ព័ត៌មានជាតិ

គ្មានលុយឲ្យថ្លៃកង់បីគេចុះរត់ ពលរដ្ឋឃើញស្មានថាជាចោរ បាញ់២គ្រាប់ផ្អើលសមត្ថកិច្ច!..

ភ្នំពេញៈ យុវជន២នាក់ ជិះរម៉កកង់បីគេហើយគ្មានលុយឲ្យ ក៏ចុះរត់គេចខ្លួនត្រូវម្ចាស់កង់បីស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋនឹកស្មានថាជាចោរ រហូតឈានទៅដល់ការផ្ទុះអាវុធ២គ្រាប់បាញ់គំរាមផ្អើលដល់សមត្ថកិច្ច ឃាត់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៤៥ នាទី យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលគេនឹកស្មានថាជាចោរខាងលើនេះមានឈ្មោះ ចាន់ នី អាយុ១៨ឆ្នាំ ធ្វើការនៅក្នុងក្រុមហ៊ុន ហាយឡែន ស៊ីធី ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិរជោគ ឃុំចំប៉ី ស្រុកអង្គជ័យ ខេត្តកំពត។ ចំណែកមិត្តភក្តិម្នាក់ទៀតដែលរត់រួចនោះ ពុំស្គាល់អត្តសញ្ញាណទេ។ រីឯ អ្នករត់រម៉កកង់បីមានឈ្មោះ សុខ សុផា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរម៉ក់កងបីមួយគ្រឿង បើកបរដោយបុរសម្នាក់ បានដឹកយុវជនចំនួន២នាក់ បើកទៅវិញទៅមកក្រោយ។ ខណៈនោះស្រាប់តែឃើញយុវជនទាំង២នាក់នោះ រត់ចុះពីលើរម៉កកង់បីនាំគ្នារត់ ហើយត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរនោះ បានឮសូសំឡេងស្រែកថាឲ្យលុយអញៗ ធ្វើឲ្យប្រជាពលរដ្ឋនឹកស្មានថាជាក្រុមចោរប្លន់ ក៏នាំគ្នាដេញចាប់យុវជនទាំងពីនាក់នោះ រួចស្រែកថាចោរៗបន្ត ស្រាប់តែលាន់ស្នូរផ្ទុះអាវុធចំនួន២គ្រាប់ផ្ទួនៗគ្នា ធ្វើឲ្យយុវជនម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ភ័យរត់មិនរួច ក៏ត្រូវប្រជាពលរដ្ឋចាប់បានតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចស្ទើរមួយខណ្ឌ ចុះមកអន្តរាគមន៍ និងនាំយកយុវជននេះទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មី។

ប្រភពពីលោកពូ ដែលជាអ្នកបើកម៉ូតូកង់បី បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានខ្ចីម៉ូតូរម៉កកង់បីរបស់ប្អូន ចេញពីផ្ទះមកចាំយកប្រពន្ធ ដែលធ្វើការរោងចក្រនៅម្តុំទួលសង្កែ។ ពេលកំពុងអង្គុយ ស្រាប់តែមានយុវជន២នាក់ បាមដើរមកជួលគាត់ឲ្យដឹកទៅក្រុមហ៊ុនហាយឡែន ស៊ីធី ជាកន្លែងធ្វើការរបស់ពួកគេនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយឲ្យតម្លៃ ១២,០០០រៀល។ ពេលនោះគាត់បានដឹកពួកគេទាំង២នាក់ ទៅដល់ម្តុំផ្សារសេនជួរីផ្លាហ្សារ មុខសួនកុមារពោធិ៍ចិនតុង ស្រាប់តែពួកគេបានឲ្យគាត់ដឹកមកវិញ ដោយឲ្យចូលមកផ្លូវបេតុងចំណុចកើតហេតុ ពេលនោះពួកគេចេះតែឲ្យគាត់ដឹកទៅមុខទៀត តែគាត់បានឈប់មិនទៅនោះទេ ស្រាប់តែយុវជនទាំង២នាក់ បាននាំគ្នាចុះពីលើម៉ូតូរត់តែម្តង ទើបគាត់ជាម្ចាស់រម៉កកង់បី ស្រែកថាឲ្យលុយអញៗ ពេលនោះប្រជាពលរដ្ឋដែលនៅក្បែរនោះស្មានថាជាចោរ ក៏នាំគ្នាដេញចាប់ហើយស្រែកថាចោរៗ ទើបឮស្នូរផ្ទុះអាវុធចំនួន២គ្រាប់តែម្តង តែពុំដឹងថាអ្នកណាជាអ្នកបាញ់នោះទេ។

លោក ដួង វណ្ណៈ នាយប៉ុស្តិ៍ស្តីទីភ្នំពេញថ្មីតំណាងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាឲ្យលោកចុះពិនិត្យដល់កន្លែងកើតហេតុតែរកមិនឃើញសំបក កន្ទុះអ្វីនោះទេ ព្រោះយប់ងងឹត ហើយគ្រាន់តែឮប្រជាពលរដ្ឋប្រាប់ថាមានករណីផ្ទុះអាវុធចំនួន២គ្រាប់ បន្ទាប់មកលោកបាននាំយុវជនម្នាក់ក្នុងចំណោម២នាក់នោះយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍តែម្តង។

ក្រោយពីសមត្ថកិច្ចសាកសួរយុវជនរូបនេះបានឆ្លើយសារភាពថា ពួកគេទាំងពីនៅម៉ោងប្រហែជា៥ល្ងាច ខ្លួននិងមិត្តភក្តិ បានជួលម៉ូតូឌុបជិះពីចេញពីកន្លែងធ្វើការនៅម្តុំពោធិ៍ចិនតុង ដោយមានលុយតែ១៥,០០០រៀលទេ ហើយថាទៅរកការធ្វើនៅរោចក្រផលិតទឹកបរិសុទ្ធ ម្តុំទួលសង្កែ តែដោយសារកន្លែងនោះគេឈប់រើសកម្មករ ទើបនាំគ្នាដើរមកជួលម៉ូតូរឺម៉កកង់បីខាងលើឲ្យដឹកទៅកន្លែងដើមវិញ ប៉ុន្តែដោយពួកខ្លួនអស់លុយគ្មានអីឲ្យថ្លៃម៉ូតូ ក៏ឲ្យគាត់ដឹកមកតាមផ្លូវបេតុង ចំណុចកើតហេតុជាកន្លែងស្ងាត់ ហើយបាននាំគ្នាចុះពីលើម៉ូតូរត់តែម្តង ព្រោះពួកគេភ័យពេក។យុវជនរូបនេះបន្តទៀត ថាពួកគេមិនមែនជាចោរទេ ការដែលពួកគេរត់នោះព្រោះតែគ្មានលុយឲ្យថ្លៃម៉ូតូកង់បីតែប៉ុណ្ណោះ។

បច្ចប្បន្នយុវជនរូបនេះត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរបន្ត៕

មតិយោបល់