ព័ត៌មានសេដ្ឋកិច្ច

គម្រោងលំនៅដ្ឋានតម្លៃទាប-មធ្យម ចាប់ផ្តើមបើកការដ្ឋាន និងប្រកាសលក់នៅថ្ងៃស្អែក

លំនៅដ្ឋានតម្លៃទាបមធ្យម នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃស្អែកនេះ ក្រោមអធិបតីភាពរបស់លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើយោងតាមការឲ្យដឹងពីលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗកន្លងទៅ។

លំនៅដ្ឋានតម្លៃទាបមធ្យម អាចនឹងមានតម្លៃប្រមាណ ២ម៉ឺនទៅ ២ម៉ឺន៥ពាន់ដុល្លារអាមេរិក ដែលអនុញ្ញាតិឲ្យអ្នកទិញបង់រំលោះត្រឹមតែ ៨០ដុល្លារក្នុងមួយខែ រហូតដល់ទៅ ២០ឆ្នាំ។

គោលការណ៍ពិសេសមួយ របស់គម្រោងលំនៅដ្ឋានតម្លៃទាបមធ្យមគឺ សម្រាប់លោកអ្នកដែលមានប្រាក់ខែក្រោម ៥០០ដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងពី លោក សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge Land

គម្រោងលំនៅដ្ឋានតម្លៃទាបមធ្យមគឺ មានលក្ខខណ្ឌពិសេសជាច្រើន ដែលក្រុមហ៊ុនសហការជាមួយរាជរដ្ឋាភិបាល បានរៀបចំសម្រាប់ប្រជាជនមានជីវភាពទាបមធ្យមអាចទិញបាន នឹងធានាមិនមានការទិញសម្រាប់លក់បន្ត ឬរកផលចំនេញដោយអ្នកមាននោះទេ។

ផ្អែកតាមគោលការណ៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ប្រជាជនដែលមានចង់ទិញលំនៅឋាននេះ គឺតម្រូវឲ្យពួកគេមានគ្រួសារ មានប្រាក់ខែក្រោម ៥០០ដុល្លារ និងរស់នៅក្នុងផ្ទះនោះរហូតដល់ ៥ឆ្នាំយ៉ាងតិច និងគ្មានសិទ្ធិលក់បន្តនោះទេ ហើយលក្ខខណ្ឌបន្ថែមទៀត ក្រុមហ៊ុនកំពុងសិក្សាបន្ថែមជាមួយរាជរដ្ឋាភិបាល។

គួរជម្រាបដែរថា គម្រោងសាងសង់លំនៅដ្ឋានតម្លៃទាបមធ្យម ត្រូវបានធ្វើឡើងដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជនកម្ពុជា មិនគិតលើចំណេញពេកទេ គឺធ្វើដើម្បីការងារមនុស្សធម៌៕

មតិយោបល់