មិនខុសពីតារាសិល្បៈមួយចំនួននោះទេ តារាសម្ដែងសក់សំពោង លោក វី ជីវ័ន្ត ក៏បានប្រកាសដូចគ្នា នឹងតារាដែលកំពុងជោគជ័យលើជំនួញដីធ្លីផ្សេងទៀតផងដែរ ថាលោកនឹងចាប់ផ្ដើមធ្វើជំនួញនេះ ដើម្បីកុំអោយពឹងតែមួយផ្នែក ក្នុងអាជីពសិល្បៈ។ លោកថា គឺដល់ពេលហើយ ដែលលោកនឹងធ្វើជំនួញដីធ្លីដូចគ្នានឹងតារាមួយចំនួន ស្របគ្នាដែលក្រុមហ៑ុនដីធ្លីមួយ ក៏ធ្វើអោយលោកកក់ក្ដៅ។
តារាសម្ដែង និងជាតារាចម្រៀង លោក វី ជីវ័ន្ត ថ្លែងក្នុងពិធីបើកសម្ពោធគម្រោងពុះឡូតិ៍ថ្មី របស់ក្រុមហ៑ុនសេងហាន នៅម្ដុំផ្លូវលេខ៥១ កាលពីព្រឹកថ្ងៃទី១៧ មិនាថា លោកកាន់តែមានចំណាប់អារម្មណ៍ខ្លាំងឡើង ក្នុងគម្រោងចូលហ៑ុនពុះលក់ដីឡូតិ៍ បន្ទាប់ពីមុខជំនួញនេះ កាន់តែសន្ទុះ ហើយក៏តារាច្រើននាក់ ដែលប្រឡូកជោគជ័យ។ លោកថាហេតុផល ដែលខ្លួនទើបតែចង់ ចាប់ផ្ដើមនៅក្នុងពេលនេះ ក៏ព្រោះតែមិនទាន់រកឃើញដៃគូ។ យ៉ាងណាមិញ លោកបានប្រកាសថា ខ្លួនសំឡឹងឃើញដៃគូ គឺក្រុមហ៑ុនសេងហានពុះលក់ដីឡូតិ៍នោះហើយ ទើបលោកសម្រេចចិត្តថា នឹងចាប់ដៃ ដោយគ្រាន់តែក្នុងពេលនេះ ស្ថិតក្នុងលក្ខណ្ឌសិក្សានៅឡើយ។ លោកថាខ្លួនស្ថិតក្នុងជម្រើសចូលហ៑ុន ឬគ្រាន់តែឈរធ្វើជាតំណាង ដោយសារក្រុមហ៑ុននេះ ក៏ជាក្រុមហ៑ុនពុះឡូតិ៍ធំ និងមានបទពិសោធន៍ជោគជ័យលើមុខជំនួញនេះ ជាយូរមកហើយ។
មិនខុសគ្នាដែលតារាចម្រៀង២ រូបផ្សេងទៀត គឺលោក សេម ម៉ាក និងលោក កែវ មរកត ក៏បង្ហាញជំហរបែបនេះ ដូចគ្នាផងដែរ ខណៈដែលលោកកែវ មរកត បានអះអាងថា លោកបានសម្រេចចិត្ត ធ្វើជាអ្នកផ្សព្វផ្សាយអោយក្រុមហ៑ុននេះរួចបាត់ទៅហើយ បន្ទាប់ពីបានសិក្សា ហើយកត់សម្គាល់ឃើញថា ក្រុមហ៑ុនសេងហាន ជាក្រុមហ៑ុនស្របច្បាប់ ហើយពុះឡូតិ៍នៅម្ដុំផ្លូវ៥១ ជាតំបន់ដែលមានសក្កានុពល និងដាក់លក់បង់រំលោះក្នុងតម្លៃទាប។
អគ្គនាយកក្រុមហ៑ុនសេងហានពុះដីឡូតិ៍ លោក យ៉ន សេងហាន បានថ្លែងការសាទរ ចំពោះជំហររបស់លោក វី ជីវ័ន្ត ដែលចង់ចូលរួមធ្វើជាដៃគូ របស់លោក។ ក្នុងពិធីបើកគម្រោងថ្មី ទំហំ៨ហិចតាចម្ងាយពីថ្នល់ទទឹងលើផ្លូវ៥១ប្រមាណ៥គីឡូ ស្ថិតនៅទល់មុខវត្តគល់តាឡឹក កាលពីព្រឹកថ្ងៃទី១៧ មិនា នោះ លោកថា ក្រុមហ៊ុន ត្រូវការការចូលរួមយ៉ាងសកម្ម ពីតារាសិល្បៈច្រើនណាស់ ពោលគឺអោយតែមានឆន្ទៈចង់ធ្វើជំនួញ គឺលោកនឹងបើកឱកាស។ លោកថា តម្លៃដីក្នុងគម្រោងថ្មី គឺចាប់ពី៣ពាន់ដុល្លារក្នុង១ឡូ ខណៈដែលតម្លៃទីផ្សារគឺពី ១២០០០ ទៅ១៥០០០ដុល្លារ ក្នុងមួយឡូតិ៍។
មិនដល់១ឆ្នាំ២ឆ្នាំទៀតនោះទេ លោកថា ទីតាំងនៅក្នុងតំបន់ ដែលលោកពុះឡូតិ៍នេះ នឹងក្លាយជាតំបន់ប្រជុំជនមួយ ដោយសារលើបណ្ដោយផ្លូវលេខ៥១ សុទ្ធតែជាគម្រោងរោងចក្រធំៗ ហើយគោលការណ៍លក់របស់ក្រុមហ៑ុន នៅក្នុងពេលនេះ ក៏ស្ថិតក្នុងលក្ខខណ្ឌបង់ផ្តាច់ បង់រំលោះ និងបង់ជាដំណាក់កាល។ លោកថា ក្រុមហ៑ុនទទួលជោគជ័យលើ៤ គម្រោងមកហើយ ដោយគម្រោងទី១ ,ទី២,ទី៣,និងទី៤ សុទ្ឋតែមានផ្ទៃដី១០ហិចតា១៥ហិចតា ២០ រហូត៤០ហិចតាជាង ហើយលក់អស់ៗ មិនដែលខាន។ លោកថា ក្រុមហ៑ុននឹងមានគោលការណ៍ចាប់ដៃ ជាមួយតារាច្រើននាក់ ក្នុងគម្រោងអាជីវកម្មនេះ ដើម្បីផ្ដល់ឱកាសអោយតារាសិល្បៈ ដូចជាលោក វី ជីវ័ន្ត ជាដើមមុខជំនួញក្រៅសិល្បៈ៕
មតិយោបល់