ប្រឡូកសិល្បៈអស់ច្រើនឆ្នាំ គេកត់សម្គាល់ថា លោក នាង វ៉ាងសាន់ ទទួលជោគជ័យគួរអោយកត់សម្គាល់ ក្នុងតំណែងជាពិធីករប្រចាំ នៅក្នុងទូរទស្សន៍ហង្សមាស។ សម្រាប់ការសម្ដែងលោកទើបតែមានឱកាសទទួលបានមួយរឿងប៉ុណ្ណោះ កាលពីថ្ងៃទី ២៩ មករា ខណៈដែលមួយរឿងជាការបើកឆាកនេះ ក៍ត្រូវផលិតករអោយសម្ដែងជាតួខ្មោចទៀត។
លោកនាង វ៉ាងសាន់ បានអះអាងថា សម្រាប់វិស័យភាពយន្ដ លោកទើបតែបានមួយរឿងក្នុងរឿង”រាជបូរី Comeback ” ប៉ុណ្ណោះ បន្ទាប់ពីលោក ហួរ សុផល ពេញចិត្តសមត្ថភាព ហើយអោយសម្ដែងជាតួអង្គកងរាជអាវុធហត្ថ ដែលត្រូវគេសម្លាប់។ លោកថានៅក្នុងរឿងនេះ លោកសម្ដែងជាខ្មោចដើរលងបន្លាចគេឯងល្អច្រើនជាង ដោយការសម្ដែងជាតួកងរាជអាវុធហត្ថ កាលនៅរស់ គ្រាន់តែជាឈុតស្រមៃ និងមិនសូវមានការសម្ដែងច្រើនទេ។ តាំងពីដើមដល់ចប់ សម្រាប់តំណែងរបស់លោក គឺត្រូវសម្ដែងជាតួអង្គខ្មោចភាគច្រើន ដោយឈុតឆាកក្នុងរឿង ក៍ជាតួអង្គបង្កភាពរន្ធត់មិនតិចដែរ។ ជាពិសេសគឺការចងគំនុំសងសឹក ជាមួយក្រុមចោរ ដែលបានសម្លាប់លោក ក្នុងពេលលោក ចុះបង្ក្រាបគ្រឿងញៀន។ លោកថាសប្បាយចិត្ត ដែលទទួលបានមួយរឿង បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ ក្រោយការជាប់តំណែងក្នុងកម្មវិធី Spy Guys and Girls Contest កាលពីឆ្នាំ២០១៥។
លោក នាង វ៉ាងសាន់ បានសារភាពថា ហេតុផលថដែលលោកមិនដែលបានប្រឡូកការសម្ដែង មិនមែនដោយសារតែមិនមានពេលទទួល នោះទេ ប៉ុន្តែដោយសារមិនមានអ្នកណាផ្ដល់ឱកាស និង អាចមកពីខាងផលិតករយល់ថាលោកជាពិធីករកុងត្រារបស់ហង្សមាស ហើយមិនអាចទទួលសម្ដែងបាន។ លោកថាខ្លួនទទួលសម្ដែងបានគ្រប់រឿង មិនថារឿងនោះជារឿងភាគក្រៅប៉ុស្ដិ៍ក៍ដោយ ពោលគឺលោកទទួលការងារប៉ុស្តិ៍ផ្សេងមិនបាន តែក្នុងករណីពិធីករមួយគត់។ លោកប្រកាសទទួលសម្ដែងគ្រប់តំណែង ក្នុងភាពយន្ដ បើទោះជាតួរាយរង និង ជាតួមិនសំខាន់៕
https://www.youtube.com/watch?v=fJ8PojxnKzE&feature=youtu.be
មតិយោបល់