ព័ត៌មានសិល្បៈ និងកម្សាន្ត

ថ្ងៃខួបគេសប្បាយ! យ៉េយ៉េ រំលឹករឿងឈឺចាប់

ខុសពីតារាភាគច្រើនដែលបង្ហាញពីអារម្មណ៍រីករាយ និងលើកឡើងតែពីការងារ ជោគជ័យដើម្បីអោយអារម្មណ៍ស្រស់ថ្លា តារាកំប្លែងល្បីឈ្មោះក្នុងវិថីសិល្បៈកញ្ញាយ៉េយ៉េ បែរជាយកឱកាសខួបកំណើតរំលឹកពីការឈឺចាប់ទៅវិញ។ នាងថាមុនពេលវិវត្តន៍ខ្លួនជាភេទទី៣ ដែលមានការទទួលស្គាល់ នាងគ្រាន់តែក្មេងប្រុសដែលចូលចិត្តដើរលេង បំផ្លាញលុយកាក់ម្ដាយ មិនខំរៀនសូត្រ និងជាកូនអកត្តញ្ញូម្នាក់ ដែលធ្វើអោយពិបាកចិត្តមុនពេលចែកឋានប៉ុណ្ណោះ។

យ៉េយ៉េ បានថ្លែងក្នុងពិធីខួប២៤ឆ្នាំកាលពីយប់ថ្ងៃទី៥ មករា នៅភោជនីយដ្ឋានធំមួយ នៅម្ដុំបឹងត្របែកថា ពេលខ្លួននៅក្មេងនាងមិនសូវស្ដាប់បង្គាប់ ឪពុកម្ដាយនោះទេ ដោយម្ដាយរបស់នាង គឺជាអ្នកទឹកភ្នែកជាងគេ នៅពេលឃើញនាងជាប្រុស តែបែរជាផ្លាស់ប្ដូរខ្លួនជាស្រី ដោយមិនខ្វល់ពី អារម្មណ៍អាម៉ាស់មុខរបស់ម្ដាយ។ នាងថាម្ដាយរបស់នាង បានចែកឋានកាលពី៣ឆ្នាំមុន ដោយចាត់ទុកថាការបាត់បង់ជីវិតម្ដាយ គឺជារឿងដែលនាងមិនអស់ចិត្ត បន្ទាប់ពីក្នុងពេលនោះ រូបនាងមិនទាន់ជោគជ័យសិល្បៈ និងមិនមានឱកាសបានសងគុណម្ដាយដូចការចង់បាន។ យ៉ាងណាមិញ ក្នុងពេលម្ដាយឈឺរ៉ាំរ៉ៃនាងក៏បានផ្ដល់លុយផ្ដល់កាក់ និងបានមើលថែអ្នកម្ដាយរហូតដល់អ្នកម្ដាយលាចាកពីលើកលោកនេះ ដែលធ្វើអោយម្ដាយនាងបានដឹងពីភាពកត្តញ្ញូរបស់នាងផងដែរ។ នាងថាខ្លួនមានអារម្មណ៍ឯកា ក្រោយពេលបាត់បង់អ្នកម្ដាយ ជាពិសេសនៅពេលដល់អតីតកាលធ្លាប់ធ្វើអោយម្ដាយយំ និងមិនអាចអោយម្ដាយមើលឃើញពីភាពជោគជ័យដែលនាងប្រឹងប្រែង។ នាងត្រូវគេឃើញបង្ហូរទឹកភ្នែក នៅពេលនឹកដល់ចំណុចនេះ ដោយនាងបញ្ជាក់ថាគឺជាវិប្បដិសារីមិនអាចបំភ្លេច ដែលនាងបានធ្វើអោយម្ដាយពិបាកចិត្ត ព្រោះតែចង់ជម្នះចង់ក្លាយជាភេទទី៣ ដែលម្ដាយនាងមិនចង់បាន។

យ៉េយ៉េ បញ្ជាក់ថាជារឿងសោកស្ដាយដែលនាងមានលទ្ធភាពធ្វើខួបដល់ទៅ៣៥តុ ដោយមានតារាសិល្បៈ និងមហាជនស្រឡាញ់ចូលចិត្ត ប៉ុន្តែអ្នកម្ដាយរបស់នាងមិនអាចមើលឃើញនូវអ្វីដែលនាងបានធ្វើទាំងអស់នេះ។ ក្នុងថ្ងៃខួបកំណើតរបស់នាង គេឃើញវត្តមាន តារាសិល្បៈល្បីៗច្រើនរូបចូលរួម ដោយភ្ញៀវទាំងនោះសម្រុកមកខួបរបស់នាង រហូតមិនមានកៅអីអង្គុយនោះផង។ អ៊ីចឹងហើយទើបនាងចង់ស្រក់ទឹកភ្នែក ដែលម្ដាយរបស់នាង មិនបានដឹងថាអតីតកូនប្រុសម្នាក់ ដែលធ្វើអោយគាត់មិនសប្បាយចិត្ត ព្រោះតែចង់ក្លាយជាភេទទី៣ ក្លាយជាមនុស្សដែលមានកិត្តិយសម្នាក់៕

https://www.youtube.com/watch?v=TPVT3fOhPr8&feature=youtu.be

មតិយោបល់