ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ធ្វើការចាប់ខ្លួន បន្ទាប់ពីរកឃើញថ្នាំញៀនជាប់នឹងខ្លួន ។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង២៥នាទី ល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលេខ១១០ ក្នុងភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យដែលចាប់ខ្លួនបានខាងលើ មានឈ្មោះ ឡេង គឹមហៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យថា ជាសារធាតុញៀន ម៉ាទឹកកក ចំនួន២កញ្ចប់ ក្នុងនោះ មាន១កញ្ចប់មធ្យម និង១កញ្ចប់តូច, ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD- 7340 ចំនួន១គ្រឿងផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា បានដឹកនាំកម្លាំងធ្វើការចុះល្បាតតាមភូមិសាស្រ្ត ក៏បានប្រទះឃើញជនសង្ស័យ កំពុងជិះម៉ូតូមួយគ្រឿងនៅចំណុចកើតហេតុខាងលើ។ ដោយមានការសង្ស័យសមត្ថកិច្ចក៏បានធ្វើការត្រួតពិនិត្យ បានរកឃើញគ្រឿងញៀនចំនួន១កញ្ចប់(តូច)នៅនឹងខ្លួនរបស់ឈ្មោះ ឡេង គឹមហៃ រួចធ្វើការនាំខ្លួនជនសង្ស័យរួមនិងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ឡេង គឹមហៃ បានសារភាពថា ខ្លួនបានទទួលលុយពីឈ្មោះ ម៉ៅ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ចំនួន១៥ម៉ឺនរៀល ដើម្បីយកទៅទិញគ្រឿងញៀនពីឈ្មោះ ជាតិ នៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ក្នុងតម្លៃ១កញ្ចប់ ១៥ម៉ឺនរៀលកាលពីថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៦វេលាម៉ោង២រសៀល រួចបានលាក់ទុកនៅក្នុងផ្ទះរបស់ខ្លួន។

លុះដល់វេលាម៉ោង៧និង១៤នាទីយប់ ថ្ងៃខែឆ្នាំដដែល ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួល ពីលោក លឹម សុគន្ធា ព្រះរាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងសមត្ថកិច្ចបានបន្តទៅត្រួតពិនិត្យនិងឆែកឆេររកឃើញគ្រឿងញៀន ម៉ាទឹកកកចំនួន១កញ្ចប់មធ្យម នៅក្នុងផ្ទះរបស់ជនសង្ស័យឈ្មោះ ឡេង គីមហៃ បន្ថែមទៀត។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/gZuyfR3ESYc

មតិយោបល់