ព័ត៌មានជាតិ

បុរសនិងក្មេងតូចម្នាក់រងរបួសធ្ងន់ ខណៈដែលបើករថយន្តទៅបុករនាំងថ្មចែកទ្រូងផ្លូវយ៉ាងពេញទំហឹង

ភ្នំពេញៈ បុរសម្នាក់ និងក្មេងតូចម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើករថយន្តមួយគ្រឿង ចេញពីពិសារនៅភោជនីយដ្ឋានមួយកន្លែង រួចធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ខណៈពេលមកដល់ចំណុចកើតក្បែរសួនច្បារក្តាន់ពីរ ក៏រេចង្កូតជ្រុលទៅបុកក្បាលព្រួញ ចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ។ ចំណែកជនរងគ្រោះត្រូវបានរថយន្តសាមុយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង២០នាទី យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ទល់មុខសួនច្បារក្តាន់២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមសម្តីរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់និងគ្រួសារ របស់គាត់បានបើករថយន្ត មួយគ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-7077 បើកបរដោយបុរសជាប្តី ជិះដោយប្តីប្រពន្ធ២នាក់ និងកូនប្រុសម្នាក់ ទើបតែចេញពី ពិសារអាហារនៅហាងមួយកន្លែង បន្ទាប់មកក្រុមគ្រួសាររបស់គាត់ត្រឡប់ទៅផ្ទះវិញ ខណៈមកដល់ចំណុចកើតហេតុខាងលើ នៅពេលនោះមេឃធ្លាក់ភ្លៀងរលឹមផងនោះ រថយន្តក៏បានរេចង្កូតជ្រុលទៅបុកក្បាលព្រួញ ចែកទ្រូងផ្លូវ បណ្តាលឲ្យ បុរសជាប្តីរងរបួសធ្ងន់ និងកូនប្រុសរងរបួសស្រាល ត្រូវបានរថយន្តសាមុយបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខផងដែរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯរថយន្តត្រូវបានសមត្ថកិច្ចចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តមកចូលខ្លួនដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់