ខណៈដែលរឿង «អ្នកនាងម្ចាស់ឡឺកកឺ» ទាញចំណូលបានដល់ជាង២៤ម៉ឺនដុល្លារក្នុងពេលដាក់បញ្ចាំង ហើយក្លាយជារឿងទទួលបានចំណូលខ្ពស់បំផុតកាលពីឆ្នាំ២០១៦ នៅគ្រប់រោងលីជេន រឿង«សួស្ដីលោកគ្រូកំលោះ»ឯណោះវិញ ត្រូវបានបញ្ជាក់ថារកបានចំណូលមិនទាន់បានពាក់កណ្ដាលនៅឡើយទេ មកទល់នឹងដើមឆ្នាំ២០១៧ ដែលជិតនឹងទម្លាក់ចេញពីរោង។
លោក អ៊ិន សុភិន បានសារភាពថា ធៀបនឹងរឿងដែលខាងមហាហង្សទទួលបានចំណូលខ្ពស់នាអំឡុងឆ្នាំ២០១៦ លោកថានេះជារឿងទី១ដែលទទួលបានចំណូលតិច ខណៈដែលរឿង«សួស្ដីលោកគ្រូកំលោះ»ត្រូវបាននាយកដ្ឋានភាពយន្ត និងមហាជនដែលបានទស្សនាសុទ្ធតែអោយមេដៃថាជារឿងមានគុណភាព និងល្អមើល។
មកទល់នឹងថ្ងៃទី៣ មករា នេះ លោកថានៅតាមបណ្ដារោងកុននឹងត្រៀមទម្លាក់រឿង«សួស្ដីលោកគ្រូកំលោះ»ជាផ្លូវការហើយ ដោយលោកមិនទោមនុស្សទេ បើទោះជាការដាក់បញ្ចាំងតាំងពីថ្ងៃបើកសម្ពោធរកបានចំណូលមិនខ្ពស់។
លោកថារឿងនេះត្រូវបានសម្រិតសម្រាំងគុណភាពល្អជាងដាច់ឆ្ងាយពីរឿង«អ្នកនាងម្ចាស់ឡឺកឺ» និងរឿងរបស់មហាហង្សផ្សេងទៀត ដែលទទួលបានចំណូលខ្ពស់ ប៉ុន្តែបើក្រឡេកទៅមើលចំណូលជាក់ស្ដែងវិញ ទើបតែបានម្នាក់ប្រហែល៥ម៉ឺនដុល្លារបន្ទាប់ចែកគ្នាពីរោងប៉ុណ្ណោះ។
លោកថាផលិតរឿងមួយរឿងនេះ នឹងមិនបានចំណេញច្រើនទេ ដោយសារតែលោកដាក់រឿង«សួស្ដីលោកគ្រូកំលោះ»ចំពេលបុណ្យឆ្លងឆ្នាំ ដែលមនុស្សចេញដើរលេងខេត្ត ហើយនៅដើមឆ្នាំ២០១៧នេះ ក៏មានការដាក់រឿងបរទេសល្អបំបុកគ្នា ដែលធ្វើអោយអ្នកទស្សនាកុនតាមរោងបែកខ្ញែក។ យ៉ាងណាមិញ លោកថានៅអាចទទួលយកបើទោះជារឿងដែលបានផលិតនេះ បានត្រឹមតែទប់ទល់ដើម និងចំណេញមិនច្រើនបើធៀបនឹងរឿងមុនៗ។
លោកសម្ដែងការសោកស្ដាយដែលរឿងផលិតសម្រិតសម្រាំង ហើយតួសម្ដែងក៏បំបុកតារាល្បីច្រើនដើម្បីទាក់ទាញ ប៉ុន្តែទទួលបានចំណូលមិនច្រើនតាមការរំពឹងទុក។ លោកថារឿង«សួស្ដីលោកគ្រូកំលោះ»នឹងអាចស្រូបចំណូលមិនលើសពី៦ម៉ឺនដុល្លារនោះ ក្នុងពេលទម្លាក់ផ្លាកផ្លូវការ បើទោះជាក្នុងពេលដាក់បញ្ចាំងភ្លាមៗមានអ្នកទស្សនាកកកុញរហូតកើតមានបញ្ហារអ៊ូរទាំរឿងគ្មានកន្លែងអង្គុយ។
លោកថាស្ថានភាពទិញសំបុត្រទស្សនារឿង«សួស្ដីលោកគ្រូកំលោះ»ធ្លាក់ចុះ ទើបបណ្ដាលអោយចំណូលមិនអាចបានច្រើនតាមការរំពឹង ហើយធ្វើអោយរឿងដែលលោកយល់ថានឹងបានចំណូលមិនក្រោម២០ម៉ឺនដុល្លារ បានត្រឹមតែទទួលចំណូលមិនលើសពី៦ម៉ឺនដុល្លារ ដោយនេះទឹកប្រាក់នេះនៅមិនទាន់ប្រាកដថាកន្ទ្រាក់បាននៅឡើយ ដោយសារតែក្នុងពេលនេះគឺមានចំណូលត្រឹមតែជិត៥ម៉ឺនដុល្លារក្រោយពីចែកគ្នា៕









មតិយោបល់