ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា៣ដួងថ្មី ក្លាយជាមុខសញ្ញាសុំឈប់ពីហង្សមាស

បើទោះជាមានការប្រកែកថាមិនបានដាក់ពាក្យសុំនោះក៏ដោយ ក៏ប្រភពដែលអាចទុកចិត្តបានអះអាងថាតារាចម្រៀង៣ដួងនឹងបន្តកន្ទុយដើរចេញពីហង្សមាស បន្ទាប់ពីអស់សង្ឃឹមច្រើនឡើងជាមួ។ នឹងផលិតកម្មហង្សមាស។ តារាទាំងនោះរួមមានអ្នកនាង យក់ ឋិតរដ្ឋា លោកនៅ ស៊ីនឿន និងកញ្ញា សុន ស្រីពេជ្រ។

បន្ទាប់ពីលោកអ៊ិន ទីតូ អ្នកចាត់ការទូទៅប្រចាំផលិតកម្មហង្សមាសបានសម្រេចចិត្តចូលថោន មានការទម្លាយខ្លាំងឡើងថា ផលិតកម្មហង្សមាសនឹងបន្តបាត់បង់ធនធានអ្នកដឹកនាំសម្ដែង និងតារាចម្រៀងបន្ថែមទៀត បន្ទាប់ពីកញ្ញាឈិត សុវណ្ណបញ្ញា ក៏ទើបនឹងដាក់ពាក្យសុំចេញ។

ប្រភពដែលអាចទុកចិត្ត បានអះអាងថា លោក នៅ ស៊ីនឿនដ្បិតថាមិនទាន់បានដាក់ពាក្យចេញ ប៉ុន្តែលោកបានបង្ហើបពាក្យប្រាប់ថាគេលោកលែងមានសង្ឃឹមជាមួយទ្រនំមួយនេះទៀតហើយ ស្របគ្នាដែលលោកកាន់តែឃើញហង្សមាសជ្រើសតារាចម្រៀងច្រើនឡើង ដែលធ្វើឲ្យការលើកស្ទួយចំពោះលោកកាន់តែក្រដល់វេណ។ លោកបានព្រលយប្រាប់អ្នកជិតស្និទ្ធថាខ្លួនប្រហែលជាឈរលំដាប់លេខរាងទី២បន្ទាប់ពីឈិត សុវណ្ណបញ្ញា ប្រសិនបើការគិតគូររបស់ហង្សមាសមិនមានដំណោះស្រាយឲ្យលោកកក់ក្ដៅ។

យ៉ាងណាមិញ លោកនៅ ស៊ីនឿន មុននេះបន្តិចលោកបានបញ្ជាក់ហើយថាអត់ទាន់មានការដាក់ពាក្យសុំឈប់នោះ ខណ:ដែលមិត្តជិតស្និទ្ធិរបស់លោកឆ្លើយថាលោកពិតជាមិនទាន់ដាក់ ប៉ុន្តែមិនមែនអត់គម្រោងនោះឡើយ។

អ្នកនាង យក់ ឋិតរដ្ឋា ត្រូវគេឃើញផ្ទុះអារម្មណ៍ឆ្អែតចិត្តជាមួយហង្សមាសតាំងពីមុនគេមុនឯងទៅទៀត តែនាងបញ្ជាក់ថារង់ចាំដំណោះស្រាយមួយខ្យល់ទៀតសិនទើបអាចប្រាកដថាឈប់ពីហង្សមាស ឬយ៉ាងណា។ ស្វាមីរបស់អ្នកនាងបញ្ជាក់ថាអ្នកនាងមិនអាចបន្តទ្រាំដោយគ្មានលទ្ធផលចំពោះខ្លួនបែបហ្នឹងយូរទៀតនោះទេ តែក៏មិនដើរចេញភ្លាមៗដោយមិនទុកពេលឲ្យខាងផលិតករគិតគូរនោះដែរ។ លោកថាមន្ត្រីហង្សមាសបានហៅភរិយាខ្លួនទៅចចារទើបនាងសម្រេចចិត្តរង់ចាំមួយរយ:សិន ដោយមិនទាន់ក្រេវក្រោធដូច ឈិត សុវណ្ណបញ្ញា។

កញ្ញាសុន ស្រីពេជ្រ ឯណោះវិញ ក៏នៅតែរក្សាជំហរចាកចេញពីផលិតកម្មហង្សមាសនោះដែរ បន្ទាប់ពីអះអាងថាសមត្ថភាពដែលខ្លួននាងមាន លែងជាចំណាប់អារម្មណ៍របស់ហង្សមាស។ នាងថាថ្នាក់លើត្រូវការតែតារាយុវវ័យថ្មីៗប៉ុណ្ណោះ ទើបនាងយល់ថាបើបន្តតស៊ូ ក៏នឹងហុចផ្លែផ្លាមិនច្រើន។ យ៉ាងណាមិញ នាងថាមិនទាន់ច្បាស់ថានឹងដាក់ពាក្យសុំឈប់ឲ្យប្រាកដពេលណានោះទេ ដោយនាងបញ្ជាក់ថារង់ចាំបន្តិចសិន។

ជាមួយនាងការអន់ចិត្តរបស់តារាទាំង៣ខាងលើ តារាពីរបីផ្សេងទៀតក៏មានអារម្មណ៍មិនខុសគ្នាផងដែរ ដោយគ្រាន់តែពួកគេហាក់មិនមានគម្រោងដើរចេញ។ ក្នុងនោះផលិតករពីរ៣រូបក៏បានជជែកគ្នាពីការចង់ចេញផងដែរ ប៉ុន្តែលោក អ៊ឹង សុខលី មន្ត្រីជាន់ខ្ពស់របស់ហង្សមាសបានអះអាងថានោះគឺជាការសម្រេចចិត្តរបស់អ្នកខាងលើដោយខាងហង្សមាសមិនយល់ស្របថាបើតារាចម្រៀងទាំង៣ខាងលើសុំចេញ នឹងធ្វើឲ្យហង្សមាសធ្លាក់កូដនោះទេ។ យ៉ាងណាមិញ លោកថាតារាខាងលើនឹងមិនធ្វើបែបនោះ ដោយសារតែហង្សមាសនៅតែមានវិធានការលើកស្ទួយពួកគេ៕

មតិយោបល់