ភ្នំពេញៈ ខណៈដែលលោកនាយ សង់ ស៊ីស ជាឪពុក នៅមិនទាន់ធូរស្បើយទាំងស្រុងនោះ តារាចម្រៀងនាង សុន ស្រីពេជ្រ មានទុក្ខ២ថែមទៀតក្នុងគ្រួសារ។ តារាស្រីរូបនេះត្រូវគេឃើញបាត់បង់ជំហរឹងមាំ និងបានបង្ហាញអារម្មណ៍ចង់ស្រក់ទឹកភ្នែកជាមួយនិងការប្រឈមដ៏អាក្រក់នោះផង។
នៅលើបណ្ដាញហ្វេសប៊ុកនាង សុន ស្រីពេជ្រ បានសរសេរបង្ហោះថា “ហេតុអ្វីក៏មានតែបញ្ហាមិនចេះចប់ចឹងខ្ញុំ!” លោកឪពុកទើបតែបានធូរបន្តិចមិនទាន់បានចេញពីពេទ្យផង ឥឡូវប្អូនប្រុសទៅពេទ្យនៅវៀតណាមនៅព្រឹកមិញ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ប្អូនប្រុសមានជំងឺច្រើនឆ្នាំហើយដល់ពេលជួបគ្រោះថ្នាក់បែរនេះ វាកាន់តែដុនដាបហើយ! ពុកអើយ ប្អូនប្រុសអើយ អ្នកទាំងពីរ គឺជាបេះដូង និងកែវភ្នែករបស់ខ្ញុំមិនអាចខ្វះបាននរណាម្នាក់បានទេ ដូច្នេះសូមទេវតាជួយមេត្តាដល់ក្រុមគ្រួសារខ្ញុំផង បើក្រក៏ក្រទៅចុះតែសូមកុំឲ្យមានអ្នកឈឺអី សូមវត្ថុសក្តិសិទ្ឋក្នុងលោកជួយថែររក្សាអ្នកទាំងពីរផង ខ្ញុំសូមអង្វរ ខ្ញុំនៅមិនសុខទេឡប់ខួរហើយខ្ញុំ!»។ ក្រោយពីមានបញ្ហាខាងលើនេះ នៅឯផ្ទះរបស់នាង ក៏ត្រូវគេដឹងថា ជីតារបស់នាង ក៏ស្ថិតក្នុងដំណាក់ការឈឺធ្ងន់ ដោយមានការនិមន្តព្រះសង្ឃមកសូត្រធម៌ ព្រោះតែអស់សង្ឃឹមក្នុងការព្យាបាលនោះផង។ ដោយឡែកអ្នកនាង កា ឆយ បានសរសេរបង្ហោះថា «ចប់លោកឪពុក ដល់លោកតាចាំតែដង្ហើម» អមដោយរូបភាពព្រះសង្ឃឲ្យធម៌ នៅក្នុងផ្ទះរបស់លោកនាយសង់ ស៊ីស ផងដែរ។ ប៉ុន្តែគេមិនបានដឹងថា ជីតាដែលអ្នកនាង កា ឆយ និង សុន ស្រីពេជ្រ បញ្ជាក់ថាស្ថិតក្នុងដំណាក់ការឲ្យធម៌នោះ តើជាឪពុករបស់លោក សង់ ស៊ីស ឬជាឪពុករបស់ភរិយាលោក សង់ ស៊ីស នោះទេ។
នាង សុន ស្រីពេជ្រ មិនអាចសុំការបញ្ជាក់បានទេ ប៉ុន្តែយោងតាមការអះអាងកន្លងមក គឺប្អូនប្រុសរបស់កញ្ញា ដែលធ្លាក់ខ្លួនឈឺ និងមានគ្រោះថ្នាក់នោះ គឺមានជំងឺប្រចាំកាយយូរមកហើយ ដោយលោកកើត ជំងឺម្យ៉ាងពិបាកព្យាបាល និងត្រូវការតាមដានជាប្រចាំជាមួយក្រុមគ្រូពេទ្យក្នុងប្រទេសវៀតណាម។ កញ្ញាបានបន្តថា ជារៀងរាល់ខែ នាងត្រូវបង្ខំចិត្តទទួលច្រៀងទាំងយប់ទាំងថ្ងៃ ដើម្បីរកលុយមកឲ្យប្អូនប្រុសរូបនេះ ដើម្បីមានលុយព្យាបាលជំងឺនេះឯង។ អ៊ីចឹងហើយទើបសូម្បីតែឪពុករបស់នាង ក៏ត្រូវឡើងសម្ដែងឲ្យតែសភាពជំងឺមិនធ្វើទុក្ខ។ បើទោះជាប្អូនប្រុសរបស់នាងមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ុន្តែនាងថា លោកមានសភាពទន់ខ្សោយយូរមកហើយ ដូច្នេះការប៉ះទង្គិចដោយគ្រោះថ្នាក់ចរាចរណ៍នោះ ធ្វើឲ្យប្អូនប្រុសកញ្ញាកាន់តែមានសុខភាពទន់ខ្សោយ។
បន្ថែមពីលើនោះ ជីតារបស់នាងក៏ស្ថិតក្នុងដំណាក់កាលត្រូវព្រួយបារម្ភផងដែរ ដែលនាងបញ្ជាក់ថា នេះជាទុក្ខផ្ទួនៗគ្នាដល់ទៅ៣តែម្ដង ដែលធ្វើឲ្យនាងរែកពន់នៅក្នុងគ្រួសារមិនរួច។ ក្រោយការបង្ហោះសាររបស់នាង និងអ្នកនាង កា ឆយ មហាជន និងក្រុមអ្នកលេងហ្វេសប៊ុកបានងាកមកផ្ដល់ការអាណិតអាសូរចំពោះអ្នកទាំងពីរច្រើនឡើង បើទោះជាឪពុករបស់អ្នកទាំងពីរក៏នៅតែមានអ្នកឈឺឆ្អាល និងបង្ហាញការបារម្ភ៕
មតិយោបល់