ព័ត៌មានសិល្បៈ និងកម្សាន្ត

គឹម លីហ្សា និងប្អូនស្រីទទួលបានពានឆ្នើមនៅប្រទេសថៃ

កាលពីថ្ងៃទី៩ មីនា នៅលើទឹកដីប្រទេសថៃ តារាចម្រៀង និងជាតារាសម្ដែង នៅមានប្រជាប្រិយភាពនៅឡើយ អ្នកនាង គឹម លីហ្សា ត្រូវគេឃើញទទួលបានពានរង្វាន់ឆ្នើមយ៉ាងកាលីប ក្នុងនាមជាអ្នកជំនួញជោគជ័យម្នាក់។ អ្នកនាងក៍បានទាំងដឹកដៃប្អូនស្រី គឺកញ្ញា អេនីយ៉ា ឲ្យទទួលបានកត្តិយសមួយនោះដូចគ្នាផង។

អ្នកនាង គឹម លីហ្សា ដែលចុះពីប្រទេសអូស្រ្តាលី មកសម្ពោធសាខាថ្មីនៅខេត្តស្វាយរៀង តាំងពីដើមខែមីនា បានថ្លែងបញ្ជាក់ថា ហេតុផលដែលអ្នកនាង និងប្អូនស្រីទទួលបានពានរង្វាន់ជាអ្នកដឹកនាំឆ្នើម កាលពីថ្ងៃសិទ្ធិនារី នៅក្នុងប្រទេសថៃនោះ គឺដោយសារតែគណកម្មការដែលរៀបចំព្រឹត្តិការណ៍ បានវាយតម្លៃឃើញថា ក្រុមហ៊ុន Anniya Cosmetics Trading Co.,Ltd របស់អ្នកនាង និងប្អូនស្រី បានក្លាយជាក្រុមហ៊ុននាំចូលផលិតផលម៉ាក Anniya និង Jesse ដែលជាផលិតផលថែរក្សាសម្រស់កម្រិតអន្តរជាតិ កាន់តែរីកធំឡើងនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Anniya Cosmetic បានបើកដំណើការយូរឆ្នាំមកហើយ ប៉ុន្តែក្រោយពេលនាងចេញទៅរស់អូស្ត្រាលី ក៏មានការភ្ជាប់ហ៊ុនជាមួយអ្នកនាងមួយទៀត គឺនាំចូលផ្ដាច់មុខផលិតផលម៉ាក Jesse។ អ៊ីចឹងហើយ ទើបក្នុងពេលក្រុមហ៊ុន ត្រូវបានអញ្ជើញឲ្យទទួលពានជាក្រុមហ៊ុនឆ្នើម រូបនាង និងប្អូនស្រី ជាម្ចាស់ក្រុមហ៊ុន ក៏ទទួលបានពានឆ្នើមដល់ទៅ២ព្រមគ្នា ដោយរូបនាងទទួលបានពានឆ្នើមតំណាងឲ្យផលិតផលម៉ាក Jesse និងប្អូនស្រីរបស់នាងទទួលបានពានឆ្នើមផ្នែកផលិតផលម៉ាក Anniya។ អ្នកនាងថាខ្លួនរំភើបស្ទើរតែឡើងទទួលពានកិត្តិយសនៅក្នុងថ្ងៃនោះមិនបាន ដោយសារតែក្នុងពិធីទាំងមានក្រុមហ៊ុនជោគជ័យៗជាច្រើនបង្ហាញខ្លួន បែរជាជាប់ក្រុមហ៊ុនរបស់អ្នកនាង ហើយចំណែកអ្នកគ្រប់គ្រងមុខជំនួញល្បីៗពីប្រទេសផ្សេង ក្រៅពីថៃក៏ច្រើនរាប់មិនអស់ផងដែរ ដោយមិនសមជាបាន។ អ្នកនាងថា មុខជំនួញនាំចូលផ្ដាច់មុខផលិតផលថែរក្សាសម្រស់របស់ផលិតផលម៉ាកទាំង២នេះ ទទួលបានការគាំទ្រតាំងពីបើកក្រុមហ៊ុននៅកម្ពុជាជាមួយប្អូនស្រី ទើបធ្វើឲ្យក្រុមហុនរបស់អ្នកនាង និងម្ចាស់ភាគហ៊ុនដែលជាអ្នកគ្រប់គ្រងតែម្ដងឈ្នះពានឆ្នើមនាពេលនោះ។

អ្នកនាង គឹម លីហ្សា បន្តថា ពានរង្វាន់នេះ ត្រូវបានទទួលតែប៉ុន្មានថ្ងៃ ក្រោយពីអ្នកនាង និងប្អូនស្រីប្រកាសបើកការចែកចាយនៅខេត្តស្វាយរៀង កាលពីពេលថ្មីៗ ដោយការដឹកនាំកម្មវិធីប្រកាសបើកដោយមានក្រុមកំប្លែងយ៉េយ៉េ លោក ម៉ាដូណា និងក្រុមចម្រៀងនាពេលនោះ ដែលមានន័យថាចំពេលក្រុមហ៊ុនទើបតែពង្រីកទីផ្សារបានមួយជំហានថ្មី។ អ្នកនាងថាមុខរបរអនឡាញនេះ ធ្វើឲ្យនាងជោគជ័យលើសពីស្មាន ក្នុងពេលដែលអ្នកនាង ក៏មានពេលចុះឡើងពីអូស្ត្រាលី ខុសពីពេលមុនដែលអ្នកនាងរវល់រឿងកូនរវល់ពេញបន្ទុក។ យ៉ាងណាមិញអ្នកនាងប្រកាសថា ដំណើរមកកាន់កម្ពុជាលើកនេះ គឺមកការងារទេ ទើបអ្នកនាងមិនទាន់បានឆ្លៀតឡើងឆាក ស្របគ្នាដែលអ្នកនាងក៏ប្រញាប់ឡើងទៅវិញ៕

មតិយោបល់