ភ្នំពេញ: មកទល់ពេលនេះ ដំណឹងលែងលះរវាងលោក ប៉ែន ចំរ៉ុង និងភិន សុដាលីស បានក្លាយជាប្រធានបទក្ដៅកាន់តែខ្លាំងនៅលើបណ្ដាញហ្វេសប៊ុក។ យុវ័យស្ទើរគ្រប់មាត់ បានសំណូលពរឲ្យមហាជនបញ្ឈប់ការគាំទ្រចំពោះលោកប៉ែន ចំរ៉ុង ខណៈដែលមនុស្សមួយក្រុមទៀតក៏បានផ្ដាសារភិន សុដាលីស ដោយសារតែនាងមិនស្ដាប់បង្គាប់ចំពោះឪពុកម្ដាយតាំងពីដំបូង។
លូកមាត់នៅក្នុងរឿងនេះ លោកចន ច័ន្ទតារា ដែលជាប្អូនប្រុសតែម្នាក់របស់អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារឲ្យឈប់ធ្វើការវាយតម្លៃទៅលើភាគីម្ខាងៗ និងទទូចឲ្យសុំឲ្យធ្វើការស្វែងយល់ពីឲ្យបានស៊ីជម្រៅជាមុនសិន មុននឹងធ្វើការវាយប្រហារភាគីណាម្នាក់។
លោកបានថ្លែងប្រាប់ Post News បន្ថែមពីលើការបង្ហោះសារថា លោកមិនកាន់ជើងលោកប៉ែន ចំរ៉ុង ឬភិន សុដាលីស នោះទេ ប៉ុន្តែលោកយល់ថា ហេតុផលដែលនាំឲ្យភាគីទាំងពីរឈានដល់ដំណាក់កាលលែងលះ នៅក្នុងកាលៈទេសៈដែលភិន សុដាលីស កំពុងមានផ្ទៃពោះនេះ គឺអាចបណ្ដាលមកពីទំនាស់ស៊ីជម្រៅរបស់ពួកគេគឺមហាជនមិនទាន់ដឹងនៅឡើយ។
លោកបានហៅករណីរបស់ប៉ែន ចំរ៉ុង និងភិន សុដាលីសថា ស្រដៀងគ្នានឹងករណីរបស់បងស្រីលោក ក្នុងពេលដែលនាងបានសម្រចចិត្តលែងលះស្វាមី ហើយក៏ត្រូវមហាជនវាយប្រហារស្ទើរសុះសាច់ថាបងស្រីរបស់ខ្លួនស្រឡាញ់លុយ រួចបោះបង់ចោលគ្រួសារដោយមិនមែនជាការពិតនោះ។
លោកនិយាយថា «សម្រាប់រឿងពួកគាត់ខ្ញុំយល់ថាវាកាន់តែក្ដៅហើយ ដោយសារតែអ្នកជេរបងចំរ៉ុងក៏ច្រើន ហើយអ្នកពេបជ្រាយឲ្យដាលីសក៏ច្រើន ប៉ុន្តែសម្រាប់ខ្ញុំសូមប្រើពាក្យថា «ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនឹង» ចឹងដរាបណាភាគីទាំងសងខាងមិនទាន់សម្រួលចិត្តបង្ហាញពីហេតុផលនៃការលែងលះសូមកុំដាក់កំហុសខាងណាៗ ព្រោះបើការយល់ឃើញនោះត្រឹមត្រូវវាជារឿងមិនអីទេ ប៉ុន្តែបើជាការលើកឡើងនោះវាដូចករណីចោទបងស្រីខ្ញុំវិញ គឺមិនខុសពីការបំផ្លាញមនុស្សម្នាក់នោះទេ ទើបខ្ញុំចង់សុំចិត្តថាកុំទាន់អាលវាយតម្លៃជាមុន!»។
យ៉ាងណាក៏ដោយលោកអះអាងថា លោកមិនកាន់ជើងភាគីលោក ប៉ែន ចំរ៉ុង ឬភិន សុដាលីស នោះទេ ប្រសិនបើការពិតចេញមក គឺបានបង្ហាញភាគីណាមួយខុសមែន។
ការយល់ឃើញរបស់លោកត្រូវគេមើលឃើញស្របគ្នាជាមួយទស្សនៈតារាភាគច្រើន ប៉ុន្តែក៏ផ្ទុយនឹងការយល់ឃើញរបស់មហាជន ដែលបានចោទថាប៉ែន ចំរ៉ុង ជាតារាមិនទទួលខុសត្រូវ ដែលបានលួងលោមនាងភិន សុដាលីស រហូតឲ្យនាងបោះបង់ឪពុកម្ដាយដើម្បីស្នេហា ប៉ុន្តែដល់ពេលភរិយារបស់ខ្លួនមានផ្ទៃពោះជិត៤ខែ ក៏បែរជាបោះបង់ចោល។
មកទល់ពេលនេះ ភិន សុដាលីស នៅតែមិនអាចសុំការបកស្រាយ ខណៈដែលលោកប៉ែន ចំរ៉ុង មិនទទួលយកការសម្ភាសន៍នៅគ្រប់កាលៈទេសៈដោយសូម្បីតែពេលស្កាត់ជួបលោកដោយផ្ទាល់ដល់ឆាក៕
មតិយោបល់