ព័ត៌មានសិល្បៈ និងកម្សាន្ត

តួឯកស្រីរឿង«ទឹកភ្នែកកក»ក្លាយជាតួសម្ដែងបាត់បង់សិទ្ធិមិនធ្លាប់មាននៅកម្ពុជា

នៅទីបំផុតតារាស្រីវ័យក្មេងកញ្ញាអេប៊ី ដែលគេស្គាល់ថាជាតួឯកស្រីក្នុងរឿងភាគ «ទឹកភ្នែកកក»ត្រូវបានផលិតករបង្ហើបថា បានក្លាយជាតារាសម្ដែងទី១ ដែលបាត់បង់សិទ្ធិនៅក្នុងពិភពសិល្បៈសម្ដែងទាំងស្រុង បន្ទាប់ពីតារាស្រីរូបនេះ សម្រេចចិត្តកុងត្រា៣ឆ្នាំ ឲ្យផលិតកម្មភាពយន្តមួយមិនធ្លាប់មាន ដែលមានន័យថារាល់ការងារថត និងសម្ដែងទាំងអស់គឺនាងគ្មានសិទ្ធិសម្រេចដោយផ្ទាល់ខ្លួនដូចមុន។ នេះព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយ ខណៈដែលកញ្ញាអេប៊ី ត្រូវគេកត់សម្គាល់ថាមានត្រេមុខទាក់ទាញ ដែលផលិតករភាគច្រើនចង់បាន តែនាងបែរជាត្រូវបាត់សិទ្ធិ លើការងារសិល្បៈក្រៅពីការកំណត់របស់ផលិតកម្ម។

អ្នកនាង ប៊ុន ចាន់និមល ផលិតកររឿង«ទឹកភ្នែកកក»បានទទួលស្គាល់ថាកញ្ញាអេប៊ី ពិតជាបាត់បង់សិទ្ធិមែន បន្ទាប់ពីនាង បានទទួលយកកុងត្រាជាមួយផលិតកម្មសាស្រ្តា រហូតដល់៣ឆ្នាំ អ្នកនាងថាក្នុងពេលដំបូងផលិតកម្មគ្រាន់ តែមានបំណងកំណត់ឲ្យកញ្ញាអេប៊ី ដែលជាតួឯកស្រីក្នុងរឿង «ទឹកភ្នែកកក»កុងត្រាមិនទទួលថតរឿងជាន់គ្នា ក្នុងរយៈពេលដែលរឿងថតមិនទាន់ចប់ប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែនាងសម្ដែងល្អ ហើយមុខមាត់របស់នាងក៏ដូចកូនកាត់មិនពិបាក ក្នុងការលើកស្ទួយជាតួឯកក្នុងពេលបន្តបន្ទាប់ ទើបផលិតកម្មសាស្រ្តាសម្រេចឲ្យនាងកុងត្រា ជាមួយផលិតកម្មផ្ដាច់មុខពេញរយៈពេល៣ឆ្នាំតែម្ដង។ អ្នកនាងថាក្រោយការកុងត្រា កញ្ញាអេប៊ី នឹងបាត់បង់សិទ្ធិទាំងស្រុង ដែលមានន័យថាឲ្យតែពាក់ព័ន្ធនឹងការងារសិល្បៈរួមមានថតស្ពតតូចធំ ថតផ្សាយលើទស្សនាវដ្ដី ការសម្ដែងMV និងការឡើងឆាកទូរទស្សន៍ជាដើម គឺនាងគ្មានទទួលយកទាំងក្នុងរយៈពេលដែលជាប់កុងត្រា៣ឆ្នាំ។ អ្នកនាងថាកញ្ញា អេប៊ី បានទទួលយកលក្ខណ្ឌពីក្រុមហ៊ុន ដោយខាងក្រុមហ៊ុនត្រូវផ្ដល់ប្រាក់ខែឲ្យនាងរាល់ខែរហូតដល់ផុតកុងត្រា ហើយរាល់ពេលដែលនាងចេញសម្ដែង និងចេញថតស្ពត គឺតារាស្រីរូបនេះទទួលបានប្រាក់ចំណូលបន្ថែមជាធម្មតាដូចគ្នាដែលនាងទទួលការងារសិល្បៈពីផលិតករផ្សេងៗដូចគ្នា។ អ្នកនាងអេប៊ី មិនខុសបុគ្គលិករបស់ផលិតកម្មតែអ្វីដែលនាងពិសេសគឺនាងចេញធ្វើការបានលុយបន្ថែម។ អ្នកនាងថានេះជាយុទ្ធសាស្រ្តថ្មីមួយដែលអ្នកនាង ក្នុងនាមជាផលិតករម្នាក់ ចង់បណ្ដុះតារាថ្មីឲ្យមានអត្តសញ្ញាណ ឬហៅថាមានជម្រកផ្ទាល់ខ្លួន ដើម្បីឲ្យកញ្ញាអេប៊ីក្រោយពេលល្បីឈ្មោះគឺអ្នកណាក៍ស្គាល់ថា ជាតារារបស់ផលិតកម្មសាស្រ្តា និងជាតួឯកក្នុងរឿង«ទឹកភ្នែកកក»។ អ្នកនាងថាក្រោយពេលខ្សែរឿងមួយនេះ ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័ន នោះកញ្ញាអេប៊ីនឹងមានទីផ្សារទាក់ទាញ ហើយដោយសារតែអ្នកនាងមិនចង់ឲ្យតួឯករបស់ខ្លួន ក្លាយជាតួប៉ាតណាប៉ាតណី ទើបសម្រេចចិត្តបោះទុន ផ្ដល់ប្រាក់ខែជាប្រចាំហើយចងជើង ឲ្យនៅតែសម្ដែងឲ្យខ្លួន។

អ្នកនាងប៊ុន ចាន់និមល បន្តថា នេះជាលើកទី១ដែលផលិតកម្មក្នុងស្រុកសម្រេចចិត្តកុងត្រា យកតារាសម្ដែងម្នាក់ ឲ្យស៊ីប្រាក់ខែពេញរយៈពេល៣ឆ្នាំ ហើយធានាស្វែងរកការងារឲ្យនាងចេញថតទាំងការថតរឿង និងថតស្ពត ឲ្យនាងល្បីឈ្មោះក្នុងនាមជាអត្តសញ្ញាណរបស់ផលិតកម្ម។ យ៉ាងណាមិញ អ្នកនាងថាលក្ខណ្ឌបែបនេះ អាចធ្វើទៅបានតែសម្រាប់តែផលិតកម្ម ដែលមានសម្មភាពផលិតរឿងខ្លាំងក្លាប៉ុណ្ណោះ៕



មតិយោបល់