ព័ត៌មានសិល្បៈ និងកម្សាន្ត

ដេនី ក្វាន់ អត់ខ្វល់រឿងក្រសួងបិទមិនឲ្យចេញមុខ តាមទូរទស្សន៍

ខណៈដែលក្រសួងវប្បធម៌ ចេញលិខិតផ្លូវការផ្ដល់ជូនបណ្ដាទូរទស្សន៍ទាំងអស់នៅប្រទេសកម្ពុជា ហាមមិនឲ្យតារាសម្ដែងនាងដេនី ក្វាន់ បន្ទាប់ពីប្រតិកម្មរឿងខឹងនាងស៊ិចស៊ីជាថ្មី តារាស្រីរូបនេះបានអះអាងថាអត់ខ្វល់។ យ៉ាងណាមិញ នាងសម្ដែងការខកចិត្តចំពោះវិធានការរបស់ក្រសួង ដោយសារនាងបញ្ជាក់ថាក្នុងពិភពសិល្បៈ មិនមែនអ្នកហ៊ានស៊ិចស៊ីខ្លាំងតែរូបនាងម្នាក់ ។

ដេនី ក្វាន់ និយាយថា ជាមួយនឹងលិខិតប្រកាសបិទរូបនាង មិនឲ្យឡើងប៉ុស្ដិ៍ទូរទស្សន៍ ឬមិនឲ្យចាក់ផ្សាយស្នាដៃរបស់នាង នៅលើកញ្ចក់ទូរទស្សន៍ពី៣ទៅ៥ឆ្នាំ នាងមិនមានសតិអារម្មណ៍នោះទេ ដោយសារតែនាងយល់ថានោះជាសិទ្ធិរបស់ក្រសួង ដែលមិនខុសពីគ្នាសិទ្ធិរបស់នាង ដែលចូលចិត្តស៊ិចស៊ីដូចគ្នា។ នាងថាមិនព្រួយបារម្ភរឿងមិនបានចេញមុខតាមទូរទស្សន៍ ហើយមិនល្បីនោះទេ ដោយសារតែនាងក៏មានការងាររាប់មិនអស់ ដែលមិនពឹងតែលើអាជីពសិល្បៈ។ នាងថានៅក្នុងពិភពសិល្បៈ មានច្រើននាក់ទៀត ដែលបានបញ្ចេញរូបរាងស៊ិចស៊ី ហើយបើក្រសួងប្រកាសបិទតែនាងនោះរូបនាងក៏ទទួលយក។ នាងមិនខ្លាចបាត់បង់ប្រជាប្រិយភាព ព្រោះតែចំណាត់ការនេះទេ ដោយសារតែភាពជាក់ស្ដែងគឺនាងក៏មិនមានល្បីឈ្មោះព្រោះតែបានឡើងប៉ុស្ដិ៍ទូរទស្សន៍តែមួយមុខ។ នាងថាសម្រាប់អ្នកស្រឡាញ់ អ្នកចូលចិត្តគឺប្រាកដជានៅតែចូលចិត្ត តែបើអ្នកមិនចូលចិត្ត គឺទោះជានាងមានឱកាសបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ញឹកញាប់ក៏គង់តែមិនមើល។ នាងថាខ្លួនមានអាជីពផ្ទាល់ខ្លួន មានហាងកែសម្ផស្ស និងអាជីវកម្មលក់គ្រឿងឈើធំដុំ ចឹងនៅបន្ទាប់ពីត្រូវក្រសួងប្រកាស បិទមិនឲ្យចេញមុខតាមកញ្ចក់ទូរទស្សន៍ គឺនាងក៏តែធម្មតា បើទោះមិនមានផលិតករ ឬផលិតករណាមួយទាក់ទងហៅថត។

យោងតាមប្រសាសន៍របស់មន្ត្រីក្រសួងវប្បធម៌ គឺដេនី ក្វាន់ នឹងមិនត្រូវបានអនុញ្ញាតិឲ្យអញ្ជើញនាងឡើងឆាក ឬចាក់ផ្សាយស្នាដៃរបស់នាង នៅលើកញ្ចក់ទូរទស្សន៍ ក្នុងរយៈពេលច្រើនឆ្នាំ។ ក្នុងករណីដែលក្រសួងកត់សម្គាល់ឃើញថា នាងកែប្រែឥរិយាបទនឹងបើក ឲ្យចេញមុខតាមទូរទស្សន៍វិញ នៅអំឡុង៣ឆ្នាំក្រោយ តែបើនៅតែស៊ិចស៊ីនឹងឈានដល់៥ឆ្នាំ ឬអាចបន្តចំណាត់ការ។ យ៉ាងណាមិញ ដេនី ក្វាន់បានអះអាងថាខ្លួនមិនខ្វល់ ចំពោះការប្រកាសនោះទេ ដោយនាងបញ្ជាក់ថា អ្វីដែលនាងចូលចិត្តគឺនាងនៅតែធ្វើ សំខាន់កុំឲ្យតែប៉ះពាល់ដល់ច្បាប់ ៕

មតិយោបល់