុំគាត់ថាគាត់និយាយលេងក្នុងន័យផ្សេងទេ ហើយពួកខ្ញុំក៏អត់មានកូនណាថាឲ្យពុកជាមនុស្សឆ្កួតដោយគ្រាន់តែគាត់ចូលចិត្តលោកខឹម វាសនានោះទេ ខ្ញុំគិត ថាបងប្អូនគាត់ដឹងហើយថាអ្នកណាខុសអ្នកណាត្រូវ ចឹងហើយបានខ្ញុំសម្រេចចិត្តចាញ់ ព្រោះបើនៅតស្អីទៀតអត់ចប់ទេ រឹតតែជេរយើងម្មង!»

អ្នកនាងថាខ្លួនពិបាកទទួលយកការប្រមាថរបស់ក្រុមអ្នកគាំទ្រលោកខឹម វាសនា តែអ្នកនាងមិនធ្វើការតវ៉ាទៀតទេ ដើម្បីបញ្ចប់បញ្ហា។ អ្នកនាងក៏ប្រកាសអរគុណដល់អ្នកគាំទ្រដែលបានសរសេរលើកទឹកចិត្តនាង តបតនឹងការប្រមាថរបស់អ្នកជេរនាងដែលគេស្គាល់ថាជាអ្នកគាំទ្រលោកឃឹម វាសនា នោះផងដែរ៕

មតិយោបល់