នេះមិនមែនជាលើកទី១នោះទេ ដែលមានព័ត៌មានថាអតីតតារាសម្ដែងលោកថៃ នរៈវិទូ ដែលជាកូនប្រុសបង្កើតរបស់លោកថៃ នរៈសត្យា មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ត្រូវប៉ូលីសឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន។យ៉ាងណាមិញ ករណីដែលបានប្រទះឃើញលើកនេះ គឺអតីតហ្រ្វេស៊ីរូបនេះនឹងប្រឈមជាប់ពន្ធធនាគារ។
យោងតាមព័ត៌មានចុះផ្សាយពីការបង្ក្រាបគ្រឿងញៀន ដែលដឹកនាំដោយ លោក ប៉ង់ ចាន់សុយុទ្ធារា នៅខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១០ ខែមករា មុននេះមានការចុះបង្ក្រាបកន្លែងលក់ និងចាយចាយគ្រឿងញៀនមួយកន្លែង ដោយក្នុងនោះចាប់បានលោក ថៃ នរៈពិទូ ជាបក្សពួកម្នាក់ស្ថិតក្នុងបទចោទប្រកាន់នោះដែរ។
ព័ត៌មានផ្សាយថា ទីតាំងខារ៉ាអូខេយីហោ ដឺសោន ហ្វាមីលី (The Sound Family KTV) ត្រូវបានប៉ូលីសចុះបង្ក្រាប ហើយបានរកឃើញសារធាតុញៀនជាច្រើន ដែលមនុស្សពាក់ព័ន្ធនឹងទីតាំងនោះធ្វើចរាចរណ៍លក់ដូរ។
លោកស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ជនសង្ស័យចំនួន៦នាក់ គឺទី១ឈ្មោះ ហេង យូសុង ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី២ឈ្មោះ ថៃ នរ ពិទូ (អតីតតារាសម្ដែង) ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិអូរឬស្សី២ ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ។ ទី៣ឈ្មោះ ភា ប៊ុនហេង ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី៤ឈ្មោះ ហាប់ សុវត្ថិ ភេទប្រុសអាយុ២៩ឆ្នាំរស់នៅក្រុងបាត់ដំបង។ ទី៥ឈ្មោះ អោក រតនះ ប៉ុណ្ណិកា ភេទស្រីអាយុ២៧ឆ្នាំរស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង ទី៦ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រីអាយុ២៧ឆ្នាំស្នាក់នៅបន្ទប់ជួល ក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង គឺជាមុខសញ្ញាដែលជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនទាំងនោះ។
លោកថា វត្ថុតាងដែលដកហូតបានរួមមាន ថ្នាំញៀនប្រភេទកេតាមីន(KETAMINEខេ )៣ថង់ទម្ងន់០,៨៨ក្រាម។ ឧបករណ៍(ពុម្ភ)សំរាប់កែច្នៃថ្នាំញៀនអ៊ិស្តាស៊ីចំនួន២។ ថ្នាំអំពូលDiazepam ២អំពូល ថ្នាំគ្រាប់ZEPAM ១៦បន្ទះ និងសម្ភារះវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។ លោកថាលោកថៃ នរៈវិទូ និងជនសង្ស័យដែលត្រូវចាប់បាន៥រូបទៀត នឹងប្រឈមជាប់ពន្ធនាគារ ប្រសិនបើរកឃើញថាពិតជាជាប់ពាក់ព័ន្ធលើករណីចែកចាយគ្រឿងញៀនដូចអ្វីដែលបានចោទប្រកាន់។ អ៊ីចឹងហើយទើបម្នាក់ៗមានការភ្ញាក់ផ្អើល ដែលលោកថៃ នរៈវិទូ បានយកកិត្តិយស និងមុខមាត់ទៅពាក់ព័ន្ធនឹងករណីនោះម្ដងហើយម្ដងទៀតមិនសមនឹងកេរ្តិ៍ឈ្មោះរបស់លោក៕
មតិយោបល់