នៅពេលដែលបានឭ ឬឃើញថាប្រទេសជិតខាងថៃ បានយកល្ខោនខោលរបស់កម្ពុជា គ្រោងនឹងដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក នោះ យើងសង្កេតឃើញថា អ្នកគាំទ្រនៅកម្ពុជា បានស្រែកឡើងតាម ហ្វេសប៊ុក (FB) យ៉ាងខ្លាំង ដោយបញ្ចេញទស្សនៈរៀងៗខ្លួន ធ្វើការគាំទ្រទៅលើល្ខោន ដែលមិនសូវបញ្ចេញវត្តមានលើកញ្ចក់ទូរទស្សន៍ មួយនេះ ។
ខុសពីជំហរ ខាងលើ ជាក់ស្តែងម្សិលមិញនេះ ក្នុងកម្មវិធីព្រះគុណគ្រូ មរតកល្ខោនខោល សម្រាប់លោកតាយិត សារិន វ័យ ៩២ ព្រះវិស្សា នោះ មានសភាពស្ងប់ស្ងាត់ ដោយមានត្រឹមតារាប៉ុន្មានដួង និងម្ចាស់ផលិតកម្ម ម្នាក់ទៅ២នាក់ ចូលរួម ក្នុងកម្មវិធីនេះ តែប៉ុណ្ណោះ ។
ដោយឡែកសម្រាប់វត្តមានមនុស្សរាប់ពាន់នាក់ជាពិសេសអ្នកលេងបណ្តាញសង្គម FB ដែលបានបញ្ចេញទស្សនៈឈ្លោះនិងថៃ លើល្ខោនខោលនេះ វិញមិនបង្ហាញវត្តមានសោះ ដើម្បីចូលរួមលើកទឹកចិត្ត និងបំណងប្រាថ្នាចុងក្រោយរបស់ ព្រឹទ្ធាចារ្យល្ខោនខោល លោក យិត សារិន ដែលជាមរតកចំណេះ មនុស្សរស់នោះ ។
លោក កែវ សាស្ត្រា ដែលជាអ្នករៀបចំកម្មវិធី ខាងលើបានឲ្យដឹងថា កម្មវិធីនេះលោកបានត្រៀមចំណាយដល់ ទៅ១ម៉ឺនដុល្លារ តែទទួលបាន មកវិញពីអ្នកចូលរួមតែ ២ពាន់ដុល្លារអាម៉េរិកតែប៉ុណ្ណោះ ដែលប្រឈមនឹងការខាតយ៉ាងធ្ងន់ធ្ងរបំផុត ដោយមិនអ៊ឹមធឹក លើ ហ្វេសប៊ុក ដែលធ្លាប់បញ្ចេញមតិ ទាល់តែសោះ ។
អ្នករៀបចំកម្មវិធីខាងលើ បានបន្តថា ឃើញបែបនេះ លោកពិតជាអាណិត ដល់ល្ខោនខោល និងសិល្បៈបុរាណគ្រប់ទម្រង់ ដែលកំពុងស្ថិតក្នុងភាពឯកោ ដោយមិនសូវបានគេយកចិត្តទុកដាក់ទាល់តែសោះ ឡើយ ដែលប្រឈមនឹងការបាត់ៗទៅ បើសិនជាយើងមិនយកចិត្តទុកដាក់ ពីជំនាន់យើងនេះទៅនោះ៕
មតិយោបល់