ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉េងប៉ោង ហ៊ានធ្វើគ្រប់យ៉ាង ដើម្បីកូនក្នុងផ្ទៃ

គោលបំណងធំនៃគម្រោងអាពាហ៍ពិពាហ៍លើកទី២ របស់តារាកំប្លែងអ្នកនាងមឿន និមល ហៅប៉េងប៉ោង កាលពីថ្ងៃទី២ មករា អ្នកនាងបានពរជ័យតែមួយគត់ គឺចង់ក្លាយជាម្ដាយរបស់កូនម្នាក់ តាមការទស្សន៍ទាយរបស់ហោរា។ អ៊ីចឹងហើយទើបអ្នកនាងបញ្ជាក់ថា នឹងបិទភ្នែកមិនជិតនៅពេលចាស់ទៅ ប្រសិនបើក្រោយរៀបការជាលើកទី២តាមការកំណត់ឡើងរបស់ហោរាហើយ នៅតែមិនមានដំណឹងមានកូន។

អ្នកនាងបានថ្លែងក្នុងពិធីរៀបការជាលើកទី២ដើម្បីឧបកិច្ចថ្ងៃថ្មីខែថ្មីសម្រាប់ការចាប់ដៃជាមួយស្វាមីដដែលថា អ្នកនាងសុខចិត្តចំណាយថវិការៀបការជាថ្មីទាំងស្រុង បន្ទាប់ពីមានហោរាច្រើននាក់ សុទ្ធតែទស្សន៍ទាយថាហេតុផលដែលនាំឲ្យនាងអ្នកនាង និងស្វាមីឈឺច្រើន ហើយបណ្ដាលឲ្យសុខភាពចុះខ្សោយ រហូតមិនអាចមានដំណឹងពរពោះ គឺដោយសារតែអាពាហ៍ពិពាហ៍កាលពី១២ឆ្នាំមុនខុសថ្ងៃ។ អ្នកនាងប៉េងប៉ោងបានបង្ហាញពីវិប្បដិសារី ដែលមានលទ្ធភាពរកលុយ និងខំតស៊ូរហូតដល់មានកេរ្តិ៍ឈ្មោះនៅក្នុងសិល្ប: ប៉ុន្តែមិនមានកូនម្នាក់ទុកជាបង្អែមជីវិត។ អ្នកនាងថាខ្លួនសុខចិត្តលះបង់គ្រប់យ៉ាង ឲ្យតែមានកូនម្នាក់មិនថាវិជ្ជាពេទ្យ និងក្បួនអបិយជំនឿ។ អ្នកនាងបានទៅពិភាក្សាជាមួយគ្រូពេទ្យរឿងកូនយូរមកហើយ ប៉ុន្តែគ្រូពេទ្យប្រាប់ថាសុខភាពអ្នកនាងខ្សោយ ទើបអ្នកនាងត្រូវការពេលយូរដើម្បីបំប៉នសុខភាព។ អ្នកនាងនិយាយថា«បងលេបថ្នាំបំប៉នសុខភាពប្រហែលមួយរយ:ហើយដោយសារពេទ្យថាយើងខ្សោយមែនទែន ប៉ុន្តែហោរាថាបងបើនៅតែមិនរៀបការជាលើកទី២ ដើម្បីកែប្រែមង្គលការចាស់ដែលខុសថ្ងៃខែហ្នឹងទេ នឹងនៅតែបន្ទុកបណ្ដាក់(ឈឺច្រើន) ទើបបើជ្រើសយកថ្ងៃ២ មករា ហ្នឹងតាមគ្រូរៀបការម្ដងទៀត!»។ អ្នកនាងថាខ្លួនមានពិធីសំពះផ្ទឹមដូចគ្នា នឹងអ្នករៀបការម្ដងទៀត ដើម្បីឧបកិច្ចយកថ្ងៃសិរីសួស្ដីថ្មីសម្រាប់ជីវិតជាមួយស្វាមី។ អ៊ីចឹងហើយទើបអ្នកនាងរំពឹងថាខ្លួន នឹងអាចពរពោះដូចការចង់បាន បន្ទាប់ពីបានបំប៉នសុខភាពតាមពេទ្យផង និងបានរៀបការជាថ្មីតាមហោផង។

អ្នកនាងប៉េងប៉ោង បានអះអាងថាអាពាហ៍ពិពាហ៍ជាលើកទី២របស់ខ្លួន ធ្វើឡើងនៅភោជនីយដ្ឋានសេវិនប្រាយផ្សារមាន់អាំង ដោយមានតារាសិល្ប: និងភ្ញៀវកិត្តិយសជាង៤០០នាក់ចូលរួម។ ពិធីនោះគេឃើញវត្តមានផលិតករ និងតារាសិល្ប:យ៉ាងច្រើនកុះករដូចជា អ្នកនាលី ម៉ារីណា លោកកុយ ស៊ីឌឿន ម្ចាស់ផលិតកម្មឌីភី អ្នកនាងឈួន សុវណ្ណឆៃ អ្នកស្រីថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាទ្ប កញ្ញាសុខ សោម៉ាវត្តី លោកអ៉ិន ម្ចាស់ផលិតកម្មមហាហង្ស អ្នកនាងទូច ស្រីលក្ខណ៍ អ្នកនាងឆោម ឆពុំ លោកប៉ែន ចំរ៉ុង កញ្ញាហ៊ិន ចាន់និរ័ត្ន លោកភឹម តារាវិបុល នាយឃ្លោក កញ្ញាស្រីពៅមុខឈើ យាយអឿន លោកហួ សុផល អ្នកនាងខៀវ សានសាណា អ្នកនាងកាតុ នាយព្រែក លោកលឹម គង់ លោកម៉ាដូណា កញ្ញាឌួង ហ្សូរីដា លោកសាយ សៀរ៉ា និងតារាសិល្ប:យ៉ាងច្រើនកុះករផ្សេងទៀត៖

មតិយោបល់