ព័ត៌មានជាតិ

នាយទាហានសឹករងម្នាក់ ត្រូវថៅហាងខារ៉ាអូខេ ប្តឹងពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា

បន្ទាយមានជ័យៈ កាលពីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញនេះ នៅភោជនីយដ្ឋាន និងខារ៉ាអូខេ ហេង គង់ មានការភ្ញាក់ផ្អើលនិងភិតភ័យ មួយបានកើតឡើងខណៈដែលមានមន្ត្រីយោធាម្នាក់ជាមេបញ្ជាការសឹករងស្រុកមង្គលបូរីបានស្ពាយ ទុរសៀ និងកាន់កាំភ្លើងAK ដើរស្រែកឡូឡារកសម្លាប់ថៅកែហាង។

ប្រភពព័ត៌មានពី ឈ្មោះ បាន ដាលីន ភេទស្រី ដែលនៅក្នុងហេតុការណ៍ខាងលើឲ្យដឹងថា ដោយសារតែលោក កែវ ស៊ុនលី មេបញ្ជាការសឹករងស្រុកមង្គលបូរីបាន ចាក់ស្រាចូលក្នុងក្បាលមេ ក្រូបណ្តាលឲ្យខូច ហើយពេលគិតលុយ ថៅកែបានគិតបញ្ចូល ទៅនឹងការខូចក្បាលមេក្រូដែរ ដែលមានតម្លៃ២០០ដុល្លារ។ តែគាត់បានឡូឡាមិនចង់សងទេ ថែមទាំងជេរប្រមាថមកលើនារីបម្រើសេវា និងកម្មករថែមទាំងថៅកែថែមទៀត ។

ប្រភពដដែលបានបញ្ជាក់ថា នៅម៉ោងប្រមាណជាង៣រសៀល គឺគាត់និងគូកនព្រមទាំងប្រពន្ធមានគ្នា៦នាក់ បានចូលមកច្រៀងក្នុងបន្ទប់ខារ៉ាអូខេមួយមានឈ្មោះ កាណាដា ច្រៀងអស់២ម៉ោង។ ពេលកំពុងច្រៀងលោក កែវ ស៊ុនលី តែងតែព្យាយាមជេរនិងស្តីឲ្យអ្នកចាក់បទចម្រៀងជាញឹកញ៉ាប់ មិនតែប៉ុណ្ណោះបានយកស្រា មកចាក់លើក្បាលមេក្រូទៀត។ ក្រោយគិតលុយរួចហើយ លោក កែវ ស៊ុនលី ក៏បានចេញមកស្រែកឡូឡានៅខាងក្រៅមុខបន្ទប់។ បន្ទាប់មកក៏បើករថយន្តចេញទៅ។ មួយសន្ទុះក្រោយក៏បានវិលមកសារជាថ្មី ដោយយកកាំភ្លើងវែងមួយដើមមកជាមួយ ធ្វើឲ្យទាំងកម្មករនិងថៅកែរត់គេចបាតជើងសព្រាត។ ដោយឃើញសភាពករណ៍មិនស្រួលលោក ហេង គង់ ក៏គេចខ្លួនតាមទ្វារក្រោយចាកចេញពីហាងបាត់ហើយលោក កែវ ស៊ុនលី ក៏រថយន្តទៅបាត់ដែរ។

ជុំវិញការចោទប្រកាន់នេះលោក កែវ ស៊ុនលី មេបញ្ជាការសឹករងស្រុកមង្គលបូរីបានឲ្យដឹងថា លោកមិនបានយកស្រាចាក់ស្រាចូលមេក្រូបណ្តាលឲ្យខូចនោះទេ។ មេក្រូនោះគឺពេលច្រៀងមិនឭ លោកក៏បោះទៅលើពូក តែអ្វីផ្សេងលោកមិនដឹងទេ។ លុះគិតលុយទើបគេនិយាយថាមេក្រូខូចព្រោះចាក់ស្រា។ លោកក៏បានធ្វើការប្រកែកព្រោះវាហួសហេតុពេក ផឹកស្រាមួយកេះអស់មួយលាន។

តែទោះជាយ៉ាងណាក៏ដោយ លោក កែវ ស៊ុនលី ត្រូវបានម្ចាស់ហាងហេង គង់ ប្តឹងពីបទ ប៉ុនប៉ងមនុស្សឃាត ដោយចេតនា និងអុកឡុកបង្កភាពអសន្តិសុខក្នុងសង្គម ពិសេសភ្ញៀវនិងកម្មករមានការភិតភ័យខ្លាំង។

ម្ចាស់ហាងបានអំពាវឲ្យសមត្ថកិច្ចជំនាញអនុវត្តច្បាប់១០០% ដោយចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

https://youtu.be/sBXxjHX4F_g

មតិយោបល់