ព័ត៌មានជាតិ

ស្ត្រីជនជាតិវៀតណាមម្នាក់ រួមនិងថ្នាំញៀនជាច្រើនកញ្ចប់ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញៈ ស្ត្រីជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក ធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងផ្ទះលើទឹក មួយកន្លែង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះបែរលើទឹកមាត់ច្រាំងទន្លេសាប ខាងក្រោយរោងចក្រ ម៉ូរៀ ស្ថិតក្នុងក្រុម៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ ឈឿន ស្រីណុច ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ។ ចំណែកឯជនសង្ស័យម្នាក់ទៀតដែលត្រូវជាប្តីមានឈ្មោះ សូរិយា អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បាននឹងកំពុងរត់គេចខ្លួន។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ មានទីលំនៅចំណុចផ្ទះបែរលើទឹកមាត់ច្រាំងទន្លេសាប ខាងក្រោយរោងចក្រ ម៉ូរៀ ស្ថិតក្នុងក្រុម៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានបន្តទៀតថា មុននឹងឈានដល់ការបង្ក្រាបជនសង្ស័យខាងលើនេះ ដោយសារតែមានបទបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចទាំង១២ខណ្ឌ បើកយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់នូវបទល្មើសផ្សេងៗជូនប្រជាពលរដ្ឋ។

ក្រោយពីទទួលបានបញ្ជានេះ លោកវរៈសេនីយ៍ទោ ទៀង ច័ន្ទសារ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែង ដោយធ្វើការឃាត់ខ្លួនបានស្ត្រីជនជាតិវៀតណាមម្នាក់ ដកហូតបានសម្ភារៈមួយចំនួន រួមមាន ៖ ម្សៅក្រាមពណ៌សថ្លា ចំនួន៦កញ្ចប់ធំ និង១១កញ្ចប់តូច, ថ្នាំប្រភេទ (W.Y) ចំនួន៦គ្រាប់, ជញ្ជីងថ្លឹងចំនួន១គ្រឿង, វិទ្យុទាក់ទងចំនួន ១គ្រឿង ,ឧបករណ៍សម្រាប់ជក់គ្រឿងញៀន រួមនិងថង់ប្លាស្ទិចមួយចំនួនទៀត។ នៅក្នុងប្រតិបត្តិនេះ ត្រូវបានសមត្ថកិច្ចបញ្ចប់ទៅវិញនៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២ ខែមករាថ្ងៃដដែល។

ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យខាងលើរួចមក ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជួញដូរ និងចែកចាយគ្រឿងញៀនពិតប្រាកដមែន ដោយរូបគេលក់ក្នុងមួយកញ្ចប់តម្លៃ ៣០,០០០រៀល។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

https://youtu.be/icNGPSvZfRA

មតិយោបល់