ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈួន សុវណ្ណឆៃ លេងឈុតអលង្ការមាសសុទ្ធ ទម្ងន់៤៧តម្លឹង

ក្នុងពិធីមង្គលការលើកទី២របស់អ្នកនាងប៉េងប៉ោង មិនមានអ្នកណាមិនចាប់អារម្មណ៍នោះទេ ជាមួយនឹងគ្រឿងអលង្ការច្នៃពីមាសសុទ្ធរបស់អ្នកនាងឈួន សុវណ្ណឆៃ ដែលមានទម្ងន់រហូតដល់៤៧តម្លឹង ដែលអ្នកនាងទើបតែកុម្ម៉ង់ចេញពីហាងមាសធំមួយនៅកណ្ដាលភ្នំពេញ។ យ៉ាងណាមិញ អ្នកនាងថាឈុតមាសទឹក១០ដែលខ្លួនទើបនឹងពាក់លម្អនោះ មិនស្មើនឹងឈុតគ្រឿងពេជ្ររបស់តារាស្រីមួយចំនួន ឬរបស់ក្រុមអភិជនមួយចំនួនមួយឈុតនោះផង។

អ្នកនាងឈួន សុវណ្ណឆៃ បានអះអាងថា ដោយសារតែលក់ជ្រូកចំណេញ ហើយអ្នកនាងក៏មិនចង់បង្ហិនជាមួយនឹងការលេងឈុតគ្រឿងពេជ្រ ដែលពេលលក់ខាតច្រើន អ្នកនាងក៏សម្រេចចិត្តកុម្ម៉ង់ធ្វើគ្រឿងអលង្ការមួយឈុតទម្ងន់ជិត៥០តម្លឹង ដើម្បីទុកគ្រាន់ពាក់លម្អផង និងដើម្បីទុកលក់វិញនៅពេលត្រូវការផង។ អ្នកនាងថាមួយឈុតដែលច្នៃចេញពីមាសទឹក១០ដែលអ្នកនាង បានពាក់ក្នុងពិធីមង្គលការរបស់អ្នកនាងប៉េងប៉ោងនោះ គិតជាលុយគឺជាង៦ម៉ឺន៥ពាន់ដុល្លារ ដោយសរុបជាទម្ងន់មាសសុទ្ធគឺក្បែរៗ៥០តម្លឹង។ មួយឈុតនោះរួមមាន ខ្សែករ-ក្រវិលទម្ងន់ជាង៨តម្លឹង ខ្សែក្រវាត់ទម្ងន់២៦តម្លឹង កាបូបដៃទម្ងន់១១តម្លឹង និងចិញ្ចៀនដាំត្បូងរួមជាមួយកងដៃ មានទម្ងន់ជាង២ដំឡឹង។ អ្នកនាងថាមួយឈុតនេះ មានទម្ងន់សរុបជាង៤៧តម្លឹង ហើយជាថវិកាដែលបានពីការលក់ជ្រូកសុទ្ធសាធ ដោយមិនមានអ្នកណាជួយពីក្រោយនោះទេ។ អ្នកនាងថាគ្រឿងអលង្ការមួយឈុតនេះ ទើបតែបានអោយលុយម្ចាស់ហាងមាសបាន១៤០០០ដុល្លារស្មើនឹង១០តម្លឹងមាស និងយកមាសចាស់ទម្ងន់៥តម្លឹងទៅដូរប៉ុណ្ណោះ ដោយរង់ចាំគេស៊ីសងជ្រូក ដែលបានបញ្ចេញចុងក្រោយមួយលើកទៀត ទើបយកលុយទៅអោយបង្គ្រប់។ អ្នកនាងថាលេងឈុតមាសសុទ្ធ មានការកក់ក្ដៅជាងទុកលុយសុទ្ធ ហើយបើធៀបនឹងការលេងឈុតគ្រឿងពេជ្រ គឺខាតភាគច្រើន ទើបអ្នកនាងចំណាយលុយដល់ម៉ឺនដុល្លារទិញមាសសុទ្ធតែម្ដង ដោយអះអាងថាបើពេលត្រូវការក៏មិនភ័យរឿងពិបាកលក់ចេញ។

អ្នកនាងឈួន សុវណ្ណឆៃ មិនភ័យបារម្ភពីរឿងសុវត្ថិភាពនោះទេ ដោយសារតែអ្នកនាងមិនបានពាក់សម្ញ៉ែងគ្រឿងមាសទាំងនោះខុសពីចូលក្នុងកម្មវិធីដែលមានមនុស្សអ៊ូអរ ហើយបើត្រឹមតែដើរទៅណាមកណាក៍អ្នកនាងធ្វើខ្លួនសាមញ្ញ។ អ្នកនាងថាអលង្ការមួយឈុតនេះ នឹងអាចលក់ចេញឆាប់ៗ ប្រសិនបើមុខជំនួញរបស់អ្នកនាមានតម្រូវការ ពង្រីកទ្រុងចិញ្ចឹមជ្រូក ឬក្នុងពេលអ្នកនាងត្រូវការបង្គ្រប់លុយថ្លៃផ្ទះ ដែលអ្នកនាងបានទិញនៅបុរីប៉េងហួត។ អ៊ីចឹងហើយទើបអ្នកនាងយល់ថាជម្រើសទិញមាសសុទ្ធច្នៃជាគ្រឿងអលង្ការទម្ងន់រហូតដល់៤៧តម្លឹង មិនធ្លាប់មានសម្រាប់តារាសិល្បៈនាពេលនេះ គឺមិនខាតដោយសារតែពេលចង់លក់គឺងាយជាងទិញគ្រឿងពេជ្រ ហើយក៏អាចពាក់លម្អនៅក្នុងវេទិកាសិល្បៈ និងងាយដូរម៉ូដនៅពេលអស់ចិត្ត៕

 

មតិយោបល់