ខណៈដែលរឿង«បណ្ដឹងស្រីទាំង៥» មិនជួយអោយទីផ្សារជាអ្នកសម្ដែងរបស់តារាស្រីនាងមាន សូនីតា ទទួលការគាំទ្រខ្ពស់ដូចការរំពឹងទុក ពេលនេះនាងទំនងជាមានទឹកមាត់លេបបន្តិចវិញ ហើយជាមួយនឹងស្នាដៃរឿង«ស្នេហាស្វ័យគុន៤» ដែលត្រូវគេឃើញមានការចែកចាយច្រើននៅលើបណ្ដាញហ្វេសប៊ុក។ យុវវ័យច្រើនឡើងលើកឡើងពីស្នាដៃមួយនេះ បន្ទាប់ពីរឿង«ស្នេហាស្វ័យគុណ៤» បានបង្ហោះអោយឃើញនូវឈុតឆាកស្នេហាឌឺដង ដែលឆ្លុះបញ្ចាំងពីស្នេហារបស់យុវវ័យ តែមានភាពថ្លៃថ្នូរ។
យោងតាមការទម្លាយខ្សែរឿង«ស្នេហាស្វ័យគុណ៤» ជាប្រភេទរឿងដែលមានចំណុចពិសេសច្រើនយ៉ាង ស្រដៀងគ្នានឹងរឿងស្នេហាឌឺដងដែលមាន សូនីតា សម្ដែងជាមួយតារាចម្រៀងសេម ក្នុងរឿងភាគទូរទស្សន៍«ឡូយ៩» «ស្នេហា៩» និង«ក្លាហាន៩» ដែលទទួលបានការគាំទ្រខ្លាំងក្លា ក្នុងពេលចាក់បញ្ចាំង។ អ៊ីចឹងហើយទើបរឿងមួយនេះ ទទួលបានការចាប់អារម្មណ៍ភ្លាមៗ បន្ទាប់ពីមានការទម្លាយចេញ ដែលអ្នកណាក៏មើលឃើញថា នឹងជួយមាន សូនីតា លេចធ្លោជាថ្មីសម្រាប់អាជីពសម្ដែង។ នាងត្រូវគេអោយសម្ដែងជាតួអង្គឆ្លាត និងឌឺ៩ ដោយស្នេហារបស់នាងក៏មានអាថ៌កំបាំង និងប្រទាក់ក្រឡាគ្នា ធ្វើអោយក្រុមយុវវ័យលើកមកនិយាយច្រើនឡើង នៅលើហ្វេសប៊ុកផងដែរ។ ឈុតឆាកខ្លីៗនៅក្នុងរឿងនេះ ត្រូវបានគេឃើញយុវវ័យចែកចាយបន្ត និងលើកឡើងយ៉ាងផុសផុស ក្នុងពេលខ្សែរឿងក៏រៀបនឹងដាក់បញ្ចាំងផ្លូវការ មិនយូរមិនឆាប់។ មាន សូនីតា ត្រូវគេសន្និដ្ឋានថានឹងផ្ទុះនៅក្នុងរឿងនេះ ប្រសើរបើរឿង«ស្នេហាស្វ័យគុណ៤» មានអ្នកទស្សនាកកកុញ ដូចគ្នានឹងសន្ទុះចាប់អារម្មណ៍ពីក្រុមយុវវ័យ នៅលើហ្វេសប៊ុកក្នុងប៉ុន្មានថ្ងៃនេះ។
លោក និល រតនៈ តំណាងក្រុមហ៊ុនពូព្រហ្ម ដែលជាក្រុមហ៊ុនចែកចាយភាពយន្តមួយនេះ បានអះអាងថារឿង«ស្នេហាស្វ័យគុណ៤» ជាស្នាដៃរបស់ផលិតកម្ម Come Together ដែលធ្លាប់ជោគជ័យក្នុងរឿង«ឡូយ៩» «ស្នេហា៩» និងរឿង«ក្លាហាន៩» ហើយមានចំណុចពិសេសច្រើន ទើបខាងក្រុមហ៊ុនរបស់លោកសម្រេចជ្រើសជាភាពយន្តមួយ ដើម្បីចែកចាយនៅតាមរោងភាពយន្ត។ លោកថារឿងនេះនឹងត្រូវដាក់បញ្ចាំងនៅគ្រប់រោងក្នុងស្រុកចាប់ពីថ្ងៃទី១៩ មករា ដោយខ្សែរឿងនេះលោកក៏រំពឹងច្រើនដូចគ្នា ថាយុវវ័យនឹងគាំទ្រខ្លាំង។ លោកថារឿងនេះនឹងលាតត្រដាងថា ហេតុអ្វីបានជាស្នេហាត្រូវគុណដល់ទៅ៤ដង និងមានចំណុចប្រទាក់ក្រឡាបែបណារវាងស្នេហារបស់មាន សូនីតា និង លោកសេម។ ផ្ទៃរឿងទាំងមូលក៏បានរំលេចតួអង្គពាក់ព័ន្ធ៣គូរផ្សេងទៀត ដែលសម្ដែងដោយ ប៊ីរីយ៉ា កញ្ញា ឌុច លីដា កញ្ញាចាន់ ស្រីរ័ត្ន លោកជីរតនា លោកសេមរ៉ក់ឃើ និងតារាសម្ដែង សុក សុកន្និដា ផងដែរ។ យ៉ាងណាមិញ លោកទីផ្សាររំពឹងខ្ពស់លុះត្រាតែចាំអ៊ុតមើលសន្ទុះគាំទ្រ ក្នុងពេលដាក់បញ្ចាំងផ្លូវការទើបអាចកំណត់បាន។ នាពេលកន្លងមកលោកថាពូព្រហ្ម បានចែកចាយខ្សែរឿងរបស់ខ្មែរជាច្រើនដែលមានគុណភាពច្រើន ដោយរឿងចុងក្រោយរួមមានរឿង «កំពូលល្ងង់នៅអាស៊ី» របស់ផលិតកម្មGalaxy ដែលបានដាក់បញ្ចំងយ៉ាងជោគជ័យ និងរឿង«Jailbreak» របស់ផលិតកម្មកងចក្រ គ្រោងនឹងដាក់បញ្ចំាង ក្នុងពេលខាងមុខដូចគ្នា៕
https://www.youtube.com/watch?v=4p_8jIhoFWQ












មតិយោបល់