នៅទីបំផុតអតីតបេក្ខជនFreshie Boy ២០០៥លោកវីជេអាឡាស្កូ ពិតជាបានគ្រងតំណែងជាម្ចាស់ពានក្នុងកម្មវិធី«ពានលេខ១១Star Zeus»មែន ផ្នែកពិធីករឆ្នើម នៅវគ្គបញ្ចប់កាលពីយប់ថ្ងៃទី២ កុម្ភៈ។
យ៉ាងណាមិញនោះគ្រាន់តែជាការចាក់ផ្សាយដោយទូរទស្សន៍អប្សរាប៉ុណ្ណោះ ដោយបេក្ខជនបេក្ខនារីបានទទួលពានតាំងពីប៉ុន្មានថ្ងៃមុន តែពិសេសចំពោះលោក អាឡាស្កូ ត្រង់ការចាក់ផ្សាយត្រូវចំថ្ងៃ កំណើតរបស់លោក។
វីជេអាឡាស្កូ ដែលមានឈ្មោះដើមថាអៀង សំអាត បានអះអាងថាក្រោយពេលទទួលបានចំណាត់ថ្នាក់ជាពិធីករឆ្នើមក្នុងចំណោមពិធីករអាជីពជាបេក្ខជនរបស់កម្មវិធីជាច្រើនភ្លាមៗ លោកក៍បានយកពានដែលទទួលបាននោះទៅប្រគល់ជូនដល់ម្ដាយនៅទីរួមខេត្តកំពង់ឆ្នាំង ដោយម្ដាយរបស់លោករំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែក។
នេះជាលើកទី១ដែលលោកទទួលបានពានជាពិធីករឆ្នើម បន្ទាប់ពីបានប្រឡូកអាជីពកាន់ក្បាលមេក្រូលើឆាកតន្ត្រី និងគ្រប់គ្រងកម្មវិធីតូចធំតាំងនៅឆ្នាំ២០០៨នៅក្នុងប្រទេសកូរ៉េ។ រយៈពេល៨ឆ្នាំនៅក្នុងប្រទេសកូរ៉េ លោកថាខ្លួនបានប្រឡូកការងារជាពលកររោងចក្រ តែដោយសារតែលោកមានជំនាញអត្ថាធិប្បាយ ទើបត្រូវបានសមាគមន៍ខ្មែរនៅក្នុងប្រទេសកូរ៉េផ្ដល់ឱកាសអោយធ្វើជាពិធីករ ដោយបានទាំងប្រគល់ការងារអោយរៀបចំព្រឹត្តិការណ៍សិល្បៈសម្រាប់ពលកររួមជំនាន់ ធ្វើអោយក្រោយបញ្ចប់កុងត្រាត្រលប់មកស្រុក លោកមានជំនាញពិធីករយ៉ាងច្បាស់នោះផងប
។
លោកថាបទពិសោធន៍សិល្បៈនៅក្នុងប្រទេសកូរ៉េ ធ្វើអោយលោកជោគជ័យ និងបានបោះជំហានក្លាយជាតារាម្នាក់នៅក្នុងប្រទេសកម្ពុជា ជាពិសេសបន្ទាប់ពីបានចូលប្រកួតក្នុងកម្មវិធី«ស្ពានលេខ១១Star Zeus !»ដោយបានទាំងទទួលតំណែងជាពិធីករឆ្នើមនៅចុងកម្មវិធីដែលលោកមិននឹកស្មាន។
លោកថាពានដែលបានប្រគល់នោះរួមមានពានពិធីករពិធីការិនីឆ្នើម ពានតារាសម្ដែងឆ្នើមប្រុសស្រី និងពានតារាកំប្លែងឆ្នើមប្រុសស្រី។ ទឹកប្រាក់ចែកគ្នាក្នុងម្នាក់ៗច្រើនលាន ក៍ត្រូវលោកផ្ដល់មួយចំណែកធំជូនម្ដាយ នៅថ្ងៃចូលឆ្នាំចិនផងដែរ។
លោកថាកម្មវិធីបានបញ្ចប់តាំងពីមុនចូលឆ្នាំ ប៉ុន្តែមកពីលើទូរទស្សន៍មិនទាន់ចាក់ផ្សាយ ទើបលោកមិនអាចទម្លាយរឿងយកពាន ទៅប្រគល់ជូនម្ដាយ ហើយរំភើបចិត្តនឹងរឿងម្ដាយបង្ហូរទឹកភ្នែក។ លោកប្រកាសឈោងចាប់អាជីពពិធីករទូរទស្សន៍ក្រោយការទទួលពាន ដោយបានប្រកាសថាបណ្ដាស្ថានីយណាមួយ ដែលផ្ដល់ឱកាសអោយលោកមុនគេ គឺលោកនឹងទទួល។
លោកថានាពេលកន្លងមកមានការទាក់ទងអោយលោកធ្វើជាពិធីករច្រើនហើយ តែលោកមមាញឹកនឹងការប្រលង ទើបមិនអាចទទួលយកបាន។ ក្នុងចំណោមអាជីពសិល្បៈ ពិធីករគឺជាអ្វីដែលលោកស្រឡាញ់ផ្កាប់មុខ អ៊ីចឹងហើយទើបលោកមិនសូវសង្វាតទទួលការសម្ដែង ស្របគ្នាដែលលោកក៏ទើបតែបើកជំនួញទទួលរៀបចំប្រគំតន្ត្រី ហើយមមាញឹកខ្លាំង។
លោកថានេះជាពានសំខាន់សម្រាប់ជីវិត ខណៈដែលគ្រួសាររបស់លោក ជាពិសេសគឺម្ដាយ ក៍មិនចង់ជឿភ្នែកថាលោកធ្វើបាន។ ខួបកំណើតឆ្នាំនេះដ្បិតថាមិនបានជួបជុំគ្រួសារ ក៍លោកនៅតែសប្បាយចិត្ត ដោយសារថ្ងៃ២ កុម្ភៈ ដែលជាថ្ងៃកំណើតរបស់ខ្លួន ជាថ្ងៃដែលប៉ុស្ដិ៍អប្សរាបានប្រកាសពីការឈ្នះពាន ដែលមិនខុសពីការទទួលកាដូធំក្នុងជីវិត៕
មតិយោបល់