ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតCambodian Idol ច័ន្ទឡៃ វលក្ខណ៍ ទទួលសំណាង២ក្នុងពេលតែមួយ

ក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់កាលពីថ្ងៃទី១៩ សីហា ក្នុងពិធីឡើងផ្ទះថ្មីនៅម្ដុំវត្តទួល អតីតបេក្ខភាព Cambodian Idol កញ្ញា ច័ន្ទឡៃ វលក្ខណ៍ បានអះអាងថា នាងសម្រេចគោលដៅ២ហើយ ចាប់តាំងពីនាងបានក្លាយជាតារាចម្រៀងអាជីពម្នាក់ក្នុងរយ:ពេលចុងក្រោយ។ នាងបានទាំងរំពឹងថាគោលដៅដែលខ្លួនសម្រេចនោះ នឹងជួយឲ្យនាងឈានឡើងមួយកម្រិត ទាំងកេរ្តិ៍ឈ្មោះ និងទីផ្សារក្នុងពេលដ៏ខ្លីនោះផង។

កញ្ញា ច័ន្ទឡៃ វលក្ខណ៍ និយាយថា នាងសប្បាយចិត្តយ៉ាងខ្លាំង ដែលនាងបានសម្រេចគោលបំណងធំ២ ដោយទី១បានរួមចំណែកជួយឲ្យឪពុកម្ដាយទិញបានផ្ទះមួយល្វែងនៅម្ដុំវត្តទួលតម្លៃជាង៦ម៉ឺនដុល្លារ ស្របគ្នាដែលគោលដៅទី២ដែលនាងទើបទទួលបានដែរនោះគឺបានក្លាយជាអ្នកចម្រៀងកុងត្រារយ:ពេល១ឆ្នាំ នៅក្នុងផលិតកម្មមួយ។ យ៉ាងណាមិញ នាងថាខ្លួនមិនបានធ្វើពិធីឡើងផ្ទះក្នុងរូបភាពធំដុំទេ ដោយសូម្បីតែតារាសិល្ប: ក៏នាងអញ្ជើញតែផលិតករ និងមិត្តភ័ក្រ្តដែលមានទំនាក់ទំនងជិតស្និទ្ធិនៅក្នុងពិភពចម្រៀងប្រមាណតែ២០រូបប៉ុណ្ណោះ។

នាងថាឱកាសបានក្លាយជាតារាចម្រៀងពេញសិទ្ធិនៅក្នុងផលិតកម្មមួយដែលនាងទើបទទួលបាន និងជួយឲ្យនាងឈានឡើងមួយកម្រិត ជាពិសេសក្នុងពេលដែលបទចម្រៀងផ្ទាល់ខ្លួនរបស់នាងត្រូវបានចេញលក់នៅលើទីផ្សារ ស្របគ្នាដែលនាងក៏មានផ្ទះសម្បែងជ្រកកោណថ្លៃថ្នូរនៅភ្នំពេញលែងលំបាកដូចមុន។ នាងថាគោលដៅទាំងពីរមិនខុសពីកម្លាំងចិត្តក្នុងជីវិត និងធ្វើឲ្យនាងពង្រឹងជំហរបានកាន់តែល្អសម្រាប់ការងារសិល្ប: ដោយលែងខ្វល់ពីអត់បទច្រៀង និងរឿងជីវភាពទៀតទេ ដែលច្បាស់់ណាស់ថាគឺពិតជាងាយជោគជ័យក្នុងសិល្ប:។ ជាក់ស្ដែងនាងទើបតែបានបង្កើតក្រុមរាំផ្ទាល់ខ្លួនដើម្បីពង្រីកទីផ្សារប៉ុណ្ណោះ ដោយរាល់ការឡើងឆាកហើយមិនទាន់មានបទចម្រៀងនៅក្នុងផលិតកម្មកុងត្រាបានចេញនៅឡើយ គឺនាងតែបញ្ចេញក្បាច់រាំដើម្បីឲ្យទាក់ចិត្តមហាជន។

យោងតាមការរៀបរាប់ បទចម្រៀងដែលនាងនឹងចេញនៅក្នុងផលិតកម្មកុងត្រា គឺមាន ២ប្រភេទ ដោយមានទាំងបទពីសម័យដើម និងបទនិពន្ធថ្មី ខណ:ដែលបទទាំងនោះនាងថាផលិតកម្មកំពុងសម្រិតសម្រាំង ដើម្បីឲ្យនាងមានមុខវាយលុកទីផ្សារ។

ក្នុងពិធីឡើងផ្ទះរបស់នាងនាថ្ងៃនោះ គេឃើញមានវត្តមានរបស់តារាចម្រៀងជាអតីតបេក្ខភាព Cambodian Idol ច្រើននាក់បង្ហាញខ្លួន រួមមាន លោក វង្ស ថាណាន់ កញ្ញា សោភា ទេពី កញ្ញា លីន សោម៉ា និងតារាចម្រៀងជាច្រើនរូបទៀត ដែលត្រូវបានគេស្គាល់តាមរយ:ការប្រលងយ៉ាងស្វិតស្វាញជាមួយនាង។ ភ្ញៀវកិត្តយស ដែលមិនមែនជាតារាសិល្ប: ក៏មានវត្តមាននៅក្នុងថ្ងៃនោះច្រើនដែរ ទើបធ្វើឲ្យពិធីរបស់នាងមានភាពអធឹកអធមគួរសម៕

មតិយោបល់