ម៉ូតូ២គ្រឿង ប្រលះគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បន្ទាប់ពីម៉ូតូមួយគ្រឿងបើកឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ ត្រូវម៉ូតូមួយគ្រឿងបុកពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទី យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចកែងផ្សារទំនើបឡាក់គី តាមបណ្តោយផ្លូវជាតិលេខ២១ កែងផ្លូវលេខ១០៨ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះទាំង៣នាក់ ទី១មានឈ្មោះ ស៊ាន ប៉ុន ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ ជនរងគ្រោះទី២ឈ្មោះ ព្រឹក ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិជ្រែ ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ និងជនរងគ្រោះទី៣ឈ្មោះ នាង វុទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ ភូមិភ្នា ឃុំភ្នា ស្រុកសំរោង ខេត្តតាកែវ រងរបួសធ្ងន់។អ្នកទាំង៣នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តស៊ីរ៉ែនរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ1AP-2619 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចមកកើត រួចបត់ឆ្វេងឆ្លងផ្លូវទៅទិសខាងជើង ខណៈនោះ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CW-5260 ដែលកំពុងជិះឌុបគ្នា២នាក់ ក្នុងទិសដៅពីជើងទៅត្បូង យ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលបោកទៅលើដងផ្លូវ រងរបួសធ្ងន់ទាំង៣នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងវាស់វែង នាំយកមកម៉ូតូទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់