ព័ត៌មានបច្ចេកវិទ្យា

Volkswagen ទម្លាក់ Toyota ចេញពីតំណែងក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតក្នុងលោកបានហើយ!

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen (VW) បានទាញទម្លាក់ក្រុមហ៊ុន Toyota ចេញពីតំណែងកំពូលនៃក្រុមហ៊ុនផលិតរថយន្តលក់ដាច់ជាងគេបំផុតនៅលើទីផ្សារសកល បន្ទាប់ពីក្រុមហ៊ុនយក្សរបស់ជប៉ុនមួយនេះ ចេញរបាយការណ៍លទ្ធផលលក់ទាបក្នុងឆ្នាំ ២០១៦ ដែលនាំឱ្យខ្លួនធ្លាក់ចេញពីតារាងកំពូលជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ។

ក្រុមហ៊ុន Toyota បានប្រកាសនៅថ្ងៃច័ន្ធនេះថា ខ្លួនបានលក់រថយន្តសរុបទូទាំងពិភពលោក បានចំនួន ១០.១៧៥ លានគ្រឿង នៅឆ្នាំមុន គឺកើន ០.២% ធៀបនឹងឆ្នាំ ២០១៥ ប៉ុន្តែ វានៅទាបជាងក្រុមហ៊ុន VW បន្តិច ដែលលក់បានសរុបចំនួន ១០.៣១ លានគ្រឿង ក្នុងរយៈកាលដូចគ្នា។

ក្រុមហ៊ុនផលិតរថយន្ត ១២ ម៉ាករបស់អាល្លឺម៉ង់ បានវិលទៅឈរនៅលំដាប់កំពូលសារជាថ្មី ត្បិតខ្លួនកំពុងតែវន្តក្នុងរឿងអាស្រូវលួចបន្លំលទ្ធផលវាស់កម្រិតបំភាយឧស្ម័នរថយន្ត ដែលនាំឱ្យប៉ះពាល់កិត្តិយសរបស់ក្រុមហ៊ុនយ៉ាងណាក៏ដោយ។

គួរបញ្ជាក់ថា ក្រុមហ៊ុន VW បានផុងក្នុងវិបត្តិធ្ងន់ធ្ងរបំផុតមិនធ្លាប់មានមួយ ចាប់ពីខែសីហា ឆ្នាំ ២០១៥ ដោយសារតែក្រុមហ៊ុនផលិតរថយន្តប្រណិតៗមួយនេះ ត្រូវបានគេរកឃើញថា បានលួចបញ្ចូលកម្មវិធីកែលទ្ធផលធ្វើតេស្តកម្រិតបំភាយឧស្ម័នលើម៉ាស៊ីនរថយន្តម៉ាស៊ូតចំនួន ១១ លានគ្រឿង នៅទូទាំងពិភពលោក។

ទោះយ៉ាងណា វិបត្តិនេះហាក់ដូចជាមានឥទ្ធិពលតិចតួចប៉ុណ្ណោះ ចំពោះភាពជឿទុកចិត្តរបស់អតិថិជនអ្នកបើកបរ ខណៈក្រុមហ៊ុនទើបប្រកាសក្នុងខែនេះ អំពីតួលេខលក់ប្រចាំឆ្នាំមុននេះដែលទទួលបានកំណើន ៣.៨%។

លោក Seiji Sugiura អ្នកឯកទេសវិភាគលើវិស័យយានយន្ត មកពីវិទ្យាស្ថានស្រាវជ្រាវ Tokai Tokyo បាននិយាយថា លទ្ធផលទាំងនេះ សរឱ្យឃើញពីសារសំខាន់នៃទីផ្សារចិន និងប្រជាប្រិយភាពម៉ាកសញ្ញារថយន្តក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Volkswagen។ លោកបន្ថែមថាៈ «ក្រុមហ៊ុន VW អាចឈរនៅលំដាប់កំពូលនៃតារាងក្នុងរយៈពេលពីរបីឆ្នាំបន្ទាប់ទៀត»។

លោក Hans Greimel អ្នកនិពន្ធអត្ថបទរថយន្តប្រចាំតំបន់អាស៊ីរបស់កាសែត Automotive News បាននិយាយថាៈ «ចិន គឺជាប្រទេសដែលបានធ្វើឱ្យការផ្លាស់ប្តូរនេះកើតឡើង»។

លោក Greimel បានថ្លែងបន្ថែមថា VW កំពុងឈរជើងយ៉ាងរឹងមាំនៅទីនោះ ហើយគេកំពុងឆក់ឱកាសដ៏ល្អនេះ ដើម្បីបង្កើនសក្តានុពលភាពទីផ្សាររបស់ខ្លួន។ ពេលនេះ ការលក់របស់ក្រុមហ៊ុនយក្សទាំងពីរ មានគម្លាតពីគ្នាតិចតួចក៏ពិតមែន ប៉ុន្តែ នៅប៉ុន្មានឆ្នាំខាងមុខ វានឹងឃ្លាតឆ្ងាយពីគ្នាឡើងៗ៕

ប្រភពព័ត៌មានៈ dw

មតិយោបល់