ព័ត៌មានសិល្បៈ និងកម្សាន្ត

ទេព កញ្ញា យកថ្ងៃផ្លុំទាន ច្រានរឿងស្នេហា

ខណៈដែលអ្នកសិល្បៈភាគច្រើនបានអះអាងថារវាងតារាសម្ដែងនាងទេព កញ្ញា និងតារាសម្ដែងរូបសង្ហារម្នាក់គឺជាគូស្នេហ៍ក្រៅឆាកនឹងគ្នា តារារូបនេះបានច្រានចោលទាំងស្រុងថានោះគឺជាការភាន់ច្រលំ។

នាងបានឆ្លើយបញ្ជាក់បែបនេះ ក្នុងថ្ងៃប្រារព្ធខួបកំណើតគម្រប់១៩ឆ្នាំ កាលពីយប់ថ្ងៃទី២ កុម្ភៈ នៅភោជនីយដ្ឋានវីហ្វ្រេននៅផ្សារដេប៉ូ។
ទេព កញ្ញា បញ្ជាក់ថា ដោយសារទំនាក់ទំនងស្និទ្ធស្នាលរវាងនាង និងតារាម្នាក់ក្រោយមានឱកាសសម្ដែងរួមគ្នាមានភាពលើសពីមិត្តទើបធ្វើអោយតារាសិល្បៈ និងមហាជនជចាត់ទុកថារវាងនាង និងតារាម្នាក់នោះជាគូស្នេហ៍នឹងគ្នា។ នាងថាទំនាក់ទំនងនោះគ្រាន់តែជាមិត្តភ័ក្ត្រប៉ុណ្ណោះ បើទោះជានាងទទួលស្គាល់ថារវាងនាង និងតារាម្នាក់នោះ ស្និទ្ធិស្នាលគ្នាមិនខុសពីមិត្តភ័ក្ដ្រល្អូកល្អិន ដែលពិបាកអោយមហាជនមិនជឿថាជាស្នេហា។

នាងថាមិនខ្វល់ពីរឿងអ្នកជឿ ឬមិនជឿនោះទេ ដោយសារតែនាងនៅស្រឡាញ់សិល្បៈ ហើយមិនចង់គិតគូក្នុងរឿងស្នេហានោះទេ ព្រោះតែខ្លាច បែកអារម្មណ៍។ នាងនៅតែចាត់ទុកថាខ្លួនឯងនៅក្មេង និងមិនទាន់ដល់វ័យត្រូវគិតស្នេហា និងចាត់ទុកថារវាងនាង និងតារាប្រុសជាដៃគូដែលមហាជនកត់សម្គាល់ពីទំនាក់ទំនង គ្រាន់តែរាប់អានគ្នា។ នាងថាតារាសិល្បៈមិនមែនជាបុរសក្នុងក្ដីសុបិន្តរបស់នាងនោះទេ ក្នុងពេលដែលនាងបានកត់សម្គាល់ឃើញថាស្នេហាក្មេងៗ ឬស្នេហារវាងអ្នកសិល្បៈ និងសិល្បៈភាគច្រើនផុយស្រួយ។

ក្នុងនោះនាងក៏បានច្រានចោលនូវរាល់ព័ត៌មានដែលបានសង្ស័យថានាងបង្កាត់ស្នេហាជាមួយបុរសនៅក្រៅសិល្បៈ ហើយយកតារាសម្ដែងជាដៃគូដើម្បីបង្វែងដានផងដែរ។ នាងថាខ្លួនមានបុរសច្រើនតាមស្នេហ៍ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានបុរសណាម្នាក់អន្ទងយកបេះដូងរបស់នាងនៅឡើយទេ ដោយសារតែនាងយល់ថាបើមានស្នេហានឹងប៉ះពាល់ដល់ការងារសិល្បៈ។ នាងនឹងជ្រើសស្នេហាក្រោយពេលរយាលឆ្ងាយពីការសម្ដែង ដោយអះអាងថាបើមានស្នេហានឹងប្រកាសដោយមិនលាក់លៀម។

ក្នុងពិធីខួបកំណើតនោះ ទេព កញ្ញា ដែលត្រូវគេស្គាល់ថាជាប្អូនស្រីបង្កើតរបស់តារាសម្ដែងនាងទេព សម្ផស្ស ឬតួនាងរក្សា បានអះអាងថានឹងត្រូវសម្ដែងតួឯកពីរបីរឿងទៀត ក្រោយពីបានប្រឡូកសិល្បៈតែមួយប្រាវក៏បានទទួលតំណែងតួឯក៣រឿងជាប់គ្នា ដែលរឿងទាំងនោះនឹងបញ្ចាំងតាមកញ្ចក់ទូរទស្សន៍នាពេលដ៏ខ្លី។ អ៊ីចឹងហើយទើបនាងសម្រេចចិត្តធ្វើពិធីខួបកំណើតជូបជុំតារាសិល្បៈកាលពីថ្ងៃទី២ កុម្ភៈ ដោយក្នុងពិធីខួបដែលទទួលភ្ញៀវជិត២០០នាក់នោះ តារាសិល្បៈចាស់ក្មេងល្បីឈ្មោះជាច្រើនត្រូវគេឃើញបង្ហាញខ្លួន៕

https://www.youtube.com/watch?v=2jhTKBIp9qE

មតិយោបល់