ព័ត៌មានសិល្បៈ និងកម្សាន្ត

កីឡាករឆ្នើម២រូប បង្ហាញខ្លួនថ្ងៃខួបតារាសម្ដែង នូណា

ក្នុងពិធីខួបកំណើតរបស់តារាសម្ដែងវ័យក្មេងកញ្ញា នូណា ដែលអ្នកសិល្បៈមួយចំនួនហៅថានាងថាស្រីណូ កីឡាករបាល់ទាត់ល្បីឈ្មោះ២រូបបង្ហាញមុខយ៉ាងក្រឡឺមក្នុងពិធីខួបរបស់នាង។ នេះជាការលេចមុខយ៉ាងកម្ររបស់អ្នកទាំងពីរក្នុងពិធីឯកជនរបស់តារាសិល្បៈ បើមិនរាប់បញ្ចូលពិធីជួបជុំតារាសិល្បៈ និងកីឡាករបាល់ទាត់ដែលលោកធ្លាប់បង្ហាញខ្លួន។ អ្វីដែលគេកត់សម្គាល់ គេឃើញអ្នកចាំទីឆ្នើមលោកសូ យ៉ាទី យកប្រពន្ធ និងកូនទៅចូលរួមនោះផង។

កញ្ញា នូណា ម្ចាស់ខួបកំណើតបានអះអាងថាក្នុងចំណោមភ្ញៀវកិត្តិយសដែលនាង អញ្ជើញ ភាគច្រើនជាសាច់ញាតិ និងជាអ្នកតារាសិល្បៈ ដោយតារាសិល្បៈដែលបានចូលរួមក្នុងពិធីខួបរបស់នាងកាលពីយប់ថ្ងៃទី២៤ ធ្នូនោះរួមមាន លោក អ៊ុន សុធា, នាយចឺម, តារាសម្ដែងកញ្ញាម៉ារី, កញ្ញាជេស៊ីកា, កញ្ញាទេព កញ្ញា, កញ្ញាតូច ស្រីពេជ្រ, កញ្ញាចូចូ និងតារាសិល្បៈថ្មីៗជាច្រើនរូបទៀត។ ក្នុងចំណោមតារាសិល្បៈ និងភ្ញៀវកិត្តិយសកុះករដែលមានវត្តមាននាថ្ងៃនោះ នាងថាកីឡាករបាល់ទាត់ល្បីឈ្មោះ២រូប គឺកីឡាករ ចាន់ វឌ្ឍនាកា និង អ្នកចាំទីលោកសូ យ៉ាទី ក៏បានចូលរួម។

នាងថាហេតុផលដែលកីឡាករទាំងពីរបង្ហាញខ្លួនក្នុងពិធីខួបកំណើតរបស់នាង គឺដោយសារតែភរិយារបស់លោកសូ យ៉ាទីជាបងប្អូនជីដូនមួយរបស់ខ្លួន ហើយដោយនាងជាអ្នកគាំទ្ររបស់កីឡាករចាន់ វឌ្ឍនាកា ទើបអញ្ជើញកីឡាកររូបនេះតាមរយៈភរិយារបស់លោកសូ យ៉ាទី ឲ្យចូលរួម។ នាងថាកីឡាករទំាងពីរស្ថិតក្នុងពិធីខួបរបស់នាង ដែលបានរៀបចំនៅវីហ្វ្រេនផ្សារដេប៉ូរហូតដល់ចប់ ទើបញ៉ាំងឲ្យពិធីរបស់នាងមានការចាប់អារម្មណ៍មួយផ្នែក។ តួសម្ដែងដែលគេស្គាល់ភាគច្រើនក្រោយបានសម្ដែងក្នុងរឿង«ស្ទឹងស្នេហា»និងស្នាដៃរឿងមួយចំនួនរូបនេះបន្តថា ពិធីខួបនាយប់នោះគឺគម្រប់២៤ឆ្នាំ និងជាពិធីលើកទី១របស់នាងចាប់តាំងពីនាងបានឈានជើងចូលវិថីសម្ដែងកាលពីឆ្នាំ២០១៤។ នាងថាជាការចាប់អារម្មណ៍ដែលដែលតារាល្បីៗ និងកីឡាករទាំងពីរ មិនប្រកាន់ចំពោះពិធីខួបរបស់នាង ហើយអញ្ជើញចូលរួមមិនមានបាត់ម្នាក់។

កញ្ញានូណា បន្តថាការងារសិល្បៈនាពេលចុងក្រោយមានការរីកចំរើន ទើបនាងសម្រេចចិត្តធ្វើខួបកំណើត ដើម្បីជួបជុំតារាសិល្បៈ និងដើម្បីពង្រីកមុខមាត់។ យ៉ាងណាមិញ នាងថាមិនបាន អញ្ជើញតារាសិល្បៈឲ្យចូលរួមច្រើនតុនោះតែ ដោយសារតែនាងមិនចង់រំខាន និងខ្លាចថាអញ្ជើញច្រើនទទួលមិនដិតដល់។ នាងសម្ដែងអារម្មណ៍សប្បាយរីករាយដែលពិធីខួបកំណើតលើកដំបូងរបស់នាងក្រៅពីមានវត្តមានតារាសិល្បៈល្បីៗ ក៏មានវត្តមានកីឡាករចាន់ វឌ្ឍនាកា និងសូ យ៉ាទី៕

មតិយោបល់