ព័ត៌មានសិល្បៈ និងកម្សាន្ត

សួង សុវណ្ណារ៉ា បងស្រីធម៌បណ្ដេញចេញពីខុនដូ

នៅក្នុងពេលនេះមានការបញ្ជាក់ថា ស្ថានភាពសុខភាពរបស់ផលិតករទូរទស្សន៍លោកសួង សុវណ្ណារ៉ា ហៅណារ៉ា នៅតែខ្សោយនោះក៍ព្រោះតែខ្សោះឈាម និងការលេបសារជាតិពុលសម្លាប់ខ្លួនលើសកម្រិត។ ប៉ុន្តែលោកអាចនិយាយបាន និងមានកម្លាំងជាងមុន ដោយលោកទម្លាយហេតុផល នៃការសម្លាប់ខ្លួនជាលើកទី២ គឺបណ្ដាលមកពីបងស្រីធម៌ ដែលលោកចាត់ទុកជាមនុស្សសំខាន់ ក្នុងជីវិតបោះអ៊ីវ៉ាន់លោកចេញពីខុនដូទាំងលោកមិនបានដឹង។ យ៉ាងណាមិញ លោកថាខ្លួនលែងចង់ស្លាប់ទៀតហើយ បន្ទាប់ពីមានតារាសិល្បៈច្រើន ឡើងទៅផ្ដល់កម្លាំងចិត្តដល់មន្ទីរពេទ្យកាល់ម៉ែត្រ ដែលលោកដាច់ខាតត្រូវតែរស់ ហើយត្រលប់មកផលិតកម្មវិធីទូរទស្សន៍ជាថ្មី។

ក្នុងបទសម្ភាសន៍មួយខ្លីកាលពីយប់ថ្ងៃទី២៨ ធ្នូ លោក សួង សុវណ្ណារ៉ាបានអះអាងថាលោកតូចចិត្តពេក​ ពាក់ព័ន្ធនឹងរឿងបងស្រីធម៌ជាម្ចាស់ខុនដូ ដែលលោកជួលរស់នៅរើអ៊ីវ៉ាន់លោកចោល ហើយបិទខុនដូមិនអោយលោកចូលពេលលោកចេញពីពេទ្យ ទើបលោកតុកស៊ិច។ លោកថាស្ថានភាពមួយនេះរូបលោកមិនអាចទទួលបាននោះទេ ក្នុងពេលដែលម្ចាស់ខុនដូ មិនខុសពីបងស្រីរបស់លោក មិនខុសពីម្ដាយ ដែលលោកគោរពស្រឡាញ់បំផុតនៅក្នុងជីវិត។ លោកអស់សង្ឃឹម ដែលចេញពីពេទ្យស្រាប់តែត្រូវបងស្រីធម៌ ធ្វើដាក់លោកបែបនោះ ដែលលោកមិនគិតស្មានដល់។ មកទល់ពេលនេះលោកថាស្ថានភាពដៃរបស់លោកមានសភាពហើម ខណៈដែលស្នាមអារមួយចំនួន គឺមានសភាពជ្រៅប៉ះដល់សរសៃធំ តែគ្រូពេទ្យថាលោកនឹងមិនដល់ថ្នាក់ពិកាឡើយ។ លោកមានអារម្មណ៍សប្បាយចិត្ត បន្ទាប់ពីតារាសិល្បៈជាច្រើនមកផ្ដល់កម្លាំងចិត្តអោយលោកដល់ពេទ្យ។ លោកនិយាយថា «ពេលហ្នឹងខ្ញុំថាអ្នកផ្សេងក្រៅពីខ្ញុំក៏មានសតិអារម្មណ៍ដែរ ដែលមនុស្សយើងគោរពយើងស្រឡាញ់រើឥវ៉ាន់យើងចោល ក្នុងពេលដែលយើងត្រូវការកម្លាំងចិត្តពីគាត់! គាត់គួរតែរង់ចាំអោយខ្ញុំរើចេញដោយខ្លួនឯង បើគាត់មិនឈឺឆ្អាលខ្ញុំរឿងខ្ញុំសម្លាប់ខ្លួននឹងទេ តែលូវខ្ញុំដឹងហើយថាអ្នកណាស្រឡាញ់ខ្ញុំពិតប្រាកដនៅពេលមានរឿងចឹង!»

គួរបញ្ជាក់ថាលោកសួង សុវណ្ណារ៉ា គឺជាស្ថាបនិក និងជាអ្នកដឹកនាំកម្មវិធី«នេះមិនមែនជាសុបិន្ត» របស់ទូរទស្សន៍បាយ័ន និងក្រោយមកលោកក៏ក្លាយជាអ្នកផលិតកម្ម ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងកម្មវិធីសុខភាព និងកម្មវិធីសម្រស់ដែលជាកម្មវិធីទិញម៉ោងនៅទូរទស្សន៍បាយ័នCTV8HD និងនៅCTN នាពេលចុងក្រោយ។ លោកត្រូវគេស្គាល់យូរមកហើយថា ជាផលិតករវ័យក្មេង ដែលច្បាស់លាស់រឿងពេលវេលា និងមានស្នាដៃរាប់មិនអស់ ក្នុងការលើកស្ទួយសិល្បករសិល្បការិនី អោយក្លាយជាតារាល្បី។ លោកក៏ជាអ្នកនាំចូលផលិតកែសម្រស់មួយប្រភេទយីហោ Tiara ដ៏ល្បីឈ្មោះផងដែរ។ លោកក៏ត្រូវគេឃើញលេចធ្លោផងដែរ ក្នុងសប្បុធម៌ ដោយក្រៅពីចេញមុខបរិច្ចាគថវិកាផ្ទាល់ខ្លួន លោកក៏ដឹកនាំតារាសិល្បៈល្បីៗអោយធ្វើសកម្មភាពចែករំលែកក្ដីស្រឡាញ់ដល់ក្មេងកំព្រា និងជនទុរគត ទើបជារឿងសោកស្ដាយប្រសិនបើផលិតកររូបនេះ បាត់បង់ជីវិតព្រោះតែរឿងគិតខ្លី។ លោកសួង សុវណ្ណារ៉ា បញ្ជាក់ថាក្រោយការពន្យល់ និងលើកទឹកចិត្តពីតារាសិល្បៈ លោកឈប់ចង់ស្លាប់ទៀតហើយ។ លោកប្រកាសថានឹងត្រលប់ទៅដឹកនាំកម្មវិធី ដែលលោកបង្កើតឡើង អោយមាននិរន្តភាព ដើម្បីបង្ហាញថាលោកមិនអាចបរាជ័យ ព្រោះតែការបំបាក់ទឹកចិត្តពីសំណាក់មនុស្សដែលធ្វើទុក្ខបុកម្នេញ ដល់ខ្លួនទាំងនោះបានទេ៕

មតិយោបល់