ខុសពីតារាភាគច្រើនដែលចូលរួមក្នុងយុទ្ធនាការផ្ដល់ឈាម តែងត្រូវចំណាយឈាមតាមរយៈការបរិច្ចាគជូនដល់អាជ្ញាធរជាតិផ្ដល់ឈាម តារាសិល្បៈជាង៣០រូប របស់គ្រួសារតារាកម្ពុជា ដែលបានបង្ហាញខ្លួន ក្នុងពិធីបរិច្ចាគឈាមពេញមួយថ្ងៃទី៧ កុម្ភៈ នៅសាលាភូមិន្ទកសិកម្មចំការដូង បែរជាត្រូវបានប្រកាសថាទទួលឈាមពីស្ថាប័នមួយនេះ ដោយគ្មានលក្ខណ្ឌទៅវិញ។ តារាម្នាក់ៗមិនត្រឹមតែទទួលបានឈាមសម្រាប់តម្រូវការខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានសម្រាប់សមាជិកគ្រួសាររៀងខ្លួន នៅពេលសមាជិកគ្រួសារ មានតម្រូវការឈាមផងដែរ។
លោក អ៊ឹង រតនា សកលវិទ្យាធិការរងសកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង បានថ្លែងបញ្ចាក់ថាគ្រឹះស្ថានសិក្សារបស់លោករមែងធ្វើយុទ្ធនាការផ្ដល់ឈាម ជូនដល់អាជ្ញាធរជាតិផ្ដល់ឈាមជារៀងរាល់ឆ្នាំ ដោយក្នុងកិច្ចសហការគឺអាជ្ញាធរជាតិ បានយល់ព្រមអោយឈាមមកសាលាត្រលប់វិញ រាល់និស្សិត ឬគ្រួសារនិស្សិត និងថ្នាក់ដឹកនាំមានតម្រូវការចំាបាច់។ ជាបទពិសោធន៍លោកថាអាជ្ញាធរជាតិផ្ដល់ឈាមទទួលបានឈាមពីសាលាភូមិន្ទកសិកម្មចំការដូងជាង៣០០កំប្លោកជារៀងរាល់ឆ្នាំ ដោយខាងសាលាក៏ទទួលបានមកវិញរង្វង់ពី៣០កំប្លោកទៅច្រើនជាងនេះ ផ្អែកតាមបុគ្គលិក និស្សិត និងគ្រួសាររបស់និស្សិតមានគ្រោះថ្នាក់ ហើយត្រូវការឈាម។ សម្រាប់ឆ្នាំនេះ ដោយសារតែមានតារាសិល្បៈរហូតដល់ជាង៣០នាក់ បានជួយរាំច្រៀង និងកំប្លែង បំផុសអោយនិស្សិតកាន់តែមានចលនាបរិច្ចាគឈាម កាលពីថ្ងៃទី៧ កុម្ភៈ ទើបលោកប្រកាសថារាល់សមាជិក របស់តារាសិល្បៈទាំងនោះ មិនថាខ្លួនឯង និងក្រុមគ្រួសារ អោយតែមានតម្រូវការឈាម គឺទាក់ទងមកសាលាតាមរយៈស្ថាបនិករបស់គ្រួសារតារាកម្ពុជា ខាងសាលានឹងអន្តរាគមយកឈាម អោយដល់បន្ទប់សង្គ្រោះបន្ទាន់តែម្ដង ដោយធានាថាមិនអោយតារាណាម្នាក់ ដែលបានចូលជួយខកចិត្តនោះឡើយ។ លោកនិយាយថា«ខ្ញុំសូមប្រកាសថាសមាជិកនិស្សិត សមាជិកតារាសិល្បៈដែលបានជួយដល់សាលា ឬសាមីខ្លួនឯងដោយផ្ទាល់ អោយតែមានតម្រូវការឈាម គឺខាងសាលាធានាយកឈាមពីអាជ្ញាធរជាតិ ផ្ដល់ឈាមទៅអោយដល់បន្ទប់ សង្គ្រោះបន្ទាន់តែម្ដង ដោយអត់ចាំបាច់មានឈាមទៅដោះដូរអ្វីទាំងអស់ នេះជាអ្វីដែលសាលាធានា នឹងផ្ដល់ជូនវិញ!»។ លោកថាសាលា និងអាជ្ញាធរជាតិផ្ដល់ឈាមមានកិច្ចព្រមព្រៀងលើករណីនេះច្បាស់លាស់ ទើបក្នុងមួយឆ្នាំៗសាលាសម្រេចចំណាយរៀបចំកម្មវិធីមួយចំនួន ដើម្បីអោយមានចលនាបរិច្ចាគឈាមពីសំណាក់និស្សិត ដែលបានសិក្សា។ លោកធានាថាអ្វីដែលខ្លួន សន្យានឹងមានប្រសិទ្ធិភាព ដោយសារតែតារាដែល បានចូលរួមសុទ្ធតែមានឈ្មោះ និងរូបថតដាក់តាំងបង្ហាញពីយុទ្ធនាការ របស់លាលា ហើយបើមានការភ្លេចភ្លាំង គឺស្ថាបនិកគ្រួសារតារាកម្ពុជា ដែលទទួលខុសត្រូវជាអ្នកចងចាំ។
តារាទាំងជាង៣០រូប បានបង្ហាញនូវការសាទរយ៉ាងខ្លាំងចំពោះការប្រកាសនេះ បន្ទាប់ពីការរាំច្រៀង និងសម្ដែងកំប្លែងយ៉ាងនឿយហត់របស់ពួកគេ ក៏ទទួលបាននូវប័ណ្ណសរសើរជាការតបស្នងមកវិញ។ តារាទាំងអស់បានប្រកាសយ៉ាងមុតមាំថា ពួកគេនឹងបន្តជួយដល់សាលាប្រសិនបើការសន្យានឹងមានប្រសិទ្ធិភាព នៅពេលតម្រូវការឈាមត្រូវបានស្នើឡើង៕



















































មតិយោបល់