រាជធានីភ្នំពេញ ៖ ម្ចាស់ហាងផ្ទះឈើម្ហូបខ្មែរថៃចំនួន ២នាក់ និងភ្ញៀវចំនួន ៨នាក់ សរុបចំនួន ១០នាក់ (ស្រីម្នាក់) ដែលបើកហាង និងចូលទៅផឹកសើល្មើសនឹងបម្រាមគោចរ នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ។
គួររំលឹកថា យ៉ាងហោចណាស់មនុស្ស១៤នាក់(ស្រី០៥នាក់) ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ក្រោមការដឹកនាំដោយ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនក្រោមបទល្មើសបម្រាមគោចរ ខណៈដែលពួកគេនាំគ្នាប្រមូលផ្តុំផឹកស៊ីនៅក្នុងហាងយីហោ(ផ្ទះឈើម្ហូបខ្មែរថៃ) ដែលមានទីតាំងស្ថិតនៅភូមិភ្នាត សង្កាត់ស្ទឹង២ ខណ្ឌមានជ័យ នៅយប់០៩និង០០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ក្រោយពីការឃាត់ខ្លួនមនុស្សទាំង១៤នាក់នោះ មាន ៤នាក់ (ស្រី) ជាបុគ្គលិក ត្រូវបានធ្វើការអប់រំ ដោយឡែកម្ចាស់ហាង និងភ្ញៀវ សរុប ១០ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តទៅតាមនីតិវិធីច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់