ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ម៉ារីណា ទៅដល់កោះរ៉ុង ឆ្លងឆ្នាំ​

តាំងពីព្រឹកថ្ងៃទី៣០ ធ្នូ គេឃើញតារាសម្ដែងល្បីឈ្មោះអ្នកនាង លី ម៉ារីណា បង្ហាញខ្លួននៅលើកោះរ៉ុង ដោយអ្នកនាងប្រាប់ថានឹងកម្សាន្តនៅទឹកទីកោះនោះរហូតដល់ផុតថ្ងៃឆ្លងឆ្នាំទើបនាងត្រលប់មកវិញ។ អ្នកនាងក៏ត្រូវគេឃើញបង្អួតសម្រស់នៅលើឆ្នេរខ្សាច់ ធ្វើអោយមានការចាប់អារម្មណ៍នៅក្នុងហ្វេសប៊ុកផងដែរ។

អ្នកនាងលី ម៉ារីណា បានថ្លែងមុនទៅដល់កោះរ៉ុង អ្នកនាងមានបំណងទៅកម្សាន្តទីនោះតាមពីថ្ងៃ២៥ ធ្នូ ដែលជាថ្ងៃបុណ្យណូអែលនោះម្ល៉េះ ប៉ុន្តែមកពីអ្នកនាងជាប់ភារៈ ទើបគ្រាន់តែអាចរលាស់ខ្លួនរួចពីការងារមុខជំនួញ ក៏ចេញដំណើរទៅកាន់ខេត្តព្រះសីហនុភ្លាមដើម្បីលម្ហែកាយចុងឆ្នាំ។ អ្នកនាងថាខ្លួនចាប់អារម្មណ៍សម្រស់កោះរ៉ុង នឹងចង់ទៅស្រូបខ្យល់អាកាសនៅលើកោះនោះទើបអ្នកនាងមិនចាប់អារម្មណ៍ដំណើរកម្សាន្តនៅក្រៅប្រទេសដូចរាល់ឆ្នាំ។

អ្នកនាងថាជារៀងរាល់ឆ្នាំ អ្នកនាងច្រើនតែមានគម្រោងចេញដើរក្រៅប្រទេស ដូចជាប្រទេសថៃ និងប្រទេសផ្សេងទៀត ទើបអ្នកនាងបានចាត់ទុកដំណើរកម្សាន្តរបស់ខ្លួននៅលើកោះរ៉ុងថាជាដំណើរក្នុងស្រុក ដែលអ្នកនាងមានឱកាសបានទៅលម្ហែក្រោយពីមានការងារស្អេកស្កះ និងត្រលប់មកប្រទេសកម្ពុជាវិញ។ ក្រៅពីដើរលេងកោះរ៉ុង អ្នកនាងក៏គម្រោងដើរលេងអោយសព្វក្នុងទឹកដីខេត្តព្រះសីហនុផងដែរ ក្នុងដំណើរទៅលម្ហែកាយចុងឆ្នាំនៅតំបន់សមុទ្រលើកនេះ។

វត្តមានរបស់អ្នកនាងនៅលើកោះរ៉ុង ក៏មិនខុសពីជួយផ្សព្វផ្សាយពីទេសភាពកោះខ្មែរដ៏ស្រស់ស្អាតមួយនេះសម្រាប់ឱកាសបុណ្យឆ្លងឆ្នាំនាពេលនេះផងដែរ។ អ៊ីចឹងហើយទើបនៅលើហ្វេសប៊ុកមានការសរសើរទាំងសម្រស់របស់អ្នកនាង និងទេសភាពកោះរ៉ុងព្រមគ្នា ក្នុងពេលដែលអ្នកនាងបង្ហោះរូបនៅលើកោះមួយសន្លឹកៗ៕

មតិយោបល់