វត្តមានទៅបើកសម្ពោធបញ្ចាំងរឿងនៅខេត្តសៀមរាប តួអង្គ៣រូប ដែលជាតារាសំខាន់ក្នុងរឿងJailbreak (ការពារឧក្រិដ្ឋជន) បានធ្វើសកម្មភាព៣យ៉ាង ដោយក្នុងនោះក៏មានដំណើរទស្សនកិច្ចមន្ទីរពេទ្យកុមារអង្គរផង ដែលធ្វើអោយមានការចាប់អារម្មណ៍។ អ្នកទាំង៣បានអះអាងថា នឹងជួយបំផុសអោយមានចលនាជួយដល់មន្ទីរពេទ្យនេះ ដើម្បីអោយមន្ទីរពេទ្យកុមារអង្គររួចផុតពីការប្រឈមខ្វះខាត ដូចគ្នានឹងមន្ទីរពេទ្យគន្ធបុប្លា។
យោងតាមផលិតកររឿង Jailbreak បានអះអាងថាតាំងពីថ្ងៃបើកបញ្ចាំង រហូតមកទល់ថ្ងៃនេះ នៅខេត្តសៀមរាប និងតាមរោងនៅភ្នំពេញ នៅតែខ្វះសំបុត្រអោយអ្នកទស្សនាសម្រាប់ការបញ្ចំាំងរឿងក្នុងម៉ោងល្អៗ លើកលែងតែម៉ោងមួយចំនួនដែលជាម៉ោងមិនសូវត្រូវប៉ាន់ ទើបភ្ញៀវមកទិញសំបុត្រហើយបានចូលទស្សនា។ ជាក់ស្ដែងនៅថ្ងៃទី៣១ មករា ក្នុងពេលតួសម្តែង៣រូបគឺលោកអ៊ួ តារា លោកផង់ តារា និងកញ្ញា សំ ថារ័ត្ន ដែលជាតួសំខាន់ក្នុងរឿងចូលទៅពញាក់អារម្មណ៍អ្នកទស្សនា នៅក្នុងរោងកុនខេត្តសៀមរាប គឺមានអ្នកទិញសំបុត្រមិនបានច្រើន កកកុញត្រៀបត្រាព្រោះតែ Jailbreak កន្ទ្រាក់អ្នកទស្សនាមិនធម្មតា។ ក្រៅពីបានចំណាយពេលចូលពញាក់អារម្មណ៍អ្នកទស្សនា អោយអ្នកទស្សនាបានសួរនាំ និងបានថតរូបស្និទ្ធស្នាលខាងក្នុងរោងកុន តារាទាំង៣ក៏បានចំណាយពេលញាំអាហារជាមួយអ្នកគាំទ្រ៥រូប នៅខេត្តសៀមរាប ដែលឆ្លើយសំណួរបានល្អជាងគេ នៅទីរួមខេត្តនោះផងដែរ។ អ៊ីចឹងហើយទើបគេឃើញដំណើរ ទៅដល់ខេត្តសៀមរាប របស់អ្នកទាំង៣ មានការចាប់អារម្មណ៍ខុសពីតារា កន្លងមកដែលបានទៅពញាក់អារម្មណ៍ មហាជននៅក្នុងរោងកុនដូចគ្នា ដោយសារតែពួកគេក្រៅពីចូលពញាក់អារម្មណ៍អ្នកទស្សនាដល់រោងកុន ហើយក៏ចំណាយពេលញាំអាហារជាមួយអ្នកឆ្លើយសំណួរ បានល្អចំនួន៥រូប និងបានចំណាយពេលច្រើន ដើរទស្សនកិច្ចមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យនៅខេត្តសៀមរាប ទទួលព្យាបាលកុមារមិនគិតថ្លៃដូចគ្នានឹងមន្ទីរពេទ្យគន្ធបុប្ផា។
លោកសាវិន ហ្វីលីព ជាតួសម្ដែងមួយរូបដែរ បានអះអាងថាវត្តមាន ទៅដល់មន្ទីរពេទ្យកុមារអង្កររបស់តួអង្គJailbreak បានក្លាយជាសារយ៉ាងសំខាន់ជួយអោយមន្ទីរពេទ្យ ដែលប្រឈមនឹងការខ្វះជំនួយមួយនេះ ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្រុមសប្បុរសជន។ លោកថាតួអង្គទាំង៣ ក៏បានបំផុសអោយមានការយកចិត្តទុកដាក់ដល់មន្ទីរពេទ្យមួយនេះ ដោយលោកបង្ហាញការស្ងើចសរសើរ ដែលផលិតកររឿង Jailbreak ក្រៅពីបានចូលរូមលើកស្ទួយវិស័យភាពយន្តខ្មែរ អោយមានការទទួលស្គាល់ស្ដង់ដារ ក៏បានដឹកនាំតារាទាំង៣ និងក្រុមការងារទៅមើលពីទុក្ខលំបាករបស់មន្ទីរពេទ្យកុមារអង្គរ ដែលមិនខុសពីផ្ដល់កម្លាំងចិត្តដល់មន្ទីរពេទ្យនេះ។ លោកថាខ្លួននឹងមានគម្រោងស្វែងរកថវិកា ជួយដល់មន្ទីរពេទ្យនេះជាទ្រង់ទ្រាយធំ ខណៈដែលតួអង្គ និងផលិតកររឿងJailbreak ក៏សុទ្ធតែមានឆន្ទៈជួយក្នុងរឿងនេះ ដើម្បីជាប្រយោជន៍ដល់កុមារកម្ពុជា ដែលទទួលការព្យាបាល នៅមន្ទីរពេទ្យកុមារអង្គរ៕
មតិយោបល់