ភ្នំពេញ៖ ស្របពេលស្ថានភាពជីវភាព របស់តារាកំប្លែងនាយចេក មិនធូរធារនោះ ស្រាប់តែប្រពន្ធ និងម្តាយក្មេកឈឺធ្ងន់ក្នុងថ្ងៃតែមួយ ដោយបញ្ចូនមកកាន់មន្ទីរពេទ្យដូចគ្នា ធ្វើឲ្យតារាកំប្លែងរូបនេះពិបាកចិត្តជាទម្ងន់។
បើទោះបីជាមានវត្តមានឡើងឆាកម្តងម្កាល ក្នុងពិភពសិល្បៈ ប៉ុន្តែសម្រាប់នាយចេក ត្រូវបានគេដឹងថា មានជីវភាពមិនសូវធូរធារនោះទេ ដោយប្រកបរបរក្រៅពីសិល្បៈលក់ទឹសុទ្ធ ទឹកក្រូច នៅក្បែរចិញ្ចើមផ្លូវដើម្បីជួយផ្គត់ផ្គង់ដល់ជីវភាព ។
នាយចេក បានថ្លែងប្រាប់ Post Komsan ក៏ដូចជា Post News នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ឲ្យដឹងថា ប្រពន្ធរបស់លោក កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជម្នៈ ក្រុងតាខ្មៅ ជាមួយជំងឺពោះវៀនដុះខ្នែង កាលពីថ្ងៃទី១៦ ខែមករា ម្សិលមិញ។
នាយចេកបានបន្តទៀតថា អ្វីដែលកាន់តែធ្វើឲ្យលោកពិបាកបំផុតនោះ គឺមួយម៉ោងក្រោយម្តាយក្មេក របស់លោកបានឈឺបន្តទៀត ត្រូវបញ្ចូនមកកាន់មន្ទីរពេទ្យខាងលើ ដោយគាត់មានជំងឺបេះដូងរីក លើសឈាម ដោយធាតុពិតត្រូវបញ្ចូនទៅកាន់ក្រុងភ្នំពេញ ប៉ុន្តែដោយសារជីវភាព ក៏សម្រេចចិត្តមិនបញ្ចូន ដោយត្រឹមតែទុកព្យាបាលនៅពេទ្យក្រុងតាខ្មៅ។
តារាវ័យកាន់តែជ្រេខាងលើ បានបន្តទៀតថា ពេលនេះលោកកំពុងជួបនូវបញ្ហាថវិកា យ៉ាងធ្ងន់ធ្ងរ និងមិនលាក់លៀមនូវអ្វី ដែលខ្លួនអត់មាន ហើយក៏កំពុងខ្វះខាតលើបញ្ហាថ្លៃព្យាបាលសម្រាប់ប្រពន្ធ និង ម្តាយក្មេកផងដែរ ៕
https://www.youtube.com/watch?v=funp8NIB0HQ
មតិយោបល់