ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមហ៊ុនចិន ស្វែងរកឱកាស វិនិយោគកន្លែងកម្សាន្តលើផ្លូវទឹក និងបណ្តាញដឹកជញ្ជូនផ្លូវគោកនៅកម្ពុជា

ភ្នំពេញៈ នៅក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Xu Jie អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Shanghai Huangpu Cruise Co., Ltd ភាគីក្រុមហ៊ុនចិន បានបង្ហាញអំពីចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសដ៏ល្អ ដើម្បីវិនិយោគកន្លែងកម្សាន្តលើផ្លូវទឹក តាមដងទន្លេមេគង្គ របស់កម្ពុជា។

លោក Xu ថ្លែងនៅក្នុងជំនួបកាលពីថ្ងៃទី៤ ខែឧសភាម្សិលមិញនេះថា ក្រុមហ៊ុនរបស់លោកពិតជាមានចំណាប់អារម្មណ៍យ៉ាងមុតមាំ ចំពោះការស្វែងរកឱកាសអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលពាក់ព័ន្ធនឹងការបង្កើតកន្លែងកម្សាន្តនៅលើផ្លូវទឹករបស់កម្ពុជា នៅតាមដងទន្លេមេគង្គ។

លោកថា នេះជាការចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកក្នុងស្រុក និងបណ្តាញដឹកជញ្ជូនផ្លូវគោក តាមរថយន្ដក្រុងនៅកម្ពុជា។

ជាកិច្ចឆ្លើយតប លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី បានឲ្យដឹងថា លោកគាំទ្រ និងលើកទឹកចិត្តចំពោះក្រុមហ៊ុន Shanghai Huangpu ដែលចាប់អារម្មណ៍លើការរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកនៅកម្ពុជា ហើយលោកស្នើឲ្យក្រុមហ៊ុនធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនេះដើរទៅមុខ។

លោកទេសរដ្ឋមន្រ្តី ក៏បានស្នើឲ្យក្រុមហ៊ុននេះ ពិចារណាលើការផ្ដល់សេវារថយន្ដក្រុងមួយ ដែលប្រកបទៅដោយផាសុខភាព សុវត្ថិភាព និងគុណភាព សម្រាប់ការធ្វើដំណើរចេញពីទីក្រុងទៅកាន់បណ្តាខេត្តនានាផងដែរ៕photo_2016-05-05_08-50-02 (2) photo_2016-05-05_08-50-01 photo_2016-05-05_08-50-02 photo_2016-05-05_08-49-59 photo_2016-05-05_08-49-59 photo_2016-05-05_08-34-07 photo_2016-05-05_08-34-03

 

មតិយោបល់