ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ៅ ហាជី ចេញបទនៅថោន អត់ខ្វល់បណ្ដឹងហង្សមាស

បើទោះជាមុននេះបន្តិចលោកមាស រិទ្ធី អគ្គនាយករងទូរទស្សន៍ហង្សមាសបានប្រកាសថាទោះជាផុតកុងត្រារយៈពេលមួយឆ្នាំក្រោយប្រលងចប់Cambodian Idol រដូវកាលទី១ ក៏អតីតបេក្ខជនលោកម៉ៅ ហាជី មិនអាចចូលច្រៀងនៅផលិតកម្មណាមួយដោយសារតែជាប់បណ្ដឹងជាមួយហង្សមាស ក៏មានការប្រកាសថាតារាចម្រៀងរូបនេះចូលផលិតកម្មថោនជាផ្លូវការ។ លោកត្រូវគេឃើញសម្រុកចេញថតបទOriginal Song ក្នុងនាមជាតារាចម្រៀងផលិតកម្មថោន។

លោកវ៉ាត់ លីម៉េង អ្នកដឹកនាំសម្ដែងរបស់ផលិតកម្មថោន បានប្រកាសនៅលើហ្វេសប៊ុកថាលោកម៉ៅ ហាជី បានក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ផលិតកម្មថោនហើយ ដោយលោកនឹងមានបទថ្មីមិនចម្លងពីបរទេសចេញលក់ក្នុងពេលឆាប់ៗនោះផង។

លោកថាបទថ្មីរបស់តារាសមាជិកថ្មីរូបនេះ ត្រូវបានសម្រុកថតយ៉ាងយកចិត្តទុក ជាមួយនឹងការរំពឹងខ្ពស់នៅលើទីផ្សារ។ យ៉ាងណាមិញ មិនមានមន្ត្រីណាម្នាក់ថាហៅ ហាជី កុងត្រាជាមួយផលិតកម្មថោនប៉ុន្មានឆ្នាំនោះទេ។

លោកម៉ៅ ហាជី មិនអាចសុំការបញ្ជាក់ក្រោយស្ងាត់ៗចូលកុងត្រាជាមួយថោន ទាំងខាងហង្សមាសបានអះអាងថានៅជាប់បណ្ដឹងនោះទេ។ ប៉ុន្តែក្នុងជំនួបដោយផ្ទាល់មុននេះលោកអត់ខ្វល់នឹងបណ្ដឹងរបស់ហង្សមាស ដោយលោកប្រកាសបើហង្សមាសចង់សើរើបណ្ដឹង លោកក៏មានមេធាវីដើម្បីតតាំង។ លោកថាខ្លួនផុតកុងត្រាជាមួយកម្មវិធីប្រលងរបស់ហង្សមាសយូរហើយ ដូច្នេះលោកអត់ខ្វល់ពីរឿងចំណាត់ការរបស់ហង្សមាស។
យ៉ាងណាមិញលោកមាស រិទ្ធី ធ្លាប់ប្រកាសថាទោះជារយៈពេលជាមួយ Cambodian Idol ត្រូវបានបញ្ចប់ ប៉ុន្តែលោកម៉ៅ ហាជី មិនបានចូលបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងរបស់ហង្សមាសនោះទេ ទើបវត្តមានចូលថោនក្រោយរឿងអាស្រូវស្ងប់ស្ងាត់ បើហង្សមាសសើរើនៅតែមានប្រសិទ្ធិភាព៕

មតិយោបល់