ច្រើនខែមកហើយដែលគេកត់សម្គាល់ថាតារាសម្ដែងភេទទី៣លោក ប៉ុល មុន្នីរក្សា ហៅចែចូចូ ឬរក្សា មានទំនាក់ទំនងស្អិតល្មួតជាមួយតារាសម្ដែងល្បីឈ្មោះលោកអ៊ុន សុធា។ តារាភេទទី៣រូបនេះ បានប្រកាសជាសាធារណៈនៅលើហ្វេសប៊ុកថា លោកអ៊ុន សុធា គឺជាបងធម៌លេខ១ ដោយក្រៅពីជួយកែប្រែជីវិត អោយជីវិតរបស់កញ្ញាក្លាយជាបុគ្គលជោគជ័យ ក៏ធ្វើអោយកញ្ញាលែងបន្តឯកោក្រោយក្លាយជាតារាភេទទី៣នោះផង ខណៈនេះជាការបំភ្លឺលើកដំបូង បន្ទាប់ពីទំនាក់ទំនងរបស់ពួកគេ ត្រូវគេចាប់អារម្មណ៍នាពេលចុងក្រោយ។
កញ្ញាចូចូ និយាយថា ហេតុផលដែលកញ្ញាបង្ហោះលើកជើងច្រើនប្រយោគសរសើរ លោកអ៊ុន សុធា គឺបណ្ដាលមកពីរយៈពេលជិត៣ជិត ដែលកញ្ញាបានសុំលោកធ្វើជាប្អូនធម៌ តារារូបនេះមិនដែលរើសអើងចំពោះខ្លួន ហើយថែមទាំងផ្ដល់ដំបូន្មាន និងមើលខុសត្រូវកញ្ញាមិនខុសពីប្អូន ជាប់សាច់ឈាមម្នាក់។ កញ្ញាថាគ្រួសារលោកអ៊ុន សុធា សុទ្ធតែបានទទួលស្គាល់ថាកញ្ញាជាសាច់ញាតិម្នាក់ និងជាប្អូនធម៌ម្នាក់ ទើបទំនាក់ទំនងរវាងកញ្ញា និងលោកអ៊ុន សុធា មិនខុសពីបងប្អូននៅក្នុងរង្វង់គ្រួសារ។ ការប្រកាសរបស់តារាសម្ដែងភេទទី៣រូបនេះ គឺជាលាងជម្រះទាំងស្រុងនូវអ្វីដែលគេងឿងឆ្ងល់ ខណៈដែលកញ្ញា និងលោក អ៊ុន សុធា ត្រូវគេឃើញលេខមុខរួមគ្នា សូម្បីតែពេលហាត់ប្រាណ និងក្នុងសកម្មភាពឯកជននានា។ កញ្ញាចូចូ បន្តថា ក្រោយពី បានស្គាល់គ្នា ហើយកត់សម្គាល់ឃើញថាលោកអ៊ុន សុធា ជាមនុស្សចិត្តល្អ ទើបកញ្ញាសម្រេចចិត្តសុំលោធ្វើជាបងប្រុសធម៌ ដោយក្រោយពីលោកយល់ព្រម លោកក៏ពិតជាបានបំពេញតួនាទីជាបងប្រុសធម៌លេខ១ ដែលបងប្អូនបង្កើតខ្លះដូរមិនបាន។ កញ្ញានិយាយថា«ដ្បិតថាខ្ញុំស្រឡាញ់ភេទដូចគ្នា តែខ្ញុំស្បថថា ខ្ញុំ និងបងធាគឺជាបងប្អូននឹងគ្នា១០០ភាគរយ គាត់យកខ្ញុំធ្វើប្អូនធម៌ គាត់ឈឺឆ្អាលជាមួយខ្ញុំច្រើនណាស់ គឺលើសពីប្អូនម្នាក់ទៀត ហើយរាល់ថ្ងៃខ្ញុំអត់ដែលគិតថាគាត់ត្រឹមជាបងធម៌ទេ ខ្ញុំគោរពគាត់ដូចបងបង្កើតអ៊ីចឹង សូម្បីតែម៉ាក់គាត់ក៏ចាត់ទុកខ្ញុំជាកូនដែរ ទើបខ្ញុំ និងបងធា ដូចបងប្អូនចឹង! អាចថាចង់លើសពីបងប្អូនបង្កើតទៀត ព្រោះគាត់ឈឺឆ្អាលខ្ញុំច្រើនមែនទែន ដោយសារគាត់អាណិតខ្ញុំ នៅពេលគេមើលងាយខ្ញុំ»។ កញ្ញាថាលោកអ៊ុន សុធា ជាអ្នកនាំផ្លូវទី១ទើបកញ្ញាស្គាល់ភាពជោគជ័យ ហើយទទួលបានឱកាសសម្ដែងស្ទើរមិនមានពេលសម្រាកនាពេលចុងក្រោយ។ កញ្ញាថាក្នុងពិភពសិល្បៈ លោកអ៊ុន សុធា រាប់អានតារាច្រើននាក់ ប៉ុន្តែមានតែខ្លួនម្នាក់ប៉ុណ្ណោះ ដែលបានក្លាយជាប្អូនធម៌របស់លោកផ្លូវការ ដោយមានទាំងបងប្អូន និងគ្រួសាររបស់លោកទទួលស្គាល់។ កញ្ញា ចូចូ ថាលោកអ៊ុន សុធា ស្ទើរតែដើរតួជាបងប្រុសផង និងឪពុកផង ដោយក្នុងចំណោមតារាសិល្បៈ នាងចាត់ទុកថាខ្លួនមានសំណាងជាងគេ បន្ទាប់ពីត្រូវលោកអាណិតអាសូ ហើយយកមកបណ្ដុះបណ្ដាល និងណែនាំ។
តាមអ្វីដែលបានរៀបរាប់ គឺកញ្ញាចូចូ ជាតួសម្ដែងភេទទី៣តែម្នាក់គត់ ដែលត្រូវបាន លោកអ៊ុន សុធា ជ្រើសជាប្អូនធម៌ពេញសិទ្ធិ ទើបតារាម្ញិកម្ញ៉ក់រូបនេះ បង្ហាញមុខគ្រប់ពេលជាមួយលោកអ៊ុន សុធា ដែលធ្វើអោយគេមើលឃើញពីទំនាក់ទំនងស្អិតល្មួត។ កញ្ញាចូចូ ត្រូវបានគេស្គាល់ច្រើនតាមរយៈការសម្ដែងរឿង ភាគរាប់មិនអស់ ប៉ុន្តែការចាប់អារម្មណ៍ទាំងនោះ ទើបតែមានសន្ទុះខ្លាំងក្រោយលោកអ៊ុន សុធា ផ្ដល់ឱកាសអោយដើរតាមនៅគ្រប់កម្មវិធីតូចធំ ដោយគ្មានការរើសអើងប៉ុណ្ណោះ៕
មតិយោបល់