វាហាក់ដូចជាកម្រកើតមាន ក្នុងពិភពសិល្បៈដែលបង្ហាញពីសកម្មភាព ស្បថស្បែគ្នា ធ្វើជាបងប្អូន យ៉ាងដូច្នោះ ។ ប៉ុន្តែសម្រាប់នាយ ចឺម និងលោក ឈុន សុវណ្ណភក្តី ហៅនាយក្តី បានធ្វើឲ្យពិភពសិល្បៈភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនាយទាំងពីរអុជធូបស្បថ ធ្វើបងប្អូននឹងគ្នា។
ស្របពេលនឹងពិធីខួបកំណើតរបស់លោក ឈុន សុវណ្ណភក្តី ដែលធ្វើឡើងនៅក្នុងគេហដ្ឋានលោកផ្ទាល់នៅ បុរីវិមានភ្នំពេញ នាយ ចឺម និងនាយក្តី បានធ្វើការស្បថស្បែគ្នា ធ្វើបងប្អូនធម៌ ក្រោមវត្តមានឪពុកម្តាយទាំងសង្ខាង និងមិត្តរួមអាជីពនៃពិភពសិល្បៈ ។
នាយក្តី បានថ្លែងប្រាប់ Post News ឲ្យដឹងថា លោកពិតជាសប្បាយរីករាយណាស់ ដែលលោកបានស្បថជាមួយនឹងនាយចឺម ធ្វើបងប្អូននឹងគ្នា។ នាយក្តីថា មូលហេតុដែលធ្វើឲ្យលោក និងនាយចឺម ចាប់ដៃគ្នាធ្វើបងប្អូនធម៌ យ៉ាងដូច្នោះ គឺដោយសារតែសកម្មភាព ខ្លួនដូចគ្នាបេះបិទ រួមទាំងចិត្តផងដែរ ស្របពេលដែលថតខ្សែភាពយន្ត «អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ» ។
នាយចឺម និងនាយក្តី បានថ្លែងបន្តរួមគ្នាថា លោកទាំងពីរនាក់ស្រឡាញ់គ្នា ដូចបងប្អូនបង្កើត ហើយការអុធធូបស្បថនេះ គឺមិនបានសម្លឹងឃើញអ្វីគ្នាទៅវិញទៅមកនោះទេ គឺចិត្តនិងចិត្តតែម្តង ។
លោក ឈុន ឡាត់ ដែលត្រូវជាឪពុកលោក ឈុន សុវណ្ណភក្តី ក៏បានឲ្យដឹងផងដែរថា ឃើញកូនៗស្បថសូមគ្នា ធ្វើបងប្អូនធម៌ យ៉ាងដូច្នោះ គឺលោកពិតជាសប្បាយរីករាយ ដែលទទួលបានសមាជិកថ្មីមួយទៀត ដែលត្រូវហៅថាកូន បន្ទាប់ពី កូនភក្តី ហើយសប្បាយរកអ្វីផ្ទឹមបាន៕



មតិយោបល់