ក្រុមហ៊ុន Ford Motor ទើបបញ្ចេញរថយន្តមហាកម្លាំងស៊េរីឆ្នាំ ២០១៧ បំពាក់ម៉ាស៊ីនខ្លាំង និងលឿនបំផុតមិនធ្លាប់មានក្នុងកំណត់ត្រាប្រវតិ្តសាស្ត្ររបស់ខ្លួន។ វាជាម៉ាស៊ីន Turbo ភ្លោះ V6 ចំណុះ ៣.៥ លីត្រ ដែលអាចផលិតថាមពលខ្លាំងរហូតដល់ ៦៤៧ សេះ ហើយអាចបង្កើនល្បឿនរហូតដល់ ៣៤៧ គីឡូម៉ែត្រ/ម៉ោង ដែលជាមួយកម្រិតល្បឿននេះ វាអាចនឹងធ្វើឱ្យលោកអ្នកគាំងបេះដូងបាន។ មិនតែប៉ុណ្ណោះ វាមានសន្ទុះល្បឿនខ្លាំង ដោយអាចបង្កើនល្បឿន ០ ទៅ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើត្រឹមតែថេរវេលា ៣ វិនាទី ប៉ុណ្ណោះ បើទោះជាវាមានទម្ងន់រហូតដល់ ១៣៨៤ គីឡូក្រាម ក៏ដោយ។
Ford GT ស៊េរីឆ្នាំ ២០១៧ នេះ ត្រូវបានរចនាឡើងជាមួយរូបរាងថ្មីទាំងស្រុង មិនថាទម្រង់ស្លាបចាក់ខ្យល់ និងប៊ូមរបស់វាឡើយ ហើយចំណុចពិសេសថ្មីទាំងពីរ អាចជួយសម្រួលដល់ការបើកបរក្នុងល្បឿនលឿន ផ្គួបជាមួយប្រព័ន្ធចលករដែលយកលំនាំតាមរថយន្តប្រភេទប្រណាំង នឹងជួយឱ្យវាមានលំនឹង និងកម្លាំងសង្កត់ល្អ ទោះបីបើកបរក្នុងល្បឿនលឿនប៉ុណ្ណាក៏ដោយ។
មួយវិញទៀត វាមានកុងតាក់សម្រាប់ផ្លាស់ប្តូរលក្ខខណ្ឌក្នុងការបើកបរផ្សេងៗគ្នា។ ឧទាហរណ៍ ប្រសិនអ្នកបើកបរជ្រើសរើសយក Track mode នោះប៊ូមរបស់វានឹងលោតរឹង ហើយតួរថយន្តនឹងបន្ទាបចុះ ៥០ មីល្លីម៉ែត្រ ចំណែកស្លាបចាក់ខ្យល់របសវា នឹងមានចលនារលាស់ចុះឡើងទៅតាមកម្រិតល្បឿន និងសម្ពាធខ្យល់ ដើម្បីបន្ថែមកម្លាំងសង្កត់ និងជ្រែកខ្យល់អំឡុងពេលដែលវាមានប្រើកម្លាំងបោលទៅមុខខ្លាំង។
ចំពោះផលិតកម្មរថយន្ត GT ស៊េរីចុងក្រោយនេះ ទទួលផលិតដោយក្រុមហ៊ុន Multimatic របស់កាណាដា ក្នុងក្រុង Markham រដ្ឋ Ontario។ វានឹងផលិតចេញក្នុងចំនួនកំណត់ ២៥០ គ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែ រថយន្តដែលផលិតចេញក្នុង ដំណាក់កាលដំបូងៗ ត្រូវបានដឹកជញ្ជូនទៅដល់ដៃអតិថិជនរួចទៅហើយ៕
ប្រភពព័ត៌មាន៖ busiessinsider
មតិយោបល់