បាត់ដំបង ៖ អនុវត្តតាមយោបល់ដឹកនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដែលមានលោកវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការនគរបាលស្រុក បានសហការជាមួយកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក៨១៧ មានលោកវរសេនីយ៍ឯក ប្រាក់ សាយ ជាមេបញ្ជាការ រួមជាមួយកម្លាំងផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងវរៈសេនតូច៥៣៣ ប្រចាំការតាមមាត់អូរព្រំដែនកម្ពុជា-ថៃ បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋបម្រុងឆ្លងដែនចូលទៅធ្វើការនៅក្នុងប្រទេសថៃខុសច្បាប់ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងបានឃាត់ខ្លួនប្រជាពលរដ្ឋចំនួន ០៨នាក់ ស្រី ០១នាក់ដែល ដែលពួកគាត់រស់នៅក្នុងមូលដ្ឋានស្រុកសំពៅលូនចំនួន០៦នាក់ និងនៅខេត្តបន្ទាយមានជ័យចំនួន ០២នាក់ហើយតម្រូវឱ្យនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។
ចំពោះលទ្ធផលនៃការស្រាវជ្រាវ បានឱ្យដឹងថា ពួកគាត់ទាំង០៨នាក់នេះ ត្រូវបានមេខ្យល់ទាក់ទងតាមទូរស័ព្ទនាំឆ្លងដែនចូលទៅកាន់ប្រទេសថៃដោយខុសច្បាប់ ដោយក្នុងនោះមេខ្យល់ទាមទារតម្លៃឈ្នួលក្នុងម្នាក់ៗតម្លៃ ៧.០០០បាត ប៉ុន្តែសកម្មភាពនេះត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបទប់ស្កាត់បានទាន់ពេលវេលា ។
ករណីដែលសមត្ថកិច្ចអនុវត្តនៅពេលនេះ មិនមានមុខសញ្ញាជាមេខ្យល់ត្រូវបានឃាត់ខ្លួននោះទេ ដែលតាមការបញ្ជាក់ពីសមត្ថកិច្ចថា មនុស្សចំនួន០២នាក់ដែលសង្ស័យថាជាមេខ្យល់ត្រូវបានគេចខ្លួនបាត់ភ្លាមៗ មុនពេលសមត្ថកិច្ចទៅដល់ចំណុចនោះ ។
ទោះជាបែបនេះក្តី សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវចំពោះប្រជាពលករទាំង០៨នាក់នេះ ស្វែងរកសាវតាជាតិរបស់មេខ្យល់ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់នាពេលខាងមុខ ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
មតិយោបល់